Pages

Friday, January 31, 2014

លោក កឹម​សុខា​អះអាង​ថា​មេធាវី​អន្តរជាតិ​ត្រៀម​ពិនិត្យ​ភស្តុតាង​បង្រ្កាប​បាតុកម្ម​​នៅ​ផ្លូវវេងស្រេង

មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឲ្យ​ដឹងថា​ មេធាវី​អន្តរជាតិ​ ត្រៀម​ពិនិត្យ​រាល់​វត្ថុតាង​នានា​ នៃ​ព្រឹត្តិការណ៍​បាញ់​សម្លាប់​ក្រុម​កម្មករ​នៅ​សួន​ឧស្សាហកម្ម​ តាម​ផ្លូវ​វេងស្រេង​ កាល​ពី​ដើម​ខែ​មករា​ ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​រក​យុត្តិធម៌។លោក ​កឹម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា​ គណបក្ស​ខ្លួន​ បាន​​ត្រៀម​ឯកសារ​គ្រប់គ្រាន់​ សម្រាប់​ផ្តល់​ជូន​មេធាវី​អន្តរជាតិ​ ពិនិត្យ​ ដើម្បី​ដាក់​ពាក្យ​ប្តឹង​ រដ្ឋា​ភិបាល​ ឬ​អ្នក​នៅពី​ក្រោយ​ព្រឹត្តិការណ៍​បាញ់​សម្លាប់​កម្មករ​ កាល​ពី​ដើម​ខែ​មករា​ ទៅ​កាន់​តុលាកា​រ​ព្រហ្មទណ្ឌ​អន្តរជាតិ។

(សំឡេងលោកកឹមសុខា)

សម្រាប់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​កាន់​អំណាច​ បាន​ពេបជ្រាយ​ និង​មិន​ព្រួយ​បារម្ភ​ ចំពោះ​ការ​ដាក់​ពាក្យ​បណ្តឹង​ណា​មួយ​ របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ ទៅ​តុលា​ការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​នោះ​ទេ។​

ព្រឹត្តិការណ៍​បង្ក្រាប​ ដោយ​ហិង្សា ​របស់​សមត្ថកិច្ច​ ទៅ​លើ​ហ្វូង​បាតុករ​ទាមទារ​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​ក្នុង​១ខែ​ កាល​ពី​ថ្ងៃទី២​ និង​ទី៣​ នៅ​តំបន់​​​សេដ្ឋកិច្ច​ពិសេស​ សង្កាត់​កំបូល​ និង​នៅ​សួន​ឧស្សា​ហកម្ម​កាណាឌីយ៉ា ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​ ៥​នាក់​ និង​រង​របួស​កម្មករ​ជិត ៤០នាក់។ ​ក្នុង​ហេតុ​ការ​បង្ក្រាប​ ដែល​សមត្ថកិច្ច​ចាត់​​ទុកថា​ ជា​ក្រុម​អនាធិប​តេយ្យ​នោះ​ សមត្ថកិច្ច​ ក៏​បាន​ចាប់​ខ្លួន​មេដឹកនាំ​សមាគម​ សកម្មជន​សិទ្ធិ​មនុស្ស​ និង​កម្មករ​សរុប​ចំនួន ​២៣​នាក់​ដាក់​ពន្ធនាគារ៕