Pages

Saturday, January 25, 2014

អ.ស.ប.អំពាវនាវ​រដ្ឋាភិបាល​ភូមា​ឲ្យ​បើក​ការស៊ើបអង្កេត​ជុំវិញ​ការស្លាប់​របស់​ពួក​រ៉ូហ៊ីនយ៉ា

ប្រធាន​ឧត្តមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ថ្ងៃទី១៨ តុលា ឆ្នំា ២០១២
ដោយ គួច គន្ធារ៉ា
អង្គការ​សហប្រជាជាតិ តាម​រយៈ​ឧត្តមស្នងការ​ទទួល​បន្ទុកសិទ្ធិមនុស្ស​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ភូមា​ផ្តើម​ការស៊ើបអង្កេត​ជា​បន្ទាន់​ជុំវិញ​ព្រឹត្តិការណ៍​វាយបង្រ្កាប​លើ​ភូមិ​មួយ​របស់​ក្រុមជនជាតិ​ភាគតិច​រ៉ូហ៊ីនយ៉ា អ្នកកាន់​សាសនា​អ៊ីស្លាម​នៅ​ប៉ែកខាងលិច​ប្រទេស​កាល​ពី​សប្តាហ៍​កន្លង​ទៅ។ គឺ​ជា​តំបន់​ដែល​បាន និង​កំពុង​បន្ត​ស្ថិត​ភាព​តានតឹង​តំាង​ពី​ក្រោយ​ផ្ទុះ​អំពើហិង្សា​រវាង​សហគមន៍​អ្នកកាន់សាសនា​អ៊ីស្លាម និង​អ្នកកាន់សាសនា​ព្រះពុទ្ធ​ក្នុង​ឆ្នំា ២០១២។នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ​ចេញ​ផ្សាយ​កាល​ពី​យប់​ថ្ងៃព្រហស្បតិ៍ ទី២៣ មករា លោកស្រី​ណាវី ពីឡេ (Navi Pillay) ប្រធាន​ឧត្តមស្នងការ​ទទួល​បន្ទុកសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ណៃពីដ៏​បើក​ការ​ស៊ើបអង្កេត​មួយ​ពេញ​លក្ខណៈ ជា​បន្ទាន់ និង​គ្មាន​លំអៀង​ជុំវិញ​ការ​ស្លាប់​របស់​ក្រុម​ជនជាតិ​ភាគតិច​រ៉ូហ៊ីនយ៉ា។ យោង​តាម​លោកស្រី​ណាវី អង្គការ​សហប្រជាជាតិ​បាន​ទទួល​ព័ត៌មាន​ជាក់ច្បាស់​ស្តីពី​ការ​វាយប្រហារ​ប្រឆំាង​លើ​ពួកអ្នកកាន់សាសនា​អ៊ីស្លាម​រ៉ូហ៊ីនយ៉ា​នៅ​ប៉ែកខាងលិច​រដ្ឋ​រ៉ាក់ឃីន។ ជា​តំបន់​ដែល​សម្បូរ​ដោយ​ក្រុមជនជាតិ​ភាគតិច​រ៉ូហ៊ីនយ៉ា​រស់នៅ និង​ដែល​ការ​ធ្វើ​ដំណើរ​ចេញ ចូល​របស់​ពួក​គេ​ត្រូវ​បាន​ទទួល​ការ​ត្រួតពិនិត្យ ឆែកឆេរ​យ៉ាង​តឹងតែង​ពី​សំណាក់​កម្លំាង​សន្តិសុខ។
 
យោង​តាម​តួលេខ​ផ្តល់​ដោយ​អ.ស.ប. មាន​ពួក​រ៉ូហ៊ីនយ៉ា​យ៉ាង​តិច​ណាស់ ៤០នាក់ ក្នុង​នោះ​មាន​ប្រុស ស្រី និង​កូនក្មេង​ត្រូវ​បាន​ក្រុមប៉ូលិស និង​ពួក​អ្នកកាន់សាសនា​ព្រះពុទ្ធ​បាញ់​សម្លាប់​កាល​ពី​សប្តាហ៍​មុន ក្រោយ​ពី​ពួក​រ៉ូហ៊ីនយ៉ា​បាន​សម្លាប់​ប៉ូលិស​ម្នាក់​មក។ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ណា​មួយ​ពី​សំណាក់​រដ្ឋអំណាច​ភូមា​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អង្គការ​សហប្រជាជាតិ​នា​ថ្ងៃ​នេះ​ទេ។ តែ​កន្លង​មក ទីក្រុង​ណៃពីដ៏​ធ្លាប់​បាន​បដិសេធ​ពី​ការ​ស្លាប់​ជនជាតិ​រ៉ូហ៊ីនយ៉ា​នៅ​ក្នុង​ព្រឹត្តិការណ៍​វាយបង្រ្កាប​នោះ។ គួរ​ជម្រាប​ជូន​ថា តំាង​ពី​ឆ្នំា ២០១២ មក រដ្ឋរ៉ាក់ឃីន​បាន​ក្លាយ​ជា​ឆាក​វាយប្រហារ​គ្នា​យ៉ាង​ហិង្សា​រវាង​ក្រុម​អ្នកកាន់សាសនា​អ៊ីស្លាម និង​អ្នកកាន់សាសនា​ព្រះពុទ្ធ​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ២៥០នាក់ និង​អ្នករត់ចោល​លំនៅដ្ឋាន​ប្រមាណ​ជា ១៤០ ០០០នាក់ ភាគច្រើន​ជា​ពួក​រ៉ូហ៊ីនយ៉ា។
 
យោង​តាម​ព័ត៌មាន​ផ្តល់​ដោយ Human Rights Watch ប៉ូលិស​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ឃាត់​ខ្លួន​បុរស និង​ក្មេងប្រុស​រ៉ូហ៊ីនយ៉ា​ដែល​មាន​អាយុ​ចាប់​ពី ១០ឆ្នំា​ឡើង​ទៅ​នៅ​ក្នុង​រដ្ឋរ៉ាក់ឃីន។ បច្ចុប្បន្ន​នេះ មាន​ពួក​ជនជាតិ​ភាគតិច​រ៉ូហ៊ីន​ប្រមាណ​ជា ៨០០ ០០០នាក់​រស់នៅ​ក្នុង​រដ្ឋរ៉ាក់ឃីន។ តែ​បញ្ហា​នៅ​ត្រង់​ថា រដ្ឋអំណាច​ភូមា​មិន​ដែល​ចាត់​ទុក​ពួក​គេ​ជា​ជនជាតិ​ភាគតិច​ទេ តែ​ជា​ជនអន្តាប្រវេសន៍​ខុស​ច្បាប់​មក​ពី​ប្រទេស​បង់ក្លាដែស។ សម្រាប់​អ.ស.ប. រ៉ូហ៊ីនយ៉ា ជា​ជនជាតិ​ភាគតិច​មួយ​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ​ក្នុង​លោក និង​ក៏​ជាជនជាតិ​ភាគតិច​ដែល​បាន​ទទួល​រង​ការ​ធ្វើ​បាប​ខ្លំាង​ជាង​គេ​ដែរ៕