Pages

Monday, January 27, 2014

ប្រធានាធិបតីបារាំង​ហូឡង់​ និង​លោកស្រី​វ៉ាឡេរី​ ចែក​ផ្លូវគ្នា​

ដោយ ព្រំ សឿន សូលីណា
នៅថ្ងៃ​សោរ៍​ចុងសប្តាហ៍​នេះ ប្រធានាធិបតី​បារាំង ហ្វ្រង់ស៊័រ ហូឡង់ ​បានប្រាប់​សារព័ត៌មាន​​ អាអេហ្វប៉េ ជាផ្លូវការ​ថា លោកបាន​​ចែកផ្លូវ លែង​រួមរស់​ជាមួយ​លោកស្រី​វ៉ាឡេរី ទ្រីយែរ-វេឡឺ ទៀតហើយ។ ការប្រកាស​ពី​ការបែកបាក់គ្នា​នេះ ធ្វើឡើង​តែ​២សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​មាន​ការផ្ទុះ​រឿងអាស្រូវ​ស្នេហា​លួចលាក់​រវាង​លោក​ហូឡង់ និង​តារា​កំប្លែង​​ ហ្សុយលី ហ្កៃយេត។នៅថ្ងៃអាទិត្យ​នេះ លោកស្រី​វ៉ាឡេរី ជាអតីតជំទាវ​ទី១​នៅបារាំង​​ បាន​បំពេញ​ទស្សនកិច្ច​​នៅ​ឥណ្ឌា ក្នុង​ក្របខណ្ឌ​មនុស្សធម៌​​ ដើម្បី​គាំទ្រ​​អង្គការបារាំង​​​ប្រយុទ្ធ​នឹង​ភាព​អត់ឃ្លាន​​ ហៅកាត់ថា អង្គការ​ ACF។
នៅប្រទេស​បារាំង បន្ទាប់​ពីរង​ការផ្ទុះ​រឿងអាស្រូវ​ស្នេហា​លួចលាក់​​ជាមួយ​​តារា​កំប្លែង​​ ហ្សុយលី ហ្កៃយេត នៅទីបំផុត​ ប្រធានាធិបតី​​ហ្វ្រង់ស៊័រ ហូឡង់​ បាន​គូសបញ្ជាក់​ពី​​​រឿង​ផ្ទាល់​របស់​លោក។ ប្រធានាធិបតី​បារាំង​ បាន​ប្រាប់សារព័ត៌មាន​បារាំង​ កាលពីថ្ងៃសៅរ៍​​ចុង​សប្តាហ៍​​កន្លងទៅ​ថា លោកបាន​ចែកផ្លូវដើរ​ជាមួយ​​​លោកស្រី វ៉ាឡេរី ទ្រីយែរ​វេឡឺ ហើយ។ កាលពីថ្ងៃ​ព្រហស្បតិ៍​មុន លោកហូឡង់ និង​លោកស្រី វ៉ាឡេរី បាន​បរិភោគ​អាហារជាមួយគ្នា ដើម្បី​រៀបចំ​​ការចែកផ្លូវ​ជីវិត​ដាច់​ពីគ្នា​ ជាផ្លូវការ​នេះ។

គួររំលឹក​ថា លោកស្រី វ៉ាឡេរី អាយុ​៤៨ឆ្នាំ ជា​អ្នកសារព័ត៌មាន​​នយោបាយ​មួយរូប។ លោកស្រី​ និង​លោក​ហូឡង់ មិនបានរៀបការនឹងគ្នា​ទេ។ កាលពីឆ្នាំ​២០១០ លោកហូឡង់​បានបង្ហាញ​ជាផ្លូវការ​ដល់​សាធារណជន នូវទំនាក់ទំនង​​​រវាង​លោក​និង​លោកស្រី វ៉ាឡេរី ជា​គូ​ប្រចាំ​ជីវិត​។ មុនមាន​ទំនាក់ទំនង​ជាមួយ​វ៉ាឡេរី លោកហូឡង់​​ធ្លាប់មាន​កូន៤នាក់ ជាមួយ​អតីត​​គូជីវិត​លោក​​​ គឺលោកស្រី សេហ្កូឡែន រ៉យយ៉ាល់ ដែលធ្លាប់ជា​បេក្ខភាព​​ប្រធានាធិបតី​​បារាំង​ ជុំទី២ កាលពី​ឆ្នាំ២០០៧ ប្រជែង​នឹង​លោក​សាកូហ្ស៊ី។

នៅពេលនេះ លោកស្រី វ៉ាឡេរី អស់​ឋានៈ​ជាជំទាវទី១​ នៅបារាំង​ទៀតហើយ។ ការសំរេច​របស់​ប្រធានាធិបតី​បារាំង ក្នុង​ការ​ចែកផ្លូវដើរ​ជាមួយ​លោកស្រី​វ៉ាឡេរី ​ហាក់​បានធ្វើអោយ​អ្នកនយោបាយ​មួយចំនួន មានការ​​រីករាយ​ ព្រោះថា ​ពេលនេះ សារព័ត៌មាននានា​ដែល​តែងតែ​ចុះផ្សាយ​ពី​ជីវិត​ផ្ទាល់ខ្លួន របស់​តារា​ រឺ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នានា​នោះ អាច​បន្ថយ​ការចាប់អារម្មណ៍​លើ​រឿងផ្ទាល់ខ្លួន​របស់​លោកហូឡង់។ ដូច្នេះ លោក​ហូឡង់អាច​នឹង​ដកខ្លួន​ពីរឿងអាស្រូវ ហើយ​ងាក​មកចាប់អារម្មណ៍​ពីបញ្ហា​សំខាន់ជាងនេះ ដែល​បារាំង​កំពុង​ប្រឈម​មុខ​ នោះគឺ​​​បញ្ហា​ជនគ្មានការងារធ្វើ ឳនភាព​ថវិកា រឺក៏បំណុល​​របស់​រដ្ឋជាដើម។ ​

ដោយឡែក កន្លងមក​ ដោយសារ​តែ​លោកស្រី វ៉ាឡេរី និង​លោក​ហូឡង់ មិនបាន​រៀបការ​ជាមួយ​គ្នា​នោះ ធ្វើអោយ​មាន​ការចោទសួរ​លើ​លក្ខន្តិកៈ​ជំទាវទី១ នៅបារាំង។ ព្រោះថា​ជំទាវទី១ ថ្វីបើ​មិនមានប្រាក់ខែ​អ្វីក្តី តែ​មានសិទ្ធិ​សម្រេច​ថា ខ្លួនត្រូវ​ធ្វើអ្វី​ក្នុង​ពេល​ប្រធានាធិបតី​បារាំងកាន់អំណាច។ ហើយប្រាក់បៀវត្ស​​អ្នកធ្វើការក្រោមបង្គាប់របស់​ជំទាវទី១​ គឺស្ថិត​ក្នុង​បន្ទុក​រដ្ឋបារាំង​ទាំងស្រុង។ ដូច្នេះ អ្នកនយោបាយ​មួយចំនួន​មិនចង់​អោយ​រដ្ឋាភិបាល​ខ្ជះខ្ជាយ​រឿងចាយវាយ​ឥតប្រយោជន៍នេះទេ៕