ក្តីសង្ឃឺម​ចង់​ក្លាយ​ជា​ប្រធានាធិបតី​របស់​លោកស្រី​អ៊ុងសាន ស៊ូជី​មាន​កាន់តែតិច



លោកស្រី​អ៊ុងសាន ស៊ូជី​ប្រធាន​បក្ស​ប្រឆាំង​ដែល​ចង់​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត ឆ្នាំ ២០១៥
ដោយ ឈាង បុប្ផា
លោកស្រី អ៊ុងសាន ស៊ូជី ជ័យលាភី​ណូបែល​សន្តិភាព​បាន​បង្ហាញ​មហិច្ឆតា​នយោបាយ ដោយ​ចង់​ចូលរួម ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត ឆ្នាំ​២០១៥។ ប្រធាន​បក្ស​ប្រឆាំង​ពិបាក​នឹង​សម្រេច​គោលដៅ ដោយសារ​រដ្ឋធម្មនុញ្ញ​ចាស់​ដែល​គេ​នៅ​មិនទាន់​កែទម្រង់។ សូម្បី ថ្នាក់ដឹកនាំ​នយោបាយ​ធំៗ​បាន​បង្ហាញ​ចេតនា​ មិន​ចង់​សើរើ​ច្បាប់​រដ្ឋធម្មនុញ្ញ​ឲ្យ​ស៊ីជម្រៅ​ឡើងវិញ ទៅតាម​ការទាមទារ​របស់​បក្ស​ប្រឆាំង។
អស់ពេលបីឆ្នាំមកហើយ ភូមា​បាន​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ស៊ីវិល​ថ្មីមួយ ដែល​បាន​សន្យា​ធ្វើ​កំណែទម្រង់​នយោបាយ និង​សេដ្ឋកិច្ច ដើម្បី​ឈាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ។ សភា​ភូមាន​បាន​ទទួល​ភារកិច្ច​ដើម្បី​កែប្រែ​ឡើងវិញ​ច្បាប់​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ ក្នុង​ចំណោម​សំណើ​រាប់ពាន់​ដែល​ទាមទារ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្មនោះ គ្មានទេ ការទាមទារ​ឲ្យ​កែប្រែ​អត្ថបទ​ច្បាប់​សំខាន់ ដែល​តាមពិតទៅ ជា​ឧបសគ្គ​រារាំង បិទផ្លូវ​មិន​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី។

ឃ្លាមួយ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​បាន​ចែង​ហាមឃាត់​មិន​ឲ្យ​អ្នកនយោបាយ​ដែល​មាន​ស្វាមី ឬ​ភរិយា​ជា​ជន​បរទេស ឈរឈ្មោះ​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី។ យោងទៅ​តាម​ឃ្លានេះ លោកស្រី​អ៊ុងសាន ស៊ូជី​មិន​អាច​ក្លាយ​ជា​ប្រធានាធិបតី​ភូមា ព្រោះថា លោកស្រី​មាន​ស្វាមី​ជា​ជនជាតិ​អង់គ្លេស។ មួយវិញទៀត សភា​ភូមា​ដែល​មើល​ពីក្រៅ​ថា ជាអ្នកធ្វើ​កំណែទម្រង់ មិន​បាន​ប៉ះពាល់​អត្ថបទ​ច្បាប់​ដែល​ប៉ះពាល់​ប្រយោជន៍​របស់​យោធា​ភូមាដែរ។ ពោល​គឺ យោធា​នៅ​តែ​រក្សា​អាសនៈ​ មួយ​ភាគ​បួន​របស់ខ្លួន នៅ​រដ្ឋសភា។ លើសពីនោះ រដ្ឋធម្មនុញ្ញ​នៅ​បាន​ផ្តល់​សិទ្ធិធ្វើ​វេតូ​​ដល់​ក្រុម​យោធា។

សូមបញ្ជាក់​ថា នៅប៉ុន្មាន​ខែ​ចុងក្រោយនេះ លោកស្រី​បក្ស​ប្រឆាំង​ភូមា​បាន​ធ្វើដំណើរ​ចុះ​ទៅគ្រប់​ទិសទី​ក្នុង​ប្រទេស​ដើម្បី​ពន្យល់​ពី​សារៈសំខាន់​នៃ​ការសើរើ​ច្បាប់​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ រហូតមកដល់​ពេលនេះ លោកស្រី​អ៊ុងសាន ស៊ូជី នៅ​មិន​ទាន់​រក​បាន​ដៃគូ​ពិភាក្សា ឬ​បញ្ចុះបញ្ចូល​មន្រ្តី​រដ្ឋាភិបាល​បច្ចុប្បន្ន។ ប្រធានាធិបតី​ភូមា លោក​ថាន់ស្វេ បដិសេធ​រាល់​ការចរចា​ដោយ​ផ្ទាល់​ជាមួយ​លោកស្រី។ ចំណែក​មេដឹកនាំ​យោធា​រុញច្រាន​ចោល​សំណើ​ចូលជួប។ ប្រធាន​រដ្ឋសភា​ឯណោះវិញ រឹត​តែ​ទេ ទៅទៀត ដោយ​បាន​បិទ​បញ្ចប់​ជាសាធារណៈ​រាល់​ការប៉ុនប៉ង​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ស៊ីជម្រៅ ដោយ​សំអាង​លេស​អស្ថិរភាព​នយោបាយ៕




 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors