ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងអំពីភូមិសាស្រ្តនយោបាយនៃអាស៊ី
អាគ្នេយ៍តទៅទៀត ដោយសូមបន្តនិយាយបកស្រាយត្រួសៗពីប្រវត្តិនៃការកសាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន។ ក្រោយពីបាននិយាយរៀបរាប់កាលពីសប្តាហ៍មុន ពីការដើរមកដល់ទីដៅនៃឯកភាពរបស់អាស៊ាន និងពីការបង្កើត
អាស៊ានបូក៣រួចមក ក្នុងសប្តាហ៍នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមលើកឡើងអំពីការបង្កើតជំនួបកំពូលអាស៊ីបូព៌ានៅក្នុងជំនួបកំពូលអាស៊ាន។អាគ្នេយ៍តទៅទៀត ដោយសូមបន្តនិយាយបកស្រាយត្រួសៗពីប្រវត្តិនៃការកសាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន។ ក្រោយពីបាននិយាយរៀបរាប់កាលពីសប្តាហ៍មុន ពីការដើរមកដល់ទីដៅនៃឯកភាពរបស់អាស៊ាន និងពីការបង្កើត
ទោះបីជាអាស៊ានបូក៣ គឺបូកចិនជប៉ុននិងកូរ៉េខាងត្បូងត្រូវបានបង្កើតនៅឆ្នាំ១៩៩៨រួចហើយក្តី ក៏ចិននិងជប៉ុននៅបន្តប្រជែងជើងគ្នា លើកនេះនៅលើវេទិកាអាស៊ានតែម្តង។
ដូច្នេះហើយ បានជាសមាជិកអាស៊ានខ្លះរួមមានជាអាទិ៍សិង្ហបុរីនិងឥណ្ឌូណេស៊ីជាដើមផ្តើមបារម្ភ បារម្ភពីឥទ្ធិពលខ្លាំងហួសហេតុរបស់ចិននៅក្នុងជំនួបកំពូលអាស៊ានបូក៣។ បន្តិចម្តងៗ សិង្ហបុរីនិងឥណ្ឌូណេស៊ីជំរុញនិងគាំទ្រដោយជប៉ុន ចង់ឃើញអាស៊ានបើកទ្វារទទួលដៃគូដទៃផ្សេង ដូចជាឥណ្ឌាដែលជាមហាអំណាចអាស៊ីខាងត្បូងជាដើម។
ទន្ទឹមនេះ ចិនចង់ឱ្យមានជំនួបកំពូលអន្តររដ្ឋាភិបាលមួយរវាងតែអាស៊ាននិងបណ្តាប្រទេសអាស៊ីសុទ្ធសាធ។ រីឯជប៉ុនវិញចង់ឱ្យមានការចូលរួមពីសំណាក់ប្រទេសផ្សេងដែលមិនមែនជាអាស៊ី ដូចជាអូស្រ្តាលី នូវែលសេឡង់ និងអាមេរិកទៀតផង។ គោលដៅ គឺរក្សាតុល្យភាពនៅអាស៊ីអាគ្នេយ៍និងនៅលើវេទិកាអាស៊ាន កុំឲ្យចិនមានប្រៀបខ្លាំងពេក។
នៅទីបំផុត ការចរចានិងការប្រទាញប្រទង់គ្នាខ្លះផងនៅលើវេទិកាជំនួបកំពូលអាស៊ានបូក៣ បានផ្តល់ចេញជាលទ្ធផលដូចអ្វីដែលជប៉ុនប្រាថ្នាចង់បាន លទ្ធផលដែលស្តែងចេញតាមរយៈជំនួបកំពូលអាស៊ីបូព៌ាលើកទីមួយបង្អស់ នៅខែធ្នូឆ្នាំ២០០៥នៅប្រទេសម៉ាឡេស៊ី។ ចូលរួមក្នុងជំនួបកំពូលអាស៊ីបូព៌ាលើកទីមួយបង្អស់នោះ មានសមាជិកអាស៊ានទាំង១០ ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្រ្តាលី និងនូវែលសេឡង់។
សេចក្តីថែ្លងការណ៍រួម ដែលគេហៅថាសេចក្តីថ្លែងការណ៍Kuala Lumpurថ្ងៃទី១៤ធ្នូឆ្នាំ២០០៥ មានបីចំណុចសំខាន់ៗ។ ទីមួយ បណ្តាប្រទេសហត្ថលេខីទាំង១៦ ប្តេជ្ញាចិត្តធ្វើឱ្យជំនួបកំពូលអន្តររដ្ឋាភិបាលអាស៊ីបូព៌ានេះក្លាយជាទីសន្ទនានៃបញ្ហាយុទ្ធសាស្រ្ត សន្តិសុខ នយោបាយ និងសេដ្ឋកិច្ច។ ទីពីរ ជំនួបកំពូលអន្តររដ្ឋាភិបាលអាស៊ីបូព៌ាជាបន្តបន្ទាប់ នឹងត្រូវប្រព្រឹត្តទៅរៀងរាល់ឆ្នាំនៅក្នុងជំនួបកំពូលអាស៊ានតែម្តង ហើយនឹងត្រូវរៀបចំដឹកនាំដោយប្រទេសប្រធានផ្លាស់វេនរបស់អាស៊ាន។ ទីបី ជំនួបកំពូលអាស៊ីបូព៌ាត្រូវតែជួយពង្រឹងការកសាងអាស៊ាន និងត្រូវតែជួយជំរុញការធ្វើសមាហរ័ណកម្មនៃតំបន់អាស៊ីបូព៌ាទាំងមូល។
តើសមាហរ័ណកម្មនៃតំបន់អាស៊ីបូព៌ាទាំងមូលមានន័យថាជាការបង្កើតឡើងនូវសហគមន៍អាស៊ីបូព៌ាមួយដែរឬទេនៅទីបំផុត?
ជាច្រើនឆ្នាំកន្លងមកហើយ ថ្នាក់ដឹកនាំនៃជំនួបកំពូលអាស៊ីបូព៌ាបានជជែកពិភាក្សាគ្នាយ៉ាងសកម្មអំពីលទ្ធភាពនៃការបង្កើតឡើងនូវសហគមន៍អាស៊ីបូព៌ាមួយ ដោយយកគំរូតាមសហភាពអឺរ៉ុប។ ក៏ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ គោលគំនិតដ៏ល្អមួយនេះ ដូចជានៅទ័លច្រកមួយកន្លែង មិនទៅមុខទាល់តែសោះ ដោយហេតុតែប្រយោជន៍ខ្វែងគ្នាខ្លាំងរវាងបណ្តាប្រទេសអាស៊ីធំៗ ជាពិសេសរវាងចិននិងជប៉ុន និងប្រយោជន៍ខ្វែងគ្នាខ្លាំងរវាងបណ្តាប្រទេសសមាជិកអាស៊ាន។
នៅក្នុងស្មារតីរបស់ជប៉ុន សហគមន៍នេះដែលត្រូវយកគំរូតាមសហភាពអឺរ៉ុប គួរតែច្របាច់បញ្ចូលគ្នាសមាជិកអាស៊ានទាំងដប់ ជប៉ុន ចិន កូរ៉េខាងត្បូង ឥណ្ឌា អូស្រ្តាលី និងនូវែលហ្សេឡង់ ឲ្យនៅក្រោមដំបូលតែមួយ ដំបូលសេដ្ឋកិច្ចជាបឋម និងក្រោយមកទៀតនយោបាយ។ ហើយបើធ្វើទៅបាន ជប៉ុនក៏ចង់បន្ថែមទាំងសហរដ្ឋអាមេរិកមួយទៀតដែរនៅចុងក្រោយបង្អស់។
អ្វីដែលធ្វើឱ្យការបង្កើតសហគមន៍អាស៊ីបូព៌ារឹងរឹតតែមានលក្ខណៈស្មុគស្មាញ គឺសូម្បីតែប្រទេសអូស្រ្តាលីក៏មានគំនិតមួយដែរ នោះគឺសមាហរណកម្មមួយដ៏ធំទូលំទូលាយ
ដែលនឹងគ្របដាក់ក្រោមដំបូលតែមួយ បណ្តាប្រទេសអាស៊ីនិងបណ្តាប្រទេសប៉ាស៊ីហ្វិក ជាពិសេសសហរដ្ឋអាមេរិកតែម្តង ដោយមិនកំណត់ជាមុន និងមិនកំណត់តទៅអានាគត ចំនួនប្រទេសសមាជិកទេ។
ក៏ប៉ុន្តែមកទល់ពេលនេះ ចិនមិនព្រម។ បើបង្កើតសហគមន៍អាស៊ីបូព៌ា ចិនចង់ប្រមូលយកតែបណ្តាប្រទេសអាស៊ីសុទ្ធសាធ ហើយមិនចង់ឱ្យមានឥណ្ឌាទៅទៀត។ មូលហេតុ គឺមកពីចិនបារម្ភក្រែងតទៅថ្ងៃមុខ អូស្ត្រាលីដែលស្និទ្ធនឹងសហរដ្ឋអាមេរិក មានលទ្ធភាពលួចបើកបង្អួចឲ្យឥទិ្ធពលអាមេរិកាំងហូរចូលមកក្នុងអនាគតសហគមន៍អាស៊ីបូព៌ាបាន។
ម៉្លោះហើយ សម្រេចសម្រួចទៅ ក្នុងខណៈនេះ ជំនួបកំពូលអាស៊ីបូព៌ានៅតែជាជំនួបកំពូលអាស៊ីបូព៌ាដែលជាកិច្ចប្រជុំអន្តររដ្ឋាភិបាល។ មិនទាន់អាចមានទៅកើតទេសហគមន៍អាស៊ីបូព៌ាស្អីគេនេះ ឬសហគមន៍អាស៊ីប៉ាស៊ីហ្វិកស្អីគេនោះ។
ដោយឡែក ប៉ុន្មានឆ្នាំចុងក្រោយនេះ ជំនួបកំពូលអាស៊ានបាននិងកំពុងបន្តក្លាយទៅជាវេទិកានៃការប្រឈមមុខដាក់គ្នាយ៉ាងមោះមុតរវាងបណ្តាប្រទេសសមាជិកអាស៊ាន រវាងសមាជិកអាស៊ានមួយចំនួននិងចិន និងរវាងមហាអំណាចធំៗដែលបានចូលមកកៀកជិតបណ្តាប្រទេសអាស៊ីអាគ្នេយ៍ តាមរយៈជំនួបកំពូលអាស៊ីបូព៌ា។ មានមូលហេតុធំៗពីរយ៉ាងដែលជាប្រភពនៃការប្រឈមមុខដាក់គ្នានេះ។ ម្យ៉ាង គឺមកពីមហិច្ឆតាស្រេកឃ្លានទឹកដីកាន់តែធំរបស់ចិន នៅក្នុងតំបន់ ជាពិសេសនៅក្នុងសមុទ្រចិនខាង
ត្បូង។ ម្យ៉ាងទៀត គឺមកពីសហរដ្ឋអាមេរិកបានក្លាយជាសមាជិកនៃជំនួបកំពូលអាស៊ី
បូព៌ានៅឆ្នាំ២០១១។