Pages

Saturday, February 1, 2014

កងទ័ព​អ៊ុយក្រែន​ទាមទារ​អោយ​ប្រធានាធិបតី​ចាត់​វិធានការ​បន្ទាន់​ ចំពោះ​ស្ថានភាព​បាតុកម្ម​

បាតុកម្ម​របស់​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ជាង​២ខែ​មកនេះ
ដោយ ព្រំ សឿន សូលីណា
នៅថ្ងៃ​សុក្រ​នេះ កងទ័ព​អ៊ុយក្រែន​បាន​បង្ខំ​អោយ​ប្រធានាធិបតី​អ៊ុយក្រែន ចាត់វិធានការ​បន្ទាន់ ​ដើម្បី​ធានាស្ថិរភាព​ក្នុង​ប្រទេស ប្រឈម​នឹង​​​ភាពតានតឹង​បង្កឡើង​ដោយ​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​។ ការ​អំពាវនាវ​នេះ បង្ហាញ​ថា កងទ័ព​ចាប់ផ្តើម​បង្ហាញ​ជំហរ​ខ្លួនថា​ស្មោះត្រង់​និង​គាំទ្រ​ប្រធានាធិបតី​យ៉ានូកូវិច ប្រឈម​នឹង​​ស្ថានការណ៍​នយោបាយ​​ក្នុង​ស្រុក។
កន្លងមក កងទ័ព​អ៊ុយក្រែន​ធ្លាប់​បាន​គូស​បញ្ជាក់​ថា ខ្លួនមិន​អន្តរាគមន៍​​ក្នុ​ងវិបត្តិ​នយោបាយ​ដែល​បាន​បែងចែក​អ៊ុយក្រែន​ជាបក្ស​ពួក​ នោះទេ។ ប៉ុន្តែ នៅ​ថ្ងៃ​សុក្រ​នេះ កងទ័ព​អ៊ុយក្រែន​បាន​បង្ហាញ​​ជំហរ​ខ្លួន​ជាថ្មី ដោយ​អំពាវនាវ​អោយ​ប្រធានាធិបតី វ៉ិចទ័រ យ៉ានូកូវិច ចាត់វិធានការ​បន្ទាន់​ ដើម្បី​ដោះស្រាយ​​ស្ថានភាពតានតឹង​ បង្ក​ឡើង​ដោយ​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល ដែល​បាន​ធ្វើបាតុកម្ម​ជាង​២ខែ​មកនេះ។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចុះផ្សាយ​ក្នុង​ទំព័រអ៊ីនថឺនេត របស់​ក្រសួងការពារជាតិ​ កងទ័ព​អ៊ុយក្រែន​បាន​លើកឡើងថា ការ​ដែល​ក្រុមបាតុករ​បាន​វាយលុក​កាន់កាប់​អគារ​សាធារណៈ​ គឺ​ជា​ការដែល​មិនអាច​ទទួលយក​បានឡើយ។ ហើយ​ការវាយលុក​​នៃចលនាតវ៉ា​ គឺ​ជា​ការគំរាម​កំហែង​បូរណភាពអ៊ុយក្រែន។ នៅពេលនេះ គេ​​មិនទាន់​ដឹងថា​ តើ​កងទ័ព​ចង់អោយ​ប្រធានាធិបតី​​អ៊ុយក្រែន​ចាត់​វិធានការ​​អ្វី​អោយជាក់លាក់​នោះទេ។ មានការបារម្ភ​ថា កងទ័ព​អាច​ប្រើកម្លាំង​បាយ​ប្រឆាំង​​ក្រុមបាតុករ បង្ក​អោយ​មានអំពើហិង្សា​ថែមទៀត។ ការប៉ះទង្គិច​ក្នុង​បាតុកម្ម​​កន្លងមក បាន​សម្លាប់​មនុស្ស​យ៉ាងហោច​៤នាក់ និង​បង្ក​របួស​ដល់​មនុស្ស​ជាង៥០០នាក់​មកហើយ។

នៅថ្ងៃ​សុក្រ​នេះដែរ ប្រធានាធិបតី​យ៉ានូកូវិច​ បាន​ប្រកាស​អោយ​ប្រើ​ច្បាប់​លើកលែង​ទោស​ ដែល​សភា​បាន​អនុម័ត កាលពី​ថ្ងៃ​ពុធ។ ជាច្បាប់​លើកលែង​ទោស​បណ្តា​បាតុករ​ដែល​អាជ្ញាធរ​បានចាប់ខ្លួន ក្នុង​ពេល​ប៉ះទង្គិច​កន្លងមក។ គួរបញ្ជាក់ថា បក្ស​ប្រឆាំង​មិនបានបោះឆ្នោត​អនុម័ត​ច្បាប់​នេះឡើយ ដោយសារ​តែ​ច្បាប់លើកលែង​ទោស​នេះ​បានដាក់លក្ខខណ្ឌ​ ផ្តល់ពេល​១៥ថ្ងៃ​ អោយ​ក្រុមបាតុករ​​ដកខ្លួន​ចេញ​ពីទីសាធារណៈ​នានា ដែល​ខ្លួនបានកាន់កាប់។ ប៉ុន្តែ ច្បាប់​លើកលែង​ទោស​របស់​លោក​យ៉ានូកូវិច បាន​អនុញ្ញាត​អោយ​ក្រុមបាតុករ​ដែល​ធ្វើ​សកម្មភាព​​តវ៉ា​តាមបែបផែន​សន្តិភាព​នោះ អាច​បន្ត​សកម្មភាព​ខ្លួន នៅទីតាំង​បាតុកម្ម​បន្ត​ទៅ​ទៀតបាន។

គួររំលឹកថា ថ្មីៗនេះ ដោយសារ​បាតុកម្ម​ទាំងអស់នេះ​ លោក​មីកូឡា អាហ្សារ៉ូវ បាន​លាលែង​​ពីតំណែង​នាយករដ្ឋមន្ត្រី ហើយ​សភា​បាន​លុបចោលច្បាប់ប្រឆាំង​បាតុកម្ម។ មេដឹកនាំ​ចលនា​ប្រឆាំង​៣រូប បានចោទ​ប្រធានាធិបតី​​យ៉ានូកូវិច ថា​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​​ទាំងស្រុង។
 
នៅថ្ងៃ​សៅរ៍នេះ ប្រមុខការទូតអាមេរិក​​ចន ឃែររី ត្រូវ​ជួប​ពិភាក្សា​បញ្ហា​អ៊ុយក្រែន ​ជាមួយ​មេដឹកនាំ​​ក្រុមប្រឆាំង​អ៊ុយក្រែន​ច្រើនរូប​​។​ជំនួប​នេះត្រូវបាន​រុស្ស៊ី​ចាត់ទុក​ថា​ ​ជា​ការ​​សំដែង​​សៀក៕​