Pages

Thursday, January 30, 2014

បទ​សម្ភាសន៍​ជា​សំឡេង​ដ៏​កម្រ និង​ផ្ដាច់​មុខ​ (Exclusive Interview)​ ជា​មួយ​ក្រុម​វាយ​លុក​អ៊ីនធើរណិត​នៅ​កម្ពុជា - Anonymous Cambodia

Anonymous Hackers protest on the street
នៅ​ថ្ងៃ​នេះ​វិទ្យុ​អូស្រ្ដាលី​សូម​នាំ​មក​នូវ​បទ​សម្ភាសន៍​សំឡេង​ដ៏​កម្រ និង​ផ្ដាច់​មុខ​មួយ (Exclusive Interview) ​​ជា​មួយ​តំណាង​ក្រុម​វាយ​លុក​​ប្រព័ន្ធ​កុំ​ព្យូទ័រ​​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ហៅ​ខ្លួន​ឯង​ថា Anonymous Cambodia។កន្លង​ទៅនេះ ប្រិយ​មិត្ដ​បាន​ស្ដាប់​ប្រសាសន៍​អ្នក​ជំនាញ​របស់​កម្ពុជា​ច្រើន​នាក់​
ហើយ​ទាក់​ទង​នឹង​បញ្ហា​សន្ដិសុខ​ព័ត៌មាន​តាម​អ៊ីនធើរណិត​ ក្នុង​នោះ​មាន​ដូច​ជា​អ្នក​ជំនាញ​សន្ដិសុខ​កុំ​ព្យូទ័រ​លោក លី វណ្ឌី។ ក្រៅ​ពីនេះ សប្ដាហ៍​មុន​លោក អ៊ូ ផាន់ណារិទ្ធ ក៏​បាន​បក​ស្រាយ​ក្បោះក្បាយ​ផង​ដែរ​អំពី​កិច្ច​ការ​ងារ​របស់​លោក និង​តួនាទី​របស់ CamCERT ដែលជា​ក្រុម​ការ​ងារ​ជាតិ​ទប់​ទល់​នឹង​បញ្ហា​បន្ទាន់​នៃ​កុំ​ព្យូទ័រ (National Cambodia Computer Emergency Response Unit – CamCERT) ស្ថិត​នៅក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​ប្រៃ​សណីយ និង​ទូរគមនាគមន៍​កម្ពុជា​។ ហើយ​ប្រិយមិត្ដ​ក៏​បាន​ជ្រាប​អំពី​ច្បាប់​ឧក្រិដ្ឋកម្ម​របស់​កម្ពុជា​ទាក់​ទង​នឹង​បទ​ល្មើស​សន្ដិសុខ​កុំ​ព្យូទ័រ​ដែរ។

នៅ​ថ្ងៃ​នេះ​វិទ្យុ​អូស្រ្ដាលី​សូម​នាំ​មក​នូវ​បទ​សម្ភាសន៍​សំឡេង​ដ៏​កម្រ និង​ផ្ដាច់​មុខ​មួយ​​ជា​មួយ​តំណាង​ក្រុម​វាយ​លុក​​ប្រព័ន្ធ​កុំ​ព្យូទ័រ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ហៅ​ខ្លួន​ឯង​ថា Anonymous Cambodia។ សូម​ជម្រាប​ថា ការ​ធ្វើ​បទ​សម្ភាសន៍​នេះ គឺ​តាម​អ៊ីនធើរណិត មិន​តាម​រយៈ​ខ្សែ​ទូរស័ព្ទ​ទេ ដោយ​សារ​ក្រុម​ Anonymous Cambodia នេះ​បារម្ភ​អំពី​សន្ដិសុខ និង​ការ​តាម​ដាន​រក​ឃើញ​អត្ដ​សញ្ញាណ​ពួក​គេ​បើ​សិន​ប្រើ​ប្រព័ន្ធ​ទូរគមនាគម៍​បែប​ប្រពៃណី។

តទៅ​នេះ​សូម​ស្ដាប់​បទ​សម្ភាសន៍​​ភាគ​ទី​១ រវាង​ខ្ញុំ​ និង​តំណាង​​ម្នាក់​នៃ​ក្រុម​​វាយ​លុក​ប្រព័ន្ធ​កុំ​ព្យូទ័រ​កម្ពុជា​ដែល​គេ​ហៅ​ថា ក្រុម​អនាមិក​កម្ពុជា ឬ​អង់គ្លេស​ថា Anonymous Cambodia ហើយ​តំណាង​នេះ​មាន​រហស្សនាម​ថា Black Cyber។ តើ​ពួក​គេ​ជា​នរណា? ហេតុ​អ្វី​បាន​ជា​ពួក​គេ​វាយ​ប្រហារ​គោល​ដៅ​លើ​វ៉ិបសាយថ៍​រដ្ឋាភិបាល និង​ស្ថាប័ន​ឯក​ជន​មួយ​ចំនួន? តើ​ពួក​គេ​ដឹង​ថា ខុស​ច្បាប់​ជាតិ និង​អន្ដរ​ជាតិ​ដែរ​ ឬ​ទេ? តើ​ពួក​គេ​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​ពី​អាជ្ញាធរ​ដែរ​ឬ យ៉ាង​ណា? ហើយ​ហេតុ​អ្វី​បាន​ជា​សមាជិក​ក្រុម Anynomous Cambodia និង​ Hackers ដទៃ​ទៀត​មានការ​កើន​ឡើង​នូវ​បរិមាណ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

(បទ​សម្ភាសន៍​ភាគ​ទី​១)

អំបាញ់​មិញ​នេះ ប្រិយមិត្ដ​ទើប​បាន​ស្ដាប់​បទ​សម្ភាសន៍​ជា​មួយ​នឹង​ Black Cyber ដែល​ជា​តំណាង​ក្រុម​វាយ​លុក​ប្រព័ន្ធ​អ៊ីនធើរណិត Anonymous Cambodia។ ដោយ​សារ​ពេល​ម៉ោង​មាន​កំណត់​ខ្ញុំ​សូម​បញ្ចប់​បទ​សម្ភាសន៍​នេះ​តែ​ត្រឹម​នេះ​សិន។ នៅ​សប្ដាហ៍ក្រោយ វិទ្យុ​អូស្រ្ដាលី​នឹង​នាំ​មក​ជូន​នូវ​បទ​សម្ភាសន៍​បន្ដ​ទៀត ដែល​មាន​ចំណុច​សំខាន់ៗ​ជា​ច្រើន​ដែល​វិទ្យុ​អូស្រ្ដាលី​បាន​សួរ​ទៅក្រុម​នេះ។