Pages

Saturday, February 1, 2014

មនុស្ស​១៦នាក់​ស្លាប់​និង​ជាង១០០នាក់​របួស​ ក្នុង​រយៈពេល​២ថ្ងៃ​ដំបូង​នៃ​បុណ្យ​ចូលឆ្នាំ​ចិន

គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
ដោយ ប៉ែន បូណា
ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ទី៣០​មករា ទីក្រុង​ភ្នំពេញ​មាន​សភាព​ស្ងប់ស្ងាត់ ប៉ុន្តែ ចរាចរណ៍​បាន​កើន​ឡើង​ខ្លាំង​នៅតាម​ដងផ្លូវជាតិ​នានា​ឆ្ពោះទៅ​កាន់​បណ្តា​ខេត្ត។ គ្រោះថ្នាក់​ចរាចរណ៍​ក៏​បាន​កើន​ឡើង​យ៉ាង​គំហុគ​ដែរ។ គ្រាន់តែ​រយៈពេល​ពីរ​ថ្ងៃ​ដំបូង​គឺ​ថ្ងៃ​ទី៣០ និង៣១ មករា មាន​មនុស្ស​ស្លាប់១៦នាក់ និង​របួស​ជាង ១០០ នាក់​នៅ​លើ​ដង​ផ្លូវ។ នេះ​បើ​យោង​តាម​របាយការណ៍​បឋម​របស់​ប៉ូសិល។
យ៉ាងហោចណាស់​មាន​មនុស្ស ១៦ នាក់​ស្លាប់ និង ១១២ នាក់ រងរបួស​ធ្ងន់​និង​ស្រាល​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​ក្នុងអំឡុង​ពីរ​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន។ គ្រាន់តែ​ក្នុង​ថ្ងៃទី ៣១ មករា ដែលជា​ថ្ងៃទី២នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​ដល់​ទៅ ១៥ នាក់ និង​របួស៩២នាក់ នៅ​ទូទាំងប្រទេស។ នេះ​បើ​យោងតាម​របាយការណ៍​ប​ឋ​ម​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​ដែល​បាន​ចុះផ្សាយ​តាម​គេហទំព័រ​របស់ខ្លួន។

នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ ទីក្រុង​ភ្នំពេញ​មាន​សភាព​ស្ងាប់​ស្ងាត់​កាន់តែខ្លាំង​ខណៈដែល​មនុ​ស្សម្នាប​ន្ត​ចាក​ចេញទៅ​កម្សាន្ត​នៅតាម​បណ្តា​ខេត្ត​កាន់តែច្រើន។ ទីក្រុង​ស្ងាត់ ចរាចរណ៍​តាមផ្លូវ​ជាតិ​កើនឡើង​គឺជា​កត្តា​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កាន់តែ​ច្រើន។ ស្ថានភាព​បែបនេះ​តែង​កើតឡើងដដែលៗនៅ​រាល់ពេល​មាន​ពិធី​បុណ្យ​ធំម្តងៗ។

នៅ​កម្ពុជា មាន​មនុស្ស​ស្លាប់​ជា​មធ្យម​ប្រមាណ​ជា ៥នាក់ និង​របួស ១៥ នាក់​ក្នុង​មួយថ្ងៃ ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍។ តួលេខ​អ្នកស្លាប់​បាន​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុង​ក្រោយនេះ។ សោកនាដកម្ម​នៅលើ​ដងផ្លូវ​បានសម្លាប់​មនុស្ស​ច្រើន​បំផុត​នៅក្នុង​សម័យ​ដែល​ប្រទេសជាតិ​កំពុងអភិវឌ្ឍន៍។ អាកប្បកិរិយា​មិន​គោរព​ច្បាប់​ចរចា​រណ៍ បើកបរ​ដោយ​ប្រើ​ជាតិ​ស្រវឹង និង​ការប្រើ​ល្បឿន​ហួសប្រមាណ រួមទាំង​កត្តា​យានយន្ត​ដែល​មិនបាន​ត្រួតពិនិត្យ​បច្ចេកទេស​ត្រឹមត្រូវ សុទ្ធសឹង​ជា​មូលហេតុចម្បងៗដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍។



គ្រោះថ្នាក់​ចរាចរណ៍​បណ្តា​ល​ឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាជាង ៣០០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ឬ​ស្មើនឹង​ជិត ៣ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP )។ នេះ​បើ​យោងតាម​របាយការណ៍​សិក្សា​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កាលពី​ឆ្នាំ ២០១២ ។ ចំនួន​អ្នករងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវគេ​រំពឹងថា នឹង​កើនឡើង​ទៀត​ក្នុងអំឡុងពេល​ពីរ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ​ប្រសិនបើ​អ្នកបើកបរ​មិន​ប្រុងប្រយ័ត្ន​ទេនោះ៕