នៅព្រឹកថ្ងៃទី២៩ ខែមករា ម្សិលមិញនេះ ក្រុមអង្គការសង្គមស៊ីវិល ប្រមាណ១៩៧ រួមជាមួយ សកម្មជន និងប្រជាពលរដ្ឋរាប់រយនាក់ បាននាំគ្នាហែក្បួននាំយកញត្តិទៅដាក់ជូនស្ថានទូតសំខាន់ៗមួយចំនួន ដូចជាសិង្ហបុរី ប្រ៊ុយណេ ភូមា រួមទាំងស្ថាប័នអន្តរជាតិមួយចំនួនទៀតដែលមានមូលដ្ឋាន
នៅក្នុងរាជធានី ភ្នំពេញ ដើម្បីទាមទារឲ្យមានការដោះលែងជនស្លូតត្រង់ចំនួន២៣នាក់ ដែលត្រូវបានចាប់ឃុំខ្លួនដោយអយុត្តិធម៌ នៅពន្ធនាគារត្រពាំងផ្លុង ក្បែរព្រំដែនយួន ក្នុងហេតុការណ៍បង្ក្រាបការតវ៉ារបស់កម្មកររោងចក្រ ទាមទារដំឡើងប្រាក់ខែ កាលពីថ្ងៃទី០២-០៣ ខែមករា កន្លងទៅនេះ។ ដោយហេតុថា ពួកគេអត់បានប្រព្រឹត្តអ្វីខុសទេ គ្រាន់តែជាជនរងគ្រោះរងនូវការវាយដំ ធ្វើទារុណកម្មដោយហិង្សាពីសំណាក់អាជ្ញាធរប្រដាប់អាវុធ ក្រោមបញ្ជាគណបក្សប្រជាជនសូម្បីតែអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ក៏ធ្លាប់បានទាមទារឲ្យដោះលែងជនស្លូតត្រង់ទាំង២៣នាក់នេះ ឬផ្ទេរការឃុំឃាំងមកកាន់រាជធានីភ្នំពេញវិញ។
សកម្មជននិងប្រជាពលរដ្ឋ សុទ្ធសឹងតែជាអ្នកស្រឡាញ់យុត្តិធម៌ និងសិទ្ធិសេរីភាព បាននាំគ្នាដើរដង្ហែក្បួនកាន់បដាទាមទារឲ្យដោះលែងជនស្លូតត្រង់ទាំង ២៣នាក់ ឲ្យមានសេរីភាពវិញ ហើយក្នុងចំណោមសកម្មជនដែលបានរួមគ្នាហែក្បួននាំយកញត្តិទៅដាក់តាម ស្ថានទូតបរទេស និងស្ថាប័នអន្តរជាតិ ជាម្ចាស់ជំនួយបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគាត់នៅតែបន្តធ្វើសកម្មភាពរហូតទាល់តែអ្នកកាន់អំណាចយល់ព្រមដោះលែង ជនស្លូតត្រង់ទាំង២៣នាក់នោះ ដោយគ្មានលក្ខខណ្ឌ។ ក្នុងចំណោមការទាមទារក៏បានលើកឡើងពីវិធានការតាមផ្លូវច្បាប់ ដែលត្រូវតែនាំអ្នកកេះកៃកាំភ្លើង និងអ្នកបញ្ជាឲ្យមានការបាញ់ប្រហារទៅលើកម្មករ បណ្តាលឲ្យស្លាប់និងរងរបួសទៅផ្តន្ទាទោសតាមច្បាប់ មិនគួរបន្តវប្បធម៌និរទណ្ឌភាពទុកឲ្យជនដៃដល់ដែលនិយមធ្វើការ កាប់សម្លាប់រាស្ត្រស្លូតត្រង់អាចរួចផុតពីទោសពៃរ៍នោះទេ ព្រោះនិរទណ្ឌភាពបែបនេះគឺជារឿងគួរឲ្យភ័យខ្លាចបំផុត សម្រាប់ប្រជារាស្ត្រខ្មែរ បង្កើតឲ្យមានការអនុវត្តនយោបាយខុសឆ្គងដដែលៗ ផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។
ក្នុងចំណោមសកម្មជនដែលនាំគ្នាដើរដង្ហែក្បួននាំយកញត្តិទៅដាក់ តាមស្ថានទូតនោះ ក៏មានលោក ម៉ម សូណង់ដូ ដែលទើបតែរងនូវការវាយបង្ក្រាបដោយហិង្សា ពីសំណាក់សមត្ថកិច្ចប្រដាប់អាវុធ មុខក្រសួងព័ត៌មានផងដែរ ហើយនៅពេលសាកសួរពីវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការចូលរួមហែ ញត្តិនេះ លោក ម៉ម សូណង់ដូ បានបញ្ជាក់ថាគាត់ត្រូវ តែមកចូលរួម ព្រោះវាទាក់ទងនឹងបញ្ហាសិទ្ធិសេរីភាព និងជារឿងអយុត្តិធម៌ក្នុងសង្គម លោកត្រូវតែឈឺឆ្អាល មកចូលរួមជួយការពារខ្មែរទាំងអស់គ្នា លោកមិនមែនតស៊ូសម្រាប់បុគ្គលផ្ទាល់ខ្លួនទេ គឺសម្រាប់ផលប្រយោជន៍ខ្មែរទាំងអស់គ្នា យើងត្រូវតែមានឆន្ទៈរួមគ្នាដើម្បីការពារសិទ្ធិសេរីភាព ប្រជាពលរដ្ឋដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ លោក ម៉ម សូណង់ដូ បានបន្តទៀតថា ជាធម្មតារដ្ឋាភិបាលតែងតែចាត់ទុក ចោទប្រកាន់ទៅលើប្រជាពលរដ្ឋថាមិនគោរពរដ្ឋធម្មនុញ្ញ ប៉ុន្តែរឿងពិតជាក់ស្តែងរដ្ឋាភិបាលខ្លួនឯងទៅវិញទេដែលមិនគោរព រដ្ឋធម្មនុញ្ញ ហើយរឿងដែលប្រជាពលរដ្ឋនិងសកម្មជននាំគ្នាក្រោកឈរឡើងនៅពេលនេះ ក៏មិនមែនយកកាំភ្លើង យកអំពើហិង្សាទៅប្រើប្រាស់នោះដែរគ្រាន់តែធ្វើការតស៊ូមតិ ដើម្បីជំរុញឲ្យរដ្ឋាភិបាលគ្រប់គ្រងប្រទេសជាតិ ដឹកនាំប្រជាពលរដ្ឋទៅតាមរដ្ឋធម្មនុញ្ញ ធានាឲ្យមានភាពយុត្តិធម៌សង្គមពិតប្រាកដ សម្រាប់ប្រជារាស្ត្រខ្មែរទូទៅ។
លោក ម៉ម សូណង់ដូ ក៏បានកត់សម្គាល់ទៀតថា រដ្ឋាភិបាលល្មមបញ្ឈប់ការលាបពណ៌ចោទប្រកាន់ទៅលើប្រជាពលរដ្ឋ ហាឡើងចោទប្រកាន់អ្នកនេះអ្នកនោះថាគណបក្សនេះ គណបក្សនោះ ហើយបើហាឡើងនិយាយតែពីរឿងបក្ស ម្តេចអ្នកកាន់អំណាចមិនប្តូររដ្ឋធម្មនុញ្ញកុំឲ្យមានពាក្យថាសេរី ពហុបក្សទៅ។ ស្ថានភាពនាពេលបច្ចុប្បន្ននេះ បានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលកំពុងតែដើរផ្លូវខុស ដោយល្ងិតល្ងង់ជាទីបំផុត ហើយការគ្រប់គ្រងប្រទេស មិនបានផ្អែកតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញទេ គឺគ្រប់គ្រងតាមបែបបក្សនយោបាយ ដូច្នេះបើអ្នកកាន់អំណាចនិយាយពីរឿងបក្សនយោបាយ មានន័យយ៉ាងច្បាស់ថាអ្នកកាន់អំណាចមានបំណងបែងចែកប្រជាពលរដ្ឋជា២ ឲ្យប្រជាពលរដ្ឋឈ្លោះគ្នា។
លោក ម៉ម សូណង់ដូ បានបញ្ជាក់ទៀតថា ”សព្វថ្ងៃនេះ គាត់កំពុងតែញុះញង់ខ្មែរនិងខ្មែរឲ្យឈ្លោះគ្នា បានសេចក្តីថាប្រជាពលរដ្ឋឈ្លោះគ្នាជាមួយប៉ូលិសទាហាន ហើយគាត់អង្គុយគងអន្ទាក់ខ្លា ស៊ីគុយទាវ ច្រៀងខារ៉ាអូខេ ធ្វើអ៊ែងអើយ ទុកឲ្យខ្មែរនិងខ្មែរនៅថ្នាក់ក្រោមកាប់ចាក់គ្នា។ យើងត្រូវមានការពិចារណា ដូច្នេះប៉ូលិសទាហានដែលមានឈាមជ័រជាខ្មែរ គាត់ក៏មានមនោសញ្ចេតនាដែរ ប៉ុន្តែពួកគាត់មានការបញ្ជា យើងត្រូវអនុគ្រោះចំពោះគាត់ កុំខឹងជាមួយប៉ូលិសទាហានគឺយើងត្រូវតែរួមកម្លាំងគ្នា ធ្វើយ៉ាងដូចម្តេចឲ្យរដ្ឋាភិបាលគ្រប់គ្រងប្រទេសជាតិ ដោយយករដ្ឋធម្មនុញ្ញជាគោលដៅ យកច្បាប់ជាធំ យកសេរីភាពនិងយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា កុំឲ្យតែពេលដែលប្រជាពលរដ្ឋតវ៉ា គេចោទថាធ្វើនយោបាយ ចុះបើយើងធ្វើនយោបាយ វាទើសក្បាលអ្វីពួកគាត់”។
លោក ម៉ម សូណង់ដូ បានបន្តទៀតថា អ្វីៗដែលយើងបានធ្វើគឺអនុលោមទៅតាមច្បាប់ ទោះជាយើងធ្វើនយោបាយក៏ដោយពេលណាដែលយើងមានសិទ្ធិគ្រប់គ្រងវិទ្យុ ឬអ្វីមួយ យើងគ្រប់គ្រងតាមបែបអព្យាក្រឹត ទៅតាមច្បាប់ទម្លាប់រដ្ឋធម្មនុញ្ញ ធ្វើយ៉ាងដូចម្តេចឲ្យមានការអភិវឌ្ឍន៍ ឲ្យប្រទេសយើងមានសេចក្តីសុខសន្តិភាព កុំឲ្យខ្មែរនិងខ្មែរឈ្លោះគ្នា ឲ្យមានតម្លាភាព រួមកម្លាំងគ្នាដើម្បីអភិវឌ្ឍន៍ជាតិទាំងអស់គ្នា។ សកម្មភាពហែក្បួននាំយកញត្តិទៅដាក់ជូនស្ថានទូតបរទេសនិងស្ថាប័ន អន្តរជាតិសំខាន់ៗបានធ្វើឡើងប៉ុន្មានលើករួចមកហើយ បើទោះបីជាប្រឈមនឹងការគំរាមកំហែង ការបំភិតបំភ័យ ឬការវាយបង្ក្រាបបែបណាក៏ដោយ ក៏ក្រុមអ្នកតស៊ូដើម្បីសិទ្ធិសេរីភាពនៅតែមានឆន្ទៈ ក្លាហាន មោះមុតធ្វើការទាមទារតវ៉ារហូតទាល់តែអ្នកកាន់អំណាចយល់ព្រមដោះលែង សកម្មជនទាំង២៣នាក់នោះឲ្យមានសេរីភាពឡើងវិញ។
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានថ្កោលទោសយ៉ាងពេញទំហឹងទៅលើសកម្មភាពប្រើអំពើហិង្សាពីសំណាក់ក្រុម ជនបិទមុខ ជាកម្លាំងក្រៅប្រព័ន្ធក៏ដូចជាសមត្ថកិច្ចប្រដាប់អាវុធ ធ្វើការបង្ក្រាបដោយលើសលប់ទៅលើក្រុមអ្នកតវ៉ាសម្តែងមតិ ក្នុងពេលកន្លងមក ជាពិសេសមានការអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងម្ចាស់ជំនួយសំខាន់ៗមានវិធានការដាក់ទណ្ឌកម្ម និងសម្ពាធផ្សេងៗមកលើអ្នកកាន់អំណាចនៅស្រុកខ្មែរឲ្យកែទម្រង់របៀប ដឹកនាំរបស់ខ្លួន និងបញ្ឈប់ជាបន្ទាន់នូវការធ្វើបាបប្រជារាស្ត្រស្លូតត្រង់ ជាពិសេសត្រូវដោះលែងប្រជាពលរដ្ឋចំនួន២៣នាក់ ដែលត្រូវបានចាប់ឃុំខ្លួននក្នុងពន្ធនាគារដោយអយុត្តិធម៌។ យ៉ាងណាក៏ដោយសហគមន៍អន្តរជាតិបានអំពាវនាវឲ្យអ្នកកាន់អំណាចនៅស្រុក ខ្មែរដកចេញនូវបម្រាមនៃការជួបជុំសម្តែងមតិតវ៉ាដោយសន្តិវិធី ព្រោះការសម្តែងមតិនេះមានចែងនិងធានាដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល និងត្រូវបានការពារដោយឧបករណ៍អន្តរជាតិជាច្រើនទៀត ដូច្នេះរឿងដែលអ្នកកាន់អំណាចនៅស្រុកខ្មែរបំបិទសិទ្ធិសេរីភាព ប្រជាពលរដ្ឋមិនឲ្យមានការជួបជុំសម្តែងមតិដោយសន្តិវិធី គឺជាការបំពានលើរដ្ឋធម្មនុញ្ញទាំងស្រុងទើបសកម្មជននាំគ្នាក្រោកឈរឡើង ទាមទារឲ្យអ្នកកាន់អំណាចគោរពតាមរដ្ឋធម្មនុញ្ញឡើងវិញ៕
ប្រភព៖មនសិការខ្មែរ