Pages

Thursday, January 30, 2014

ប្រវត្តិ​ទំនាក់ទំនង និង​វប្បធម៌​ជនជាតិ​ចិន​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​ជន​ជាតិ​កម្ពុជា​អស់​​ពេល​ យូរ​លង់​ណាស់​មក​ហើយ​។ នៅ​ក្នុង​ខណៈ​ពេល​ដែល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​ជិត​ចូល​មក​ដល់​ខាង​ មុខ​នេះ លោក​សាស្ត្រាចារ្យ សំបូរ ម៉ា​ណា​រ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នឹង​រំលឹក​ឡើង​វិញ​ឥទ្ធិពល ​និង​ទំនាក់​ទំនង​របស់​ជន​ជាតិចិន​ជាមួយ​កម្ពុជា។

Dragon head
ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា ​ការ​កកើត​ទឹកដី​ខ្មែរ​មាន​ការ​ជាប់​ទាក់​ទង​យ៉ាង​ជិតស្និទ​នឹង​ការ​ចូល​មក​ដល់​នៃ​ជន​ជាតិ​ចិន។ ឈ្មោះ​អាណាចក្រ​ខ្មែរ​ និង​សម័យ​កាល​ទាំង​ឡាយ​ដូច​ជា​ហ្វូណន, ចេនឡា, ព្រះ​នាង​លីវ យី និង​ព្រះ​នាម​ព្រះ​រាជា​ខ្មែរ​ជាច្រើន​ទៀត​សុទ្ធ​តែ​បាន​យក​លំ​អាន​តាម​ចិន។ ជា​មួយ​គ្នា​នេះ កម្ពុជា ​និង​ចិន​បាន​រក្សា​ទំនាក់ទំនង​ល្អ​តាំង​ពី​ដើម​រហូត​មក​ទល់​បច្ចុប្បន្ន។
លោក​សាស្ត្រាចារ្យ សំបូរ ម៉ា​ណា​រ៉ា អនុប្រធាន​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ថ្លែង​ថា ​វប្បធម៌ ​និង​ប្រពៃណី​របស់​ជន​ជាតិ​ចិន​បាន​ជះ​ឥទ្ធិពល​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​ផ្នត់​គំនិត​ និង​ជីវភាព​រស់​នៅ​របស់​ព​ល​រដ្ឋ​ខ្មែរ។
(សំឡេង​លោក​សាស្ត្រាចារ្យ សំបូរ ម៉ា​ណា​រ៉ា)
បើតាម​លោក​សាស្ត្រាចារ្យ បាន​ឲ្យ​ដឹង​ថា​ ការហូ​ចូល​នៃ​ជន​ជាតិ​ចិន​មក​កម្ពុជា​គឺ​តាម​រយៈ​ឈ្មួញ​ និង​ការ​ធ្វើ​ជំនួញ។ ក្រៅ​ពី​នេះ​ការ​ទំនាក់ទំនង​តាម​រយៈ​ការ​រៀប​អាពាហ៍​ពិពាហ៍ និង​ចលនា​នៃ​បន្លាស់​ទី​ក៏​រឹង​រឹត​តែ​បាន​បង្កើន​ចំនួន​ជន​ជាតិ​ចិន​រស់​នៅ​កម្ពុជា។

(សំឡេង​លោក​សាស្ត្រាចារ្យ សំបូរ ម៉ា​ណា​រ៉ា)

លោក​សំបូរ ម៉ា​ណា​រ៉ា​បាន​បន្តថា ​នៅ​ពេល​ដែល​ជន​ជាតិ​ចិន​ចូល​មក​រស់​នៅ​កាន់​តែ​ច្រើន​ នោះ​ការរីក​សាយ​ភាយ​នៃ​វប្បធម៌​ចិន ជា​ពិសេស​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​ក៏​ធ្វើ​កាន់តែ​ធំដុំ​ និង​អធិក​អធម។ ម្យ៉ាង​វិញ​ទៀត​គេ​សង្កេត​ឃើញ​ថា​ ជនជាតិ​ចិន​ និង​ខ្មែរ​តែង​តែ​ផ្តល់​តម្លៃ​ និង​គោរព​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មក។

(សំឡេង​លោក​សាស្ត្រាចារ្យ សំបូរ ម៉ា​ណា​រ៉ា)

បើតាម​លោក​ សំបូរ ម៉ា​ណា​រ៉ា​ បាន​ថ្លែង​ថា​ ការ​ជះ​ឥទ្ធិពល​នៃ​វប្បធម៌​ចិន​ក៏​ដូច​ជា​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​មិន​បាន​ផ្តល់​ផល​អវិជ្ជមាន​ដល់​សង្គម​ខ្មែរ​នោះ​ទេ។

(សំឡេង​លោក​សាស្ត្រាចារ្យ សំបូរ ម៉ា​ណា​រ៉ា)

ដើម្បី​បញ្ជៀ​ស​នូវ​ផល​អវិជ្ជមាន ​និង​ប្រការ​អាក្រក់​នានា​ទាំង​ឡាយ​ដែល​អាច​កើត​ឡើង​នៅ​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន លោក ​សំបូរ ម៉ា​ណា​រ៉ា​ បាន​ថ្លែង​ថា ​ពលរដ្ឋ​ទាំង​ឡាយ​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើដំណើរ​ និង​កុំ​ទទួល​ទាន​គ្រឿង​ស្រវឹង។

(សំឡេង​លោក​សាស្ត្រាចារ្យ សំបូរ ម៉ា​ណា​រ៉ា)

ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​ ឬ​ការបើកចំហរ​ឲ្យ​មាន​ពិធី​បុណ្យ​នានា​របស់​ជន​ជាតិ​ចិន​នៅ​កម្ពុជា​ជា​ការ​បង្ហាញ​ពី​សន្តាន​ចិត្ត​ទូលាយ​របស់​ខ្មែរ ​ក្នុង​ការ​រួប​រួម​គ្នា​ជា​មិត្ត​ជា​ជាង​ការ​បង្កើត​សត្រូវ​ក្នុង​សង្គម។

(សំឡេង​លោក​សាស្ត្រាចារ្យ សំបូរ ម៉ា​ណា​រ៉ា)

បើតាម​លោក​សាស្ត្រាចារ្យ​បាន​បញ្ជាក់​ថា​ ជន​ជាតិ​ចិន​រស់​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​គ្រប់​ប្រទេស​នានា​ក្នុង​ពិភព​លោក។ ជន​ជាតិ​ចិន​តែង​តែ​គោរព​នូវ​ច្បាប់​ទម្លាប់​របស់​ម្ចាស់​ប្រទេស និង​បាន​នាំ​មក​ជា​មួយ​នូវ​ផ្នត់​គំនិត​រីកចំរើន​ទាំង​សេដ្ឋកិច្ច​ និង​សង្គម។

លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ថា​ លោក​មិន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ចំនួន​កំណើន​នៃ​ការ​រស់​នៅ​របស់​ជន​ជាតិ​ចិន​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​នោះ​ទេ ពី​ព្រោះ​ច្បាប់​ជា​អ្នក​គ្រប់​គ្រង។ ផ្ទុយ​ទៅ​វិញ​ឥទ្ធិពល​នៃ​វប្បធម៌​ចិន​បាន​រួម​ចំណែក​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស។

(សំឡេង​លោក​សាស្ត្រាចារ្យ សំបូរ ម៉ា​ណា​រ៉ា)

ឥទ្ធិពល​នៃ​វប្បធម៌​ចិន​បាន​ជ្រួត​ជ្រាប​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សង្គម​ខ្មែរ​តាំង​ពី​បុរាណ​កាល​មក។ លោក​សាស្ត្រា​ចារ្យ​បាន​បន្ថែមថា​ ពលរដ្ឋ​ខ្មែរ​បាន​ទទួល​យក​ឥទ្ធិពល​នៃ​វប្បធម៌​ចិន​មក​ប្រតិបត្តិ​ និង​គោរព​ដោយ​សារ​តែ​វប្បធម៌​ចិន​មាន​លក្ខណៈ​ដូចគ្នា​នឹង​ផ្នត់​គំនិត​មនុស្ស​ខ្មែរ​គឺ​ការផ្តល់​តម្លៃ​ និង​គោរព​ដូនតា។

(សំឡេង​លោក​សាស្ត្រាចារ្យ សំបូរ ម៉ា​ណា​រ៉ា)

ពិធីបុណ្យ​ចូលឆ្នាំ​ចិន នឹង​មក​ដល់​នៅ​បំណាច់​ខែ​ខាង​មុខ​នេះ។ ជា​ចុងក្រោយ​លោក​សាស្ត្រាចារ្យ​បាន​បញ្ជាក់​ថា​ ការ​រួម​ចំណែក​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​តែង​តែ​ផ្តល់នូវ​មង្គល​ដល់​ពលរដ្ឋ​ និង​សង្គម ​ពី​ព្រោះ​វប្បធម៌​ណា​ក៏​ដោយ​មិន​ដែល​ជា​ស​ត្រូវ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​តែង​តែ​នាំ​មក​នូវ​ការ​អភិ​វ​ឌ្ឍ៕