Pages

Saturday, February 1, 2014

ពី​ជំនួប​កំពូល​អាស៊ាន​បូក​៣ ទៅ​ជំនួប​កំពូល​អាស៊ី​បូព៌ា​

 ជំនួបកំពូលអាស៊ីបូព៌ាលើកទី៧នៅភ្នំពេញខែវិច្ឆិកាឆ្នាំ២០១២
ដោយ តាន់ ហ្សង់-ហ្វ្រង់ស័រ
ថ្ងៃ​នេះ​ ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​លើក​ឡើង​អំពី​ភូមិសាស្រ្ត​នយោបាយ​នៃ​អាស៊ី
​អាគ្នេយ៍​ត​ទៅ​ទៀត ដោយ​សូម​បន្ត​និយាយ​បក​ស្រាយ​ត្រួសៗពី​ប្រវត្តិ​នៃ​ការ​កសាង​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន។ ក្រោយ​ពី​បាន​និយាយ​រៀបរាប់​កាល​ពី​សប្តាហ៍​មុន ពី​ការ​ដើរ​មក​ដល់​ទីដៅ​នៃ​ឯកភាព​របស់​អាស៊ាន និង​ពី​ការ​បង្កើត​
អាស៊ាន​​បូក៣​រួច​មក ក្នុង​សប្តាហ៍​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​អំពី​ការ​បង្កើត​ជំនួប​កំពូល​អាស៊ី​បូព៌ា​នៅ​ក្នុង​ជំនួប​កំពូល​អាស៊ាន។
ទោះ​បី​ជា​អាស៊ាន​បូក​៣ គឺ​បូក​ចិន​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ​១៩៩៨​រួច​ហើយ​ក្តី ក៏​ចិន​និង​ជប៉ុន​នៅ​បន្ត​ប្រជែង​ជើង​គ្នា លើក​នេះ​នៅ​លើ​វេទិកា​អាស៊ាន​តែ​ម្តង។

ដូច្នេះ​ហើយ បាន​ជា​សមាជិក​អាស៊ាន​ខ្លះ​រួម​មាន​ជា​អាទិ៍​សិង្ហបុរី​និង​ឥណ្ឌូណេស៊ី​ជា​ដើម​ផ្តើម​បារម្ភ បារម្ភ​ពី​ឥទ្ធិពល​ខ្លាំង​ហួសហេតុ​របស់​ចិន​នៅ​ក្នុង​ជំនួប​កំពូល​អាស៊ាន​បូក​៣។ បន្តិច​ម្តង​ៗ សិង្ហបុរី​និង​ឥណ្ឌូណេស៊ី​ជំរុញ​និង​គាំទ្រ​ដោយ​ជប៉ុន ចង់​ឃើញ​អាស៊ាន​បើក​ទ្វារ​ទទួល​ដៃគូ​ដទៃ​ផ្សេង ដូច​ជា​ឥណ្ឌា​ដែល​ជា​មហា​អំណាច​អាស៊ី​ខាង​ត្បូង​ជា​ដើម។

ទន្ទឹម​នេះ ចិន​ចង់​ឱ្យ​មាន​ជំនួប​កំពូល​អន្តររដ្ឋាភិបាល​មួយ​រវាង​តែ​អាស៊ាន​និង​បណ្តា​ប្រទេស​អាស៊ី​សុទ្ធ​សាធ។ រីឯ​ជប៉ុន​វិញ​ចង់​ឱ្យ​មាន​ការ​ចូល​រួម​ពី​សំណាក់​ប្រទេស​ផ្សេង​ដែល​មិន​មែន​ជា​អាស៊ី ដូច​ជា​អូស្រ្តាលី នូវែលសេឡង់ និង​អាមេរិក​ទៀត​ផង។ គោលដៅ គឺ​រក្សា​តុល្យភាព​នៅ​អាស៊ី​អាគ្នេយ៍​និង​នៅ​លើ​វេទិកា​អាស៊ាន កុំ​ឲ្យ​ចិន​មាន​ប្រៀប​ខ្លាំង​ពេក។

នៅ​ទី​បំផុត ការ​ចរចា​និង​ការ​ប្រទាញ​ប្រទង់​គ្នា​ខ្លះ​ផង​នៅ​លើ​វេទិកា​ជំនួប​កំពូល​អាស៊ាន​បូក​៣ បានផ្តល់​ចេញ​ជា​លទ្ធផល​ដូច​អ្វី​ដែល​ជប៉ុន​ប្រាថ្នា​ចង់​បាន លទ្ធផល​ដែល​ស្តែង​ចេញ​តាម​រយៈ​ជំនួប​កំពូល​អាស៊ី​បូព៌ា​លើក​ទី​មួយ​បង្អស់ នៅ​ខែ​ធ្នូ​ឆ្នាំ​២០០៥​នៅ​ប្រទេស​ម៉ាឡេស៊ី។ ចូល​រួម​ក្នុង​ជំនួប​កំពូល​អាស៊ី​បូព៌ា​លើក​ទី​មួយ​បង្អស់​នោះ មាន​សមាជិក​អាស៊ានទាំង​១០ ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង ឥណ្ឌា អូស្រ្តាលី និង​នូវែលសេឡង់។

សេចក្តី​ថែ្លង​ការណ៍​រួម ដែល​គេ​ហៅ​ថា​សេចក្តី​ថ្លែង​ការណ៍​Kuala Lumpurថ្ងៃ​ទី​១៤​ធ្នូ​ឆ្នាំ​២០០៥ មាន​បី​ចំណុច​សំខាន់​ៗ។ ទី​មួយ បណ្តា​ប្រទេស​ហត្ថលេខី​ទាំង​១៦ ប្តេជ្ញា​ចិត្ត​ធ្វើ​ឱ្យ​ជំនួប​កំពូល​អន្តរ​រដ្ឋាភិបាល​អាស៊ី​បូព៌ា​នេះ​ក្លាយ​ជាទី​សន្ទនា​នៃ​បញ្ហា​យុទ្ធសាស្រ្ត សន្តិសុខ នយោបាយ និង​សេដ្ឋកិច្ច។ ទីពីរ ជំនួប​កំពូល​អន្តរ​រដ្ឋាភិបាល​អាស៊ី​បូព៌ា​ជា​បន្ត​បន្ទាប់ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​រៀង​រាល់ឆ្នាំ​នៅ​ក្នុង​ជំនួប​កំពូល​អាស៊ាន​តែ​ម្តង ហើយ​នឹង​ត្រូវ​រៀប​ចំ​ដឹក​នាំ​ដោយ​ប្រទេស​ប្រធាន​ផ្លាស់​វេន​របស់​អាស៊ាន។ ទី​បី ជំនួប​កំពូល​អាស៊ី​បូព៌ា​ត្រូវ​តែ​ជួយ​ពង្រឹង​ការ​កសាង​អាស៊ាន និង​ត្រូវ​តែ​ជួយ​ជំរុញ​ការ​ធ្វើ​សមាហរ័ណកម្ម​នៃ​តំបន់​អាស៊ី​បូព៌ា​ទាំង​មូល។

តើ​សមាហរ័ណកម្ម​នៃ​តំបន់​អាស៊ី​បូព៌ា​ទាំង​មូល​មាន​ន័យ​ថា​ជា​ការ​បង្កើត​ឡើង​នូវ​សហគមន៍​អាស៊ី​បូព៌ា​មួយ​ដែរ​ឬ​ទេ​នៅ​ទី​បំផុត?

ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ថ្នាក់​ដឹក​នាំ​នៃ​ជំនួប​កំពូល​អាស៊ី​បូព៌ា​បាន​ជជែក​ពិភាក្សា​គ្នា​យ៉ាង​សកម្ម​អំពី​លទ្ធភាព​នៃ​ការ​បង្កើត​ឡើង​នូវ​សហគមន៍​អាស៊ី​បូព៌ា​មួយ ដោយយក​គំរូ​តាម​សហភាព​អឺរ៉ុប។ ក៏​ប៉ុន្តែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គោល​គំនិត​ដ៏​ល្អ​មួយ​នេះ ដូច​ជា​នៅ​ទ័លច្រក​មួយ​កន្លែង មិន​ទៅ​មុខ​ទាល់​តែ​សោះ ដោយហេតុ​តែ​ប្រយោជន៍​ខ្វែង​គ្នា​ខ្លាំង​រវាង​បណ្តា​ប្រទេស​អាស៊ី​ធំៗ ជាពិសេស​រវាង​ចិន​និង​ជប៉ុន និង​ប្រយោជន៍​ខ្វែង​គ្នា​ខ្លាំង​រវាង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន។

នៅ​ក្នុង​ស្មារតី​របស់​ជប៉ុន សហគមន៍​នេះ​ដែល​ត្រូវ​យក​គំរូ​តាម​សហភាព​អឺរ៉ុប គួរតែ​ច្របាច់​បញ្ចូល​គ្នា​សមាជិក​អាស៊ាន​ទាំង​ដប់ ជប៉ុន ចិន កូរ៉េខាងត្បូង ឥណ្ឌា អូស្រ្តាលី និង​នូវែល​ហ្សេឡង់ ឲ្យ​នៅ​ក្រោម​ដំបូល​តែ​មួយ ដំបូល​សេដ្ឋកិច្ច​ជា​បឋម និង​ក្រោយ​មក​ទៀត​នយោបាយ។ ហើយ​បើ​ធ្វើ​ទៅ​បាន ជប៉ុន​ក៏​ចង់​បន្ថែម​ទាំង​សហរដ្ឋអាមេរិក​មួយ​ទៀត​ដែរ​នៅ​ចុង​ក្រោយ​បង្អស់។

អ្វី​ដែល​ធ្វើឱ្យការ​បង្កើតសហគមន៍​អាស៊ី​បូព៌ា​រឹងរឹត​តែ​មាន​លក្ខណៈ​ស្មុគស្មាញ គឺ​សូម្បី​តែ​ប្រទេស​អូស្រ្តាលី​ក៏​មាន​គំនិត​មួយ​ដែរ នោះ​គឺ​សមាហរណកម្ម​មួយ​ដ៏​ធំ​ទូលំ​ទូលាយ​
ដែល​នឹង​គ្រប​ដាក់​ក្រោម​ដំបូល​តែ​មួយ បណ្តា​ប្រទេស​អាស៊ី​និង​បណ្តា​ប្រទេស​ប៉ាស៊ីហ្វិក ជា​ពិសេស​សហរដ្ឋអាមេរិក​តែ​ម្តង ដោយ​មិន​កំណត់​ជា​មុន និង​មិន​កំណត់​ត​ទៅ​អានាគត ចំនួន​ប្រទេស​សមាជិកទេ។

ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ ចិន​មិន​ព្រម។ បើ​បង្កើត​សហគមន៍​អាស៊ី​បូព៌ា ចិន​ចង់​ប្រមូល​យក​តែ​បណ្តា​ប្រទេស​អាស៊ី​សុទ្ធសាធ ហើយ​មិន​ចង់​ឱ្យ​មាន​ឥណ្ឌា​ទៅ​ទៀត។ មូលហេតុ គឺ​មក​ពី​ចិន​បារម្ភ​ក្រែងតទៅ​ថ្ងៃ​មុខ ​អូស្ត្រាលី​ដែល​ស្និទ្ធ​នឹង​សហរដ្ឋអាមេរិក មាន​លទ្ធភាព​លួច​បើក​បង្អួច​ឲ្យ​ឥទិ្ធពល​អាមេរិកាំង​ហូរ​ចូល​មក​ក្នុង​អនាគត​សហគមន៍​អាស៊ី​បូព៌ា​បាន។

ម៉្លោះ​ហើយ សម្រេច​សម្រួច​ទៅ ក្នុង​ខណៈ​នេះ ជំនួប​កំពូល​អាស៊ី​បូព៌ា​នៅ​តែ​ជា​ជំនួប​កំពូល​អាស៊ី​បូព៌ា​ដែល​ជា​កិច្ច​ប្រជុំ​អន្តរ​រដ្ឋាភិបាល។ មិន​ទាន់​អាច​មាន​ទៅ​កើត​ទេ​សហគមន៍​អាស៊ី​បូព៌ា​ស្អី​គេ​នេះ ឬ​សហគមន៍​អាស៊ី​ប៉ាស៊ីហ្វិក​ស្អី​គេ​នោះ។

ដោយ​ឡែក ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជំនួប​កំពូល​អាស៊ាន​បាន​និង​កំពុង​បន្ត​ក្លាយ​ទៅ​ជា​វេទិកា​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​មោះមុត​រវាង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន រវាង​សមាជិក​អាស៊ាន​មួយ​ចំនួន​និង​ចិន និង​រវាង​មហា​អំណាច​ធំៗ​ដែល​បាន​ចូល​មក​កៀក​ជិត​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ តាម​រយៈ​ជំនួប​កំពូល​អាស៊ី​បូព៌ា។ មាន​មូលហេតុ​ធំៗ​ពីរ​យ៉ាង​ដែល​ជា​ប្រភព​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ។ ម្យ៉ាង គឺ​មក​ពី​មហិច្ឆតា​ស្រេក​ឃ្លាន​ទឹក​ដី​កាន់​តែ​ធំ​របស់​ចិន នៅ​ក្នុង​តំបន់ ជាពិសេស​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​
ត្បូង។ ម្យ៉ាង​ទៀត គឺ​មក​ពី​សហរដ្ឋអាមេរិក​បាន​ក្លាយ​ជា​សមាជិក​នៃ​ជំនួប​កំពូល​អាស៊ី
បូព៌ា​នៅ​ឆ្នាំ​២០១១។