Pages

Sunday, February 2, 2014

អាមេរិក​គាំទ្រ​​បក្ស​ប្រឆាំង​អ៊ុយក្រែន ខណៈ​ដែល​ការបាត់ខ្លួន​សកម្មជន​មាន​កាន់​តែ​ច្រើន

លោក ចន​ឃែរី និង​លោកស្រី​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប នៅ​ក្នុង​ជំនួប​ស្តីពី​សន្តិសុខ​​ នៅ​អាល្លឺម៉ង់ ថ្ងៃ​ទី ០១​ កុម្ភៈ ២០១៤
ដោយ អៀង សុខម៉ិញ
វិបត្តិ​អ៊ុយក្រែន​មាន​ការ​វិវឌ្ឍន៍​ច្រើន​ប៉ុន្មាន​ម៉ោង​នេះ ! ក្នុង​ឱកាស​សន្និសីទ​ស្តី​អំពី​សន្តិសុខ​ នៅ​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់ ព្រឹក​ថ្ងៃ​សៅរ៍​ទី ០១ កុម្ភៈ​នេះ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ចន ឃែរី ក្នុង​នាម​សហរដ្ឋ​អាមេរិក និង​ជា​មួយ​សហភាព​អឺរ៉ុប បាន​ប្រកាស​​គាំទ្រ ពលរដ្ឋ​អ៊ុយក្រែន​ដែល​កំពុង​​​តស៊ូ​
ធ្វើ​បាតុកម្ម។សកម្មជន​បក្ស​ប្រឆាំង​ ដែល​កំពុង​ព្រួយ​បារម្ភ​ខ្លាច​មាន​អន្តរាគមន៍​យោធា​ បង្ក្រាប​បាតុករ។ ចំណែក​នៅក្នុងស្រុក​វិញ បរិយាកាស​កំពុង​តាន​តឹង​ខ្លាំង អង្គការ​ក្រៅ​រដ្ឋាភិបាល អង្គការ​ការពារសិទ្ធិមនុស្ស បារម្ភ​នឹង​ករណី​បាត់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង។​​

“នេះ​ការ​ប្រយុទ្ធ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅអឺរ៉ុប នៅ​​​អ៊ុយ​ក្រែន​ ថ្ងៃ​នេះ ! បណ្តា​ជន​អ៊ុយក្រែន​មួយ​ភាគ​ធំ​ចង់​រស់​ដោយ​សេរី ក្នុង​ប្រទេស​ដ៏​សុខសាន្ត​និង​រុងរឿង។ ប្រយុទ្ធ​ដើម្បី​រួម​រស់​ជាមួយ​នឹង​ដៃគូ​ដែល​អាច​ជួយ​ឱ្យ​មាន​គំនិត​ថ្មី និង​សម្រេច​អនាគត​អ៊ុយក្រែន មិនឱ្យ​ពឹង​តែ​លើ​ប្រទេស​មួយ​គត់​ផ្សេង។ រុស្ស៊ី​និង​ប្រទេស​ផ្សេង​ទៀត​មិន​ត្រូវ​គិត​ថា​ អឺរ៉ុប​កំពុង​ជ្រៀត​ជ្រែកកិច្ច​ការ​ផ្ទែក្នុង​អ៊ុយក្រែន​ ​ជា​ល្បែង​លេង​សើច​ទេ។ មេរៀន​អតីតកាល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​​យើង​អាច​ធ្វើ​អ្វី​បាន​ជឿនលឿន ប្រសិន​បើ​អាមេរិក អឺរ៉ុប រុស្ស៊ី​​រួបរួម​គ្នា។

នេះ​ជា​ប្រសាសន៍​របស់​​​លោក ចន ឃែរី ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី ១ កុម្ភៈនេះ ក្នុង​សន្និសីទ​ស្តីពី​សន្តិសុខ​នៅ​ប្រទេស​អាល្លឺម៉ង់។ ប៉ុន្តែប្រមុខ​ការទូត​រុស្ស៊ី ដែល​ស្ថិត​ក្នុង​អង្គ​សន្និសីទ​ដែរ​នោះ យល់​ថា សម្តី​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក ​ ជាការ​​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​បាតុករ​កាន់​តែ​មាន​កម្លាំង​ កាន់តែ​សាហាវ មិន​មែន​ជា​ការ​លើក​តម្កើង​ប្រជាធិបតេយ្យ​ទេ។

បក្ស​ប្រឆាំង​អ៊ុយក្រែន​ ដែលបាន​ជួប​ពិភាក្សា​ជាមួយ​នឹង​​ប្រមុខ​ការទូត​អាមេរិក និង​បារាំង​នៅ​ពេល​រសៀលថ្ងៃ​សៅរ៍​នេះ នៅ​ទីក្រុង Munich ​ ​បាន​លើក​ឡើង​អំពី​គ្រោះហានិភ័យ មាន​កាន់​តែ​ធំឡើងៗ ឃើញ​​​​យោធា​អ៊ុយក្រែន​ចេញ ធ្វើ​​អន្តរាគមន៍​បង្ក្រាប​​បាតុករ​ នៅ​ទីក្រុង​គៀវ​។

ម្យ៉ាង​វិញ​ទៀត ការ​រឹត​បន្តឹង​និង​បង្ក្រាប​​មាន​កាន់តែ​តឹង​តែង។ ក្នុង​រយៈ​ពេល​បាតុកម្ម​ពីរ​ខែ​មក​នេះ ករណី​សកម្មជន​បាត់ខ្លួន និង​ចាប់​ខ្លួន​យក​ទៅធ្វើ​ទារុណកម្ម រួច​យក​ទៅ​បំបរបង់​ចោល​ក្នុង​ព្រៃ​ រង​អាកាសធាតុ​ត្រជាក់ មាន​កាន់​តែ​ច្រើន​ឡើងៗ។ ​បើ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល SOS Euromaïdan បាន​រាប់​ឃើញ​មាន​ការ​បាត់ខ្លួន​ ៣៣​នាក់ ក្នុង​ចំណោម​បាតុករ​។ មាន​ជាង​៦០ករណី បាន​ទទួល​អំពើ​ហិង្សា​គំរាម​កំហែង​ពី​សំណាក់​ប៉ូលិស​ មក​លើ​អ្នក​យក​ព័ត៌មាន ឬ​ក្រុម​គ្រូពេទ្យ។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​តំបន់។ ក្នុង​នោះ​១៣​ករណី​ ត្រូវ​បាន​បញ្ចាក់​ដោយ​អង្គការ​ Human Right Watch។ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ស្នើ​សុំ​នៅ​ថ្ងៃ​ម្សិលមិញ ឱ្យ​មាន​ការ​បើក​អង្កេត​​លើ​ករណី​សកម្មជន​បក្ស​ប្រឆាំង​បាត់​ខ្លួន​ ឬ​ចាប់​យក​ទៅធ្វើ​ទារុណកម្ម។ ការ​អង្កេត​ដែល​ត្រូវ​មាន​លក្ខណៈ​ស៊ីជម្រៅ​និង​ឯករាជ្យ៕