នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤នេះ បារាំង និងចិន បានអបអរខួប ៥០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ដោយមានការរៀបចំពិធីដ៏អ៊ឹកអធឹកជាច្រើន ទាំងនៅក្នុងទីក្រុងប៉េកាំង និងនៅប៉ារីស។ កាលពី៥០ឆ្នាំមុន បារាំងបានភ្ជាប់ទំនាក់ទំនងជាមួយចិនកុម្មុយនិស្ត នៅក្នុងពេលដែល
ប៉េកាំងមិនសូវជាមានអ្នកណារាប់រក។ តើ៥០ឆ្នាំក្រោយមក ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះបានដើរដល់ដំណាក់កាលណាហើយ?
កាលពី ៥០ឆ្នាំមុន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៦៤ បារាំង ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ Charles De Gaulle បានក្លាយជាប្រទេសមហាអំណាចលោកខាងលិចដំបូងគេបង្អស់ ដែលបានប្រកាសទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនរបស់ម៉ៅសេទុង។ កាយវិការ ដែលសាធារណមតិបារាំងយល់ថាធ្វើឡើង ក្នុងចក្ខុនិមិត្តវែងឆ្ងាយ ក៏ប៉ុន្តែ ក៏បានធ្វើឲ្យសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់បារាំងផ្ទុះកំហឹងមិនតិចនោះដែរ។
នៅក្នុងឆ្នាំ១៩៦៤នោះ ពិភពលោកទាំងមូលកំពុងស្ថិតនៅក្នុងសង្រ្គាមត្រជាក់ រវាងប្លុកសេរី នាំមុខដោយសហរដ្ឋអាមេរិក និងប្លុកកុម្មុយនិស្ត នាំមុខដោយសហភាពសូវៀត។ នៅពេលនោះ បណ្តាប្រទេសភាគច្រើន ក្នុងប្លុកសេរី ទទួលស្គាល់តែតៃវ៉ាន់ ហើយមិនទទួលស្គាល់រដ្ឋាភិបាលកុម្មុយនិស្តរបស់ម៉ៅសេទុងនោះទេ។ នៅពេលដែលបារាំងសម្រេចភ្ជាប់ទំនាក់ទំនងជាមួយចិនដីគោក នៅឆ្នាំ១៩៦៤ សាធារណរដ្ឋប្រជាមានិតចិនមិនទាំងត្រូវបានទទូលស្គាល់ជាសមាជិករបស់អ.ស.បផង ដោយអាសនៈជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប ត្រូវតៃវ៉ាន់កាន់កាប់រហូតដល់ឆ្នាំ១៩៧១។
បើមើលទៅលើបរិបទនេះ បារាំងគួរតែជាប្រទេសដែលមានបុព្វសិទ្ធិជាមិត្តចាស់ឆ្នាំរបស់ចិន។ បារាំង និងចិនគួរតែមានទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តនឹងគ្នា។ ក៏ប៉ុន្តែ នៅក្នុងភាពពិតជាក់ស្តែង គេឃើញថា ៥០ឆ្នាំក្រោយមក បារាំងគ្រាន់តែជាដៃគូតូចតាចមួយប៉ុណ្ណោះរបស់ចិន បើធៀបនឹងសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត។
តាមក្រឹត្យក្រមធម្មជាតិនៃទំនាក់ទំនងអន្តរជាតិ គេឃើញថា ប្រទេសនីមួយៗតែងតែគិតពីផលប្រយោជន៍ជាតិរបស់ខ្លួនជាធំ។ ប្រទេសមួយចាប់យកប្រទេសណាមួយផ្សេងទៀតធ្វើជាដៃគូយុទ្ធសាស្រ្ត ដោយសំឡឹងទៅលើឥទ្ធិពលខាងផ្នែកនយោបាយ និងកម្លាំងសេដ្ឋកិច្ច។ នៅក្នុងវិស័យអស់ទាំងនេះ បារាំងដើរពីក្រោយសហរដ្ឋអាមេរិក និងប្រទេសមួយចំនួន នៅអឺរ៉ុប ជាពិសេស អាល្លឺម៉ង់។
នៅក្នុងវិស័យសេដ្ឋកិច្ច គេឃើញថា បច្ចុប្បន្ននេះ ចិនចាប់យកអាមេរិកមកធ្វើជាដៃគូពាណិជ្ជកម្មសំខាន់ជាងគេ។ នៅក្នុងតំបន់អឺរ៉ុបវិញ ចិនសំឡឹងទៅឃើញស្ថាប័នអឺរ៉ុបនៅព្រុចស៊ែល និងអាល្លឺម៉ង់។ ក្នុងមួយឆ្នាំៗ ចិនទិញទំនិញពីអាល្លឺម៉ង់ ច្រើនជាងពីបារាំង រហូតដល់ទៅ ៤ដង។
ខាងផ្នែកនយោបាយ និងការទូតវិញ គេឃើញថា ទំនាក់ទំនងបារាំង និងចិន ក៏តែងតែមានការឡើងចុះមិនទៀងទាត់ផងដែរ។ កាលពីឆ្នាំ១៩៩៤ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវជួបនឹងភាពប្រេះឆាយ៉ាងខ្លាំង ដោយសារតែចិនខឹងនឹងបារាំង ដែលលក់គ្រឿងសព្វាវុធទៅឲ្យតៃវ៉ាន់។ កាលពីឆ្នាំ២០០៨ថ្មីៗនេះទៀត បារាំងបានធ្វើឲ្យចិនផ្ទុះកំហឹងយ៉ាងខ្លាំងម្តងទៀត ក្រោយពីលោកនីកូឡា សាកូហ្ស៊ី ប្រធានាធិបតីបារាំង បានទទួលជួបសម្តេចសង្ឃទីបេដាឡៃ ឡាម៉ា។
ចាប់តាំងពីលោកប្រធានាធិបតីហ្វ្រង់ស័រ ហូឡង់ ឡើងកាន់តំណែង កាលពីឆ្នាំ២០១២មក ទំនាក់ទំនង រវាងបារាំង និងចិន បានចាប់ផ្តើមវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ ប្រក្រតីភាពនៃទំនាក់ទំនងចិន-បារាំង ដែលត្រូវបានបញ្ជាក់ឲ្យឃើញ តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកហ្វ្រង់ស័រ ហូឡង់ នៅក្នុងប្រទេសចិន កាលពីខែមេសា ឆ្នាំ២០១៣។ លោកហ្វ្រង់ស័រ ហូឡង់ ដែលជាប្រមុខរដ្ឋលោកខាងលិចដំបូងបង្អស់ ដែលត្រូវបានលោកស៊ី ជីនពីង ទទួលស្វាគមន៍ ចាប់តាំងពីលោកបានឡើងកាន់តំណែងជាប្រធានាធិបតីចិន។
ក៏ប៉ុន្តែ ការព្យាយាមរបស់រដ្ឋាភិបាលបារាំង ក្នុងការស្តាទំនាក់ទំនងជាមួយចិន បានឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈការធ្វើគ ធ្វើថ្លង់ ចំពោះស្ថានភាពសិទ្ធិមនុស្ស ដែលជាបញ្ហាដ៏រសើប សម្រាប់រដ្ឋាភិបាលក្រុងប៉េកាំង។ ការធ្វើគ ធ្វើថ្លង់ ដែលជារឿយៗ នាំឲ្យមានការរិះគន់ ពីសំណាក់សង្គមស៊ីវិលក្នុងប្រទេសបារាំង ក៏ដូចជា សកម្មជនសិទ្ធិមនុស្សអន្តរជាតិ។ ក៏ប៉ុន្តែ រដ្ឋាភិបាលបារាំងដឹងច្បាស់ថា ការរិះគន់បញ្ហាសិទ្ធិមនុស្សនៅចិន គឺអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍ជាតិរបស់បារាំងខ្លួនឯង។
ចិននៅពេលនេះ ខុសពីចិនកាលពី៥០ឆ្នាំមុន។ កាលពីពេលដែលលោក Charles De Gaulle សម្រេចភ្ជាប់ទំនាក់ទំនងការទូតជាមួយចិន នៅឆ្នាំ១៩៦៤ បារាំង គឺជាមហាអំណាចដ៏ធំមួយ ចំណែកឯចិនវិញ គ្រាន់តែជាប្រទេសតតិយលោកមួយប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅពេលនេះ ចិន គឺជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី២ ចំណែកបារាំងវិញត្រូវរត់តាមពីក្រោយចិនទៅវិញ៕