លោកស្រី អ៊ុងសាន ស៊ូជី ជ័យលាភីណូបែលសន្តិភាពបានបង្ហាញមហិច្ឆតានយោបាយ ដោយចង់ចូលរួម ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោត ឆ្នាំ២០១៥។ ប្រធានបក្សប្រឆាំងពិបាកនឹងសម្រេចគោលដៅ ដោយសាររដ្ឋធម្មនុញ្ញចាស់ដែលគេនៅមិនទាន់កែទម្រង់។ សូម្បី ថ្នាក់ដឹកនាំនយោបាយធំៗបានបង្ហាញចេតនា មិនចង់សើរើច្បាប់រដ្ឋធម្មនុញ្ញឲ្យស៊ីជម្រៅឡើងវិញ ទៅតាមការទាមទាររបស់បក្សប្រឆាំង។
អស់ពេលបីឆ្នាំមកហើយ ភូមាបានដឹកនាំដោយរដ្ឋាភិបាលស៊ីវិលថ្មីមួយ ដែលបានសន្យាធ្វើកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច ដើម្បីឈានទៅរកលទ្ធិប្រជាធិបតេយ្យ។ សភាភូមានបានទទួលភារកិច្ចដើម្បីកែប្រែឡើងវិញច្បាប់រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ ក្នុងចំណោមសំណើរាប់ពាន់ដែលទាមទារឲ្យមានការធ្វើវិសោធនកម្មនោះ គ្មានទេ ការទាមទារឲ្យកែប្រែអត្ថបទច្បាប់សំខាន់ ដែលតាមពិតទៅ ជាឧបសគ្គរារាំង បិទផ្លូវមិនឲ្យមេដឹកនាំបក្សប្រឆាំង ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។
ឃ្លាមួយក្នុងច្បាប់រដ្ឋធម្មនុញ្ញបានចែងហាមឃាត់មិនឲ្យអ្នកនយោបាយដែលមានស្វាមី ឬភរិយាជាជនបរទេស ឈរឈ្មោះធ្វើជាបេក្ខជនប្រធានាធិបតី។ យោងទៅតាមឃ្លានេះ លោកស្រីអ៊ុងសាន ស៊ូជីមិនអាចក្លាយជាប្រធានាធិបតីភូមា ព្រោះថា លោកស្រីមានស្វាមីជាជនជាតិអង់គ្លេស។ មួយវិញទៀត សភាភូមាដែលមើលពីក្រៅថា ជាអ្នកធ្វើកំណែទម្រង់ មិនបានប៉ះពាល់អត្ថបទច្បាប់ដែលប៉ះពាល់ប្រយោជន៍របស់យោធាភូមាដែរ។ ពោលគឺ យោធានៅតែរក្សាអាសនៈ មួយភាគបួនរបស់ខ្លួន នៅរដ្ឋសភា។ លើសពីនោះ រដ្ឋធម្មនុញ្ញនៅបានផ្តល់សិទ្ធិធ្វើវេតូដល់ក្រុមយោធា។
សូមបញ្ជាក់ថា នៅប៉ុន្មានខែចុងក្រោយនេះ លោកស្រីបក្សប្រឆាំងភូមាបានធ្វើដំណើរចុះទៅគ្រប់ទិសទីក្នុងប្រទេសដើម្បីពន្យល់ពីសារៈសំខាន់នៃការសើរើច្បាប់រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ រហូតមកដល់ពេលនេះ លោកស្រីអ៊ុងសាន ស៊ូជី នៅមិនទាន់រកបានដៃគូពិភាក្សា ឬបញ្ចុះបញ្ចូលមន្រ្តីរដ្ឋាភិបាលបច្ចុប្បន្ន។ ប្រធានាធិបតីភូមា លោកថាន់ស្វេ បដិសេធរាល់ការចរចាដោយផ្ទាល់ជាមួយលោកស្រី។ ចំណែកមេដឹកនាំយោធារុញច្រានចោលសំណើចូលជួប។ ប្រធានរដ្ឋសភាឯណោះវិញ រឹតតែទេ ទៅទៀត ដោយបានបិទបញ្ចប់ជាសាធារណៈរាល់ការប៉ុនប៉ងធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញស៊ីជម្រៅ ដោយសំអាងលេសអស្ថិរភាពនយោបាយ៕