សង្គ្រាម​ស៊ីរី ៖ យុវវជន​អឺរ៉ុប​កាន់​តែ​ក្មេង​ឡើងៗ​លង់​ខ្លួន​ក្នុង​សង្គ្រាម​ជីហាត



រូបភាព​វីដេអូ​ទាហាន​អ៊ីស្លាម​ជ្រុល​និយម​ជីហាត​នៅ​ក្នុង​ជំរំ​ហ្វឹកហ្វឺន​ប្រទេស​ប៉ាគីស្ថាន
ដោយ អៀង សុខម៉ិញ
​ធ្វើ​ខ្លួន​ជា​អ្នក​អ៊ីស្លាមជ្រុល​និយម​ ជីហាត ចូល​ជួយ​ធ្វើ​សង្គ្រាម​នៅប្រទេស​ស៊ីរី មាន​ការ​វិវឌ្ឍន៍​យ៉ាងខ្លាំង​នារយៈពេល​៦​ខែ​ចុង​ក្រោយ ជា​ហេតុធ្វើ​ឱ្យ​អាជ្ញាធរ​បារាំង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ កាលពីចុង​សប្តាហ៍​កន្លង​ទៅ​នេះ យុវជន​បារាំង​ពីរ​នាក់ អាយុ​ទើប ១៥​ និង​១៦​ឆ្នាំ​នៅឡើយ ដែល​បាន​លង់​ខ្លួន​ទៅ​តាម​ក្រុម​ជីហាត​នៅ​ស៊ីរី ទើប​ត្រូវ​បាន​រក​ឃើញនៅ តួកគី នាំត្រលប់​មក​ផ្ទះ​វិញ។ ថ្វីបើ​គេ​ប៉ាន់​ស្មាន​ថា​មាន​
ជនជាតិ​បារាំង​​ប្រមាណ ២៥០​នាក់​កំពុង​កាន់​កាំភ្លើង​ប្រយុទ្ធ​នៅ​ស៊ីរី ជាង​១៥០​នាក់​ផ្សេង​ទៀត ប្រុង​ជើង​ចេញ​ទៅដែរ។ បើ​តាម​ភ្នាក់ងារ​ស៊ើបការណ៍​ មាន​បណ្តា​ជន​ជីហាត​បារាំង​ជាង​២០​នាក់​ហើយ​បាន​ស្លាប់ នៅស៊ីរី និង​៨០​នាក់​ទំនង​ជា​ត្រលប់​មក​បារាំងវិញ។ ​ការ​វិល​ត្រលប់​ដែល​អាច​ជា​គ្រោះ​ថ្នាក់​សម្រាប់​ប្រទេស​។ តើ​អាជ្ញាធរ​អាច​អ្វី​បាន​ខ្លះ​ដើម្បី​ទប់​ស្កាត់​នឹង​បាតុភូត​នេះ ?

សង្គ្រាម​ស៊ីរី​ បន្ត​អូស​បន្លាយ ឆាប​ឆេះ​បំផ្លាញ​ប្រទេស​មួយ​នេះ​ឱ្យ​លុង​ក្នុង​វិបត្តិ ហើយ​ផលវិបាក​នៃ​សង្គ្រាម​នេះ គ្មាន​ព្រំដែន​ទេ ! ក្នុង​រយៈពេល​៦​ខែ​ចុងក្រោយ​ បាតុភូត​ចូល​ធ្វើ​សង្គ្រាម​ជីហាត​ បាន​កើន​ឡើង​ទ្វេ​ជា​បី។ ជា​សរុប មាន​យុវជន​អឺរ៉ុប មិន​តិច​ជាង​២ពាន់​នាក់ ក្នុង​នោះ​៧០០​នាក់​ជាជន​ជាតិ​បារាំង​ បាន​ស្ម័គ្រ​ចិត្ត​ចូល​ធ្វើ​សង្គ្រាម​ប្រឆាំងនឹង​របប លោក បាស្ហារ អាល់អាសាត ដោយ​បញ្ជូល​ខ្លួន​ទៅ​ក្នុង​ក្រុម​អ៊ីស្លាម​ជុ្រលនិយម​​ជីហាតផ្សេងៗ​គ្នា

អ្នក​ដឹកនាំ​អឺរ៉ុប មាន​ការ​តក់​ស្លុត​យ៉ាង​ខ្លាំង​នឹង​បាតុភូត​នេះ ជាពិសេស​នៅ​ពេល​ដែល​ដឹង​ថា​គឺ​ភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​រុស្ស៊ី​ជា​អ្នក​ស៊ើប​ចេញ​ បាន​ទទួល​ព័ត៌មាន​មុន​គេ ហើយ​ងាក​មក​ប្រាប់​​​ដល់​អឺរ៉ុប​ក្រុម​បស្ចឹម​លោក​វិញ។ ​ប្រទេស​ដែល​មាន​យុវជន​ចូល​បំរើ​ជីហាត​ច្រើន​ជាងគេ មាន​ជាអាទិ៍​អង់គ្លេស (រាប់រយ​នាក់) អាល្លឺម៉ង់ (២៧០នាក់​បើតាម​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​អាល្លឺម៉ង់) ហូឡង់ អ៊ីតាលី អេស្ប៉ាញ ស៊ុយអែត ដាណឺម៉ាក បែលហ្សិក (២៥០នាក់)​។

នៅ​ប្រទេស​​​បារាំង​ ក្នុង​ចំនោម​​​៧០០​នាក់ មាន​ជាប់​ពាក់ព័ន្ធ​នឹង​សង្គ្រាម​ជីហាត​​នេះ គេ​សង្កេត​ឃើញ​មាន​ការ​កើន​ឡើង​​ចំនួន​យុវជន​មិន​ទាន់​ពេញ​វ័យ​ ១៨ឆ្នាំ។ បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ២៥០​នាក់ ជាជនជាតិ​បារាំង ឬ​ជាជន​បរទេស​ស្នាក់​នៅ​បារាំង កំពុង​ប្រយុទ្ធ​នៅស៊ីរី និង​ជាង​មួយ​រយ​​នាក់​ផ្សេងទៀត​ កំពុង​រង់​ចាំ​រក​ផ្លូវ​ទៅ ១៥០​នាក់​មាន​ចេតនា​ចង់ចូល​រួម។

​បើ​តាម​ ​ការ​សង្កេត​ ​ក្រុមយុវជន​ឈាម​រាវ​ទាំ​ងអស់​នេះ សុទ្ធ​សឹង​តែ​ស្ថិត​ក្នុង​គ្រួសារ​មាន​ជីវភាព​លំបាក​លំបិន ស្ថិត​ក្នុង​រង្វង់​គ្រួសារ​អ៊ីស្លាម​និយម​​ជ្រុល​។ មាន​អាយុ​ជា​ចន្លោះ ​ពី​ ២០​ទៅ​៣៥​ឆ្នាំ ដាច់​ខាត​មិន​ខ្លាច​ស្លាប់។ ក្រុមទាក់​ក្មេងៗ ដែល​​​មាន​បណ្តាញ​ខ្វាត់​ខ្វែង និង​​មាន​ផែនការ​ច្បាស់​លាស់​ រៀប​ចំ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​ឆ្លង​កាត់​ពីព្រំ​ដែន​មួយ​ទៅ​ព្រំ​ដែន​មួយ មុន​ចូល​ដល់​ទឹក​ដី​ស៊ីរី។ ជា​ញឹកញយ ច្រើន​ឆ្លង​កាត់​តាម​ប្រទេស​តួកគី។

ក្រុម​យុវជន​នេះ ភាគច្រើន​ត្រូវ​បាន​យក​បណ្តុះ​បណ្តាល​នៅក្នុង​រណសិរ្ស​Al-Nosra ស្និទ្ធ​នឹង​បណ្តាញ​​​អាល់កៃដា ដែល​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​ជាង​អង្គការ​ភេរវនិយម។ កាល​​ក្នុង​​សង្គ្រាម​នៅ​អាហ្វហ្កានិស្ថាន ប្រទេស​នេះ​បាន​ទាក់ទាញ​យុទ្ធជន​បរទេស​រហូត​ដល់​ទៅ​ជាង​បួន​ពាន់នាក់។

ប៉ុន្តែ​អ្វីដែល​ច្បាស់គឺ​គ្រោះ​ថ្នាក់​នា​ថ្ងៃអនាគត ​ក្រោយ​ពី​ក្រុម​នេះ​ត្រលប់​ចូល​ស្រុកវិញ។ ​ថ្វី​បើ​មាន​ចំនួន​តិចតួច​បំផុត​អាច​ត្រលប់​មក​ប្រទេស​កំណើត​ អឺរ៉ុប​ឬ​សហរដ្ឋ​អាមេរិកបាន យុទ្ធជន​ឆ្លងកាត់​សង្គ្រាម​ទាំង​នេះ ក្លាយ​ជា​មនុស្ស​ដាច់ខាត មិន​ខ្លាច​ស្លាប់​​នឹង​បញ្ចេញ​កំហឹង​ ឬ​ធ្វើ​អាក្រក់​ដាក់​លោក​ខាង​លិច​ទេ ដូច​ជាការគំរាម​កំហែងតាម​អ៊ីនធឺណែត​ ចង់​បំផ្លាញ​អឺរ៉ុប​ ជា​ភស្តុតាង។ ចំណែក​សហរដ្ឋ​អាមេរិក​វិញ​ ក៏គិត​ថា​ជា​ទិសដៅ​វាយ​ប្រហារ​របស់​ពួក​ជីហាត​នេះ​ដែរ​ ហើយ​ព្រួយ​បារម្ភ​ជាពិសេស​ចំពោះ​ក្រុម​យុវជីហាត​ទើប​ទៅ​រៀន​​​​ធ្វើ​ភេរវកម្ម​ ព្រោះ​ពួក​នេះ​ច្រើន​មាន​សញ្ជាតិ​ពីរ កាន់​លិខិត​ឆ្លង​ដែន​ពីរ អាច​ដើរ​ហើរ​ទៅ​ណា​មក​ណា ដោយ​សេរី និង​ដោយ​ស្រប​ច្បាប់​ តែ​អាច​មាន​សមត្ថភាព​បង្ក​ភេរវកម្ម​បាន​ដោយ​ធ្វើ​ឱ្យ​មាន​ការ​ផ្ទុះ​រំសេវជាដើម។ ទោះ​​មាន​មនុស្ស​តិច​គ្នា​អាចរៀន​​សម្រេច​ការ​បាន​មែន ប៉ុន្តែ​គ្នា​តិច​នោះ ​ម្នាក់ក៏ដោយ​ ពីរ​នាក់​ក៏ដោយ គឺ​​គ្រប់គ្រាន់​នឹង​បង្ក​វិនាស​កម្ម​ទ្រង់ទ្រាយ​ធំ​បាន។

ទាំង​អឺរ៉ុប ទាំង​អាមេរិក ខ្វាយ​ខ្វល់​នឹង​បញ្ហា​នេះ​ខ្លាំងណាស់ ព្រោះ​ប្រសិន​បើ​ចង់​ធ្វើ​សកម្មភាព​ឱ្យ​មាន​ប្រសិទ្ធិភាព​ ត្រូវ​តែ​រំលោភ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​សេរីភាព​ ដូច​ជា​សេរីភាព​ក្នុង​ការ​ដើរ​ហើរ​ដោយ​សេរី ឬ​ត្រូវ​ចាត់​វិធានការ​ដែល​មិន​អាច​ទទួល​យកបាន គឺ​តាម​ដាន​ក្រុម​អ្នក​ផ្គត់ផ្គង់​ប្រព័ន្ធ​អ៊ីនធឺណែត​ ឬ​ត្រូវ​បង្កើត​សំណុំ​ឯកសារ​អ្នកធ្វើ​ដំណើរ​ ... ចំណែក​ក្រុម​​គ្រួសារវិញ​​ គ្មាន​អ្វី​ក្រៅពី​អង្គុយ​រង់ចាំ​មើល​ជោគវាសនា​កូន ដែល​ពេល​ខ្លះ​បាន​ទទួល​ត្រឹម​សារ​ តាម​ទូរស័ព្ទ ថា​កូន​ស្លាប់ តែ​មិន​ដឹង​នៅទីណា ពេល​ណា​ ឬ​ដោយ​យ៉ាង​ណាទេ។ ចំពោះ​សង្គម​ ការផ្សង​ព្រេង​បែប​ជ្រុល​និយម​នេះ​ បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ភាព​កាន់​តែ​សាំញាំ​ឡើង​នៃ​លក្ខខណ្ឌ​សង្គម​ពហុវប្បធម៌៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors