ធ្វើខ្លួនជាអ្នកអ៊ីស្លាមជ្រុលនិយម ជីហាត ចូលជួយធ្វើសង្គ្រាមនៅប្រទេសស៊ីរី មានការវិវឌ្ឍន៍យ៉ាងខ្លាំងនារយៈពេល៦ខែចុងក្រោយ ជាហេតុធ្វើឱ្យអាជ្ញាធរបារាំងព្រួយបារម្ភយ៉ាងខ្លាំង។ កាលពីចុងសប្តាហ៍កន្លងទៅនេះ យុវជនបារាំងពីរនាក់ អាយុទើប ១៥ និង១៦ឆ្នាំនៅឡើយ ដែលបានលង់ខ្លួនទៅតាមក្រុមជីហាតនៅស៊ីរី ទើបត្រូវបានរកឃើញនៅ តួកគី នាំត្រលប់មកផ្ទះវិញ។ ថ្វីបើគេប៉ាន់ស្មានថាមាន
ជនជាតិបារាំងប្រមាណ ២៥០នាក់កំពុងកាន់កាំភ្លើងប្រយុទ្ធនៅស៊ីរី ជាង១៥០នាក់ផ្សេងទៀត ប្រុងជើងចេញទៅដែរ។ បើតាមភ្នាក់ងារស៊ើបការណ៍ មានបណ្តាជនជីហាតបារាំងជាង២០នាក់ហើយបានស្លាប់ នៅស៊ីរី និង៨០នាក់ទំនងជាត្រលប់មកបារាំងវិញ។ ការវិលត្រលប់ដែលអាចជាគ្រោះថ្នាក់សម្រាប់ប្រទេស។ តើអាជ្ញាធរអាចអ្វីបានខ្លះដើម្បីទប់ស្កាត់នឹងបាតុភូតនេះ ?
សង្គ្រាមស៊ីរី បន្តអូសបន្លាយ ឆាបឆេះបំផ្លាញប្រទេសមួយនេះឱ្យលុងក្នុងវិបត្តិ ហើយផលវិបាកនៃសង្គ្រាមនេះ គ្មានព្រំដែនទេ ! ក្នុងរយៈពេល៦ខែចុងក្រោយ បាតុភូតចូលធ្វើសង្គ្រាមជីហាត បានកើនឡើងទ្វេជាបី។ ជាសរុប មានយុវជនអឺរ៉ុប មិនតិចជាង២ពាន់នាក់ ក្នុងនោះ៧០០នាក់ជាជនជាតិបារាំង បានស្ម័គ្រចិត្តចូលធ្វើសង្គ្រាមប្រឆាំងនឹងរបប លោក បាស្ហារ អាល់អាសាត ដោយបញ្ជូលខ្លួនទៅក្នុងក្រុមអ៊ីស្លាមជុ្រលនិយមជីហាតផ្សេងៗគ្នា
អ្នកដឹកនាំអឺរ៉ុប មានការតក់ស្លុតយ៉ាងខ្លាំងនឹងបាតុភូតនេះ ជាពិសេសនៅពេលដែលដឹងថាគឺភ្នាក់ងារស៊ើបការណ៍សំងាត់រុស្ស៊ីជាអ្នកស៊ើបចេញ បានទទួលព័ត៌មានមុនគេ ហើយងាកមកប្រាប់ដល់អឺរ៉ុបក្រុមបស្ចឹមលោកវិញ។ ប្រទេសដែលមានយុវជនចូលបំរើជីហាតច្រើនជាងគេ មានជាអាទិ៍អង់គ្លេស (រាប់រយនាក់) អាល្លឺម៉ង់ (២៧០នាក់បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់) ហូឡង់ អ៊ីតាលី អេស្ប៉ាញ ស៊ុយអែត ដាណឺម៉ាក បែលហ្សិក (២៥០នាក់)។
នៅប្រទេសបារាំង ក្នុងចំនោម៧០០នាក់ មានជាប់ពាក់ព័ន្ធនឹងសង្គ្រាមជីហាតនេះ គេសង្កេតឃើញមានការកើនឡើងចំនួនយុវជនមិនទាន់ពេញវ័យ ១៨ឆ្នាំ។ បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ២៥០នាក់ ជាជនជាតិបារាំង ឬជាជនបរទេសស្នាក់នៅបារាំង កំពុងប្រយុទ្ធនៅស៊ីរី និងជាងមួយរយនាក់ផ្សេងទៀត កំពុងរង់ចាំរកផ្លូវទៅ ១៥០នាក់មានចេតនាចង់ចូលរួម។
បើតាម ការសង្កេត ក្រុមយុវជនឈាមរាវទាំងអស់នេះ សុទ្ធសឹងតែស្ថិតក្នុងគ្រួសារមានជីវភាពលំបាកលំបិន ស្ថិតក្នុងរង្វង់គ្រួសារអ៊ីស្លាមនិយមជ្រុល។ មានអាយុជាចន្លោះ ពី ២០ទៅ៣៥ឆ្នាំ ដាច់ខាតមិនខ្លាចស្លាប់។ ក្រុមទាក់ក្មេងៗ ដែលមានបណ្តាញខ្វាត់ខ្វែង និងមានផែនការច្បាស់លាស់ រៀបចំធ្វើយ៉ាងណាឱ្យមានការឆ្លងកាត់ពីព្រំដែនមួយទៅព្រំដែនមួយ មុនចូលដល់ទឹកដីស៊ីរី។ ជាញឹកញយ ច្រើនឆ្លងកាត់តាមប្រទេសតួកគី។
ក្រុមយុវជននេះ ភាគច្រើនត្រូវបានយកបណ្តុះបណ្តាលនៅក្នុងរណសិរ្សAl-Nosra ស្និទ្ធនឹងបណ្តាញអាល់កៃដា ដែលត្រូវបានអង្គការសហប្រជាជាតិចាត់ទុកជាងអង្គការភេរវនិយម។ កាលក្នុងសង្គ្រាមនៅអាហ្វហ្កានិស្ថាន ប្រទេសនេះបានទាក់ទាញយុទ្ធជនបរទេសរហូតដល់ទៅជាងបួនពាន់នាក់។
ប៉ុន្តែអ្វីដែលច្បាស់គឺគ្រោះថ្នាក់នាថ្ងៃអនាគត ក្រោយពីក្រុមនេះត្រលប់ចូលស្រុកវិញ។ ថ្វីបើមានចំនួនតិចតួចបំផុតអាចត្រលប់មកប្រទេសកំណើត អឺរ៉ុបឬសហរដ្ឋអាមេរិកបាន យុទ្ធជនឆ្លងកាត់សង្គ្រាមទាំងនេះ ក្លាយជាមនុស្សដាច់ខាត មិនខ្លាចស្លាប់នឹងបញ្ចេញកំហឹង ឬធ្វើអាក្រក់ដាក់លោកខាងលិចទេ ដូចជាការគំរាមកំហែងតាមអ៊ីនធឺណែត ចង់បំផ្លាញអឺរ៉ុប ជាភស្តុតាង។ ចំណែកសហរដ្ឋអាមេរិកវិញ ក៏គិតថាជាទិសដៅវាយប្រហាររបស់ពួកជីហាតនេះដែរ ហើយព្រួយបារម្ភជាពិសេសចំពោះក្រុមយុវជីហាតទើបទៅរៀនធ្វើភេរវកម្ម ព្រោះពួកនេះច្រើនមានសញ្ជាតិពីរ កាន់លិខិតឆ្លងដែនពីរ អាចដើរហើរទៅណាមកណា ដោយសេរី និងដោយស្របច្បាប់ តែអាចមានសមត្ថភាពបង្កភេរវកម្មបានដោយធ្វើឱ្យមានការផ្ទុះរំសេវជាដើម។ ទោះមានមនុស្សតិចគ្នាអាចរៀនសម្រេចការបានមែន ប៉ុន្តែគ្នាតិចនោះ ម្នាក់ក៏ដោយ ពីរនាក់ក៏ដោយ គឺគ្រប់គ្រាន់នឹងបង្កវិនាសកម្មទ្រង់ទ្រាយធំបាន។
ទាំងអឺរ៉ុប ទាំងអាមេរិក ខ្វាយខ្វល់នឹងបញ្ហានេះខ្លាំងណាស់ ព្រោះប្រសិនបើចង់ធ្វើសកម្មភាពឱ្យមានប្រសិទ្ធិភាព ត្រូវតែរំលោភលើមូលដ្ឋានគ្រឹះនៃសេរីភាព ដូចជាសេរីភាពក្នុងការដើរហើរដោយសេរី ឬត្រូវចាត់វិធានការដែលមិនអាចទទួលយកបាន គឺតាមដានក្រុមអ្នកផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធឺណែត ឬត្រូវបង្កើតសំណុំឯកសារអ្នកធ្វើដំណើរ ... ចំណែកក្រុមគ្រួសារវិញ គ្មានអ្វីក្រៅពីអង្គុយរង់ចាំមើលជោគវាសនាកូន ដែលពេលខ្លះបានទទួលត្រឹមសារ តាមទូរស័ព្ទ ថាកូនស្លាប់ តែមិនដឹងនៅទីណា ពេលណា ឬដោយយ៉ាងណាទេ។ ចំពោះសង្គម ការផ្សងព្រេងបែបជ្រុលនិយមនេះ បញ្ជាក់យ៉ាងច្បាស់អំពីភាពកាន់តែសាំញាំឡើងនៃលក្ខខណ្ឌសង្គមពហុវប្បធម៌៕