នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល បន្ទាប់ពីមានការពិភាក្សា ពិគ្រោះយោបល់យ៉ាងយូរមក លោកស្រីប្រធានាធិបតីថ្មី កាទ្រីន សំបា ប៉ង់ហ្សាបានសម្រេចជ្រើសតំាងលោកអង់ដ្រេ ហ្សាប៉ាយេកេឲ្យធ្វើជានាយករដ្ឋមន្រ្តីថ្មី។ បច្ចុប្បន្នមានតួនាទីជាអនុប្រធានធនាគារអភិវឌ្ឍន៍នៃបណ្តារដ្ឋអាហ្រ្វិកកណ្តាល អ្នកបច្ចេកាធិបតេយ្យរូបនេះបានឡើងកាន់តំណែងក្នុងប្រទេសមួយដែលកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ។ តើលោកអង់ដ្រេ ហ្សាប៉ាយេកេមានប្រវត្តិរូបយ៉ាងដូចម្តេចខ្លះ?
២ថ្ងៃ ក្រោយពីបានធ្វើសច្ចាប្រណិធានចូលកាន់តំណែងប្រធានាធិបតីសាធារណរដ្ឋអាហ្រ្វិកកណ្តាលមក លោកស្រីកាទ្រីន សំបា ប៉ង់ហ្សាបានជ្រើសរើសរូបនាយករដ្ឋមន្រ្តីម្នាក់ដែលមានបុគ្គលិកលក្ខណៈដូចដែលលោកស្រីបានសន្យា គឺអ្នកបច្ចេកាធិបតេយ្យ លោកអង់ដ្រេ ហ្សាប៉ាយេកេ។ កើតថ្ងៃទី២០ សីហា ឆ្នំា ១៩៥១ នៅស្រុកបង់ហ្គាស៊ូស្ថិតប៉ែកអាគ្នេយ៍ លោកអង់ដ្រេគឺជាអតីតបុគ្គលិកធនាគារអភិវឌ្ឍន៍អាហ្រ្វិក និងដែលបច្ចុប្បន្ន មានតំណែងជាអនុប្រធានធនាគារអភិវឌ្ឍន៍នៃបណ្តារដ្ឋអាហ្រ្វិកកណ្តាលតំាងពីដំណាច់ឆ្នំា ២០១២ មក។ លោកធ្លាប់បានសិក្សារៀនសូត្រក្នុងប្រទេសហូឡង់ និងធ្លាប់បានធ្វើការនៅក្នុងវិស័យអភិវឌ្ឍន៍អស់រយៈពេលជាច្រើនឆ្នំា។
ឈ្មោះលោកអង់ដ្រេមិនសូវមាននរណាស្គាល់ និងក៏មិនសូវល្បីល្បាញប៉ុន្មានទេនៅក្នុងមជ្ឈដ្ឋានជាតិនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល។ តែគឺនៅលើឆាកអន្តរជាតិឯណោះទេដែលឈ្មោះលោកអង់ដ្រេ ហ្សាប៉ាយេកេល្បីល្បាញខ្លំាង និងមានគេស្គាល់ច្រើន។ នេះក៏ដោយសារថា លោកបានធ្វើការងារជាមួយនឹងស្ថានប័នអន្តរជាតិផ្សេងៗមានដូចជា ធនាគារពិភពលោក ឬមួយក៏អង្គការសហប្រជាជាតិជាដើម។ នៅធនាគារអភិវឌ្ឍន៍អាហ្រ្វិក លោកអង់ដ្រេបានរួមសហការណ៍ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពរវាងភាគីជម្លោះនៅក្នុងប្រទេសស៊ូដង់។ នៅក្នុងធនាគារអភិវឌ្ឍន៍អាហ្រ្វិកនេះដដែល លោកអង់ដ្រេក៏មានតួនាទីរដ្ឋបាលសម្រាប់អាហ្រ្វិកកណ្តាលដែរ។
គឺជាមួយនឹងបទពិសោធន៍របស់លោកអង់ដ្រេ ហ្សាប៉ាយេកេទំាងអស់នេះហើយដែលលោកស្រីប្រធានាធិបតីថ្មីកាទ្រីន សំបា ប៉ង់ហ្សាសង្ឃឹមថា នឹងអាចចូលរួមជួយស្រោចស្រង់វិបត្តិធ្ងន់ធ្ងរដែលសាធារណរដ្ឋអាហ្រ្វិកកណ្តាលកំពុងពើបប្រទះនាពេលសព្វថ្ងៃ។ អ្វីជាការកត់សម្គាល់ ពិតមែនតែលោកអង់ដ្រេ ហ្សាប៉ាយេកេមិនមែនជាបេក្ខជនរបស់ក្រុមឧទ្ទាមសេលេកាក៏ដោយ ក៏ក្រុមមួយនេះមិនបានប្រឆំាងនឹងជម្រើសរបស់លោកស្រីប្រធានាធិបតីដែរ និងថា ពួកគេក៏គ្មានបំណងណាមួយដើម្បីរារំាងដំណើរស្វែងរកសន្តិភាពនោះទេ។ កិច្ចការបន្តរបស់លោកនាយករដ្ឋមន្រ្តីថ្មី គឺការរៀបចំសមាភាពរដ្ឋាភិបាលថ្មីដើម្បីបិទបញ្ចប់វិបត្តិអូសបន្លាយរបស់ប្រទេសអាហ្រ្វិកមួយនេះ៕