Pages

Saturday, January 25, 2014

គ្មាន​ជំនួប​ទល់មុខគ្នា​រវាង​តំណាងរដ្ឋាភិបាល​ស៊ីរី និង​ក្រុមប្រឆំាង​ស៊ីរីទេ

លោក​ឡាក់ដា ប្រាហ៊ីមី អន្តរការី​របស់​អង្គការសហប្រជាជាតិ
ដោយ គួច គន្ធារ៉ា
នៅ​ថ្ងៃ​សុក្រ ទី២៤ មករា តំណាង​រដ្ឋាភិបាល​ស៊ីរី និង​ក្រុមប្រឆំាង​ស៊ីរី​មិន​បាន​អង្គុយ​ជួប​ទល់​មុខ​គ្នា​ដូច​ដែល​បាន​គ្រោង​ទុក​នា​ជំនួប​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​ទេ។ លោក​ឡាក់ដា ប្រាហ៊ីមី​ដែល​ជា​អន្តរការី​របស់​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ទទួល​ជួប​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​តំណាង​
រដ្ឋាភិបាលស៊ីរី និង​ក្រុមប្រឆំាង​ស៊ីរី។ ហេតុអ្វី​បាន​ជា​គូបដិបក្ខ​ទំាង​ពីរ​មិន​អាច​អង្គុយ​ចរចា​ក្នុង​តុ​តែ​មួយ​ជាមួយ​គ្នា​បាន?គឺ​គេ​ត្រូវ​រង់ចំា​រហូត​ដល់​ដើមរសៀល​ថ្ងៃទី២៤ មករា ទើប​លោក​ឡាក់ដា ប្រាហ៊ីមី​ដែល​ជា​អន្តរការី​របស់​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​មិន​រៀបចំ​ជំនួប​ទល់មុខ​គ្នា​រវាង​រដ្ឋាភិបាលស៊ីរី​តំណាង​ដោយ​ប្រមុខ​ការទូត និង​ក្រុមប្រឆំាង​ស៊ីរី​ទេ។ លោក​ប្រាហ៊ីមី​ដែល​នៅ​ទីបំផុត ក៏​បាន​ទទួល​ជួប​ភាគី​នីមួយៗ​ដាច់​ដោយឡែក​ពី​គ្នា។ តែ​យ៉ាង​ណា​ក៏​ដោយ អ្នកនំាពាក្យ​របស់​អង្គការ​សហប្រជាជាតិ​មិន​បាន​ចាត់​ទុក​កិច្ចការ​នេះ​ថា ជា​រឿង​បរាជ័យ​ដែរ និង​ថា គេ​ត្រូវ​រង់ចំា​មើល​ជា​បន្ត​ទៀត​នា​ពេល​ខាង​មុខ។
 
តាម​ពិត​ទៅ គឺ​ក្រុមប្រឆំាង​រដ្ឋាភិបាល​ស៊ីរី​ទេ ដែល​បាន​បដិសេធ​មិន​ចូល​អង្គុយ​ចរចា​ទល់មុខ​គ្នា​ជាមួយ​តំណាងរដ្ឋាភិបាល​ស៊ីរី។ ក្រុមប្រឆំាង​បាន​បញ្ជាក់​ថា ខ្លួន​អាច​នឹង​ចូល​អង្គុយ​ជជែក​ទល់​មុខ​គ្នា​ជាមួយ​រដ្ឋាភិបាល​ស៊ីរី​បាន លុះត្រា​ណា​តែ​របប​ក្រុងដាម៉ាស់​សព្វថ្ងៃ​ទទួល​យក​គោលការណ៍​ក្នុង​បង្កើត​រដ្ឋាភិបាល​ស៊ីរី​អន្តរកាល​មួយ​ដែល​សម្រច​នៅ​ក្នុង​សន្និសីទ​ទីក្រុង​ហ្សឺណែវ១ កាល​ពី​ថ្ងៃទី៣០ មិថុនា ឆ្នំា ២០១២ ជាមុន​សិន។ ទន្ទឹម​គ្នា​នេះ ក្រុមប្រឆំាង​ក៏​បាន​សុំ​ឲ្យ​របប​ក្រុង​ដាម៉ាស់​ប្រកាស​ទទួល​ស្គាល់​ជា​លាយលក្ខណ៍​អក្សរ ពោល​មិនមែន​តែ​លើ​បបូរមាត់​ទេ។ តែ​រហូត​មក​ដល់​ពេល​នេះ ទីក្រុង​ដាម៉ាស់​បាន​បដិសេធ​ជានិច្ច ទំាង​ជា​លាយលក្ខណ៍អក្សរ ក៏​ដូច​ជា​និយាយ​តែ​មាត់។
 
តាម​ការ​គ្រោង​ទុក សន្និសីទ​ស្តីពី​សន្តិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី​នឹង​មាន​ដំណើរការ​រហូត​ដល់​សប្តាហ៍​ក្រោយ តែ​តំាង​ពី​សន្និសីទ​ចាប់​ផ្តើម​បើក​កាល​ពី​ថ្ងៃ​ពុធ​មក សេចក្តីសង្ឃឹម​ថា​មាន​ជំនួប​មួយ ទល់​មួយ​រវាង​រដ្ឋាភិបាល និង​ក្រុមប្រឆំាង​មាន​កាន់តែ​ស្តួចស្តើង​ទៅៗ​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ នេះ​ជា​បញ្ជាក់​របស់​អ្នកការទូត​បស្ចិមលោក​ម្នាក់។ រហូត​មក​ដល់​ថ្ងៃ​នេះ និង​បើ​ទោះបី​ជា​មាន​ការ​អំពាវនាវ​ឲ្យ​ភាគីជម្លោះ​ទំាង​ពីរ​អត់ធ្មត់​ក៏​ដោយ ក៏​ការ​បន្តឹង​សរសៃ ក ដាក់​គ្នា​នៅ​បន្ត​មាន​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ។ យោង​តាម​លោក​ឡាក់ដា ប្រាហ៊ីមី ភាគី​ជម្លោះ​ទំាង​ពីរ​ក៏​បាន​ប្រកាស​ត្រៀម​ខ្លួន​ដើម្បី​ជជែក​ពី​ការ​ដោះដូរ​អ្នកទោស ការ​បើក​ផ្លូវ​សម្រាប់​ជំនួយ​មនុស្សធម៌ និង​ការ​ឈប់​បាញ់​គ្នា។
 
តាម​ការ​ពិនិត្យ​ជា​រួម​របស់​ក្រុមអ្នកសង្កេតការណ៍ អ្វី​ដែល​ជា​ឧបសគ្គ​ធំ​នៅ​ក្នុង​សន្និសីទ​ទីក្រុង​ហ្សឺណែវ ២ ពេល​នេះ គឺ​តួអង្គ​លោក​ប្រធានាធិបតី​ស៊ីរី​បច្ចុប្បន្ន​អាសាដ​ដែល​ក្រុមប្រឆំាង​មិន​ចង់​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​រដ្ឋាភិបាល​អន្តរកាល​នា​ថ្ងៃ​ខាង​មុខ​ទេ។ តែ​លោក​អាសាដ​នៅ​តែ​មាន​ការ​គំាទ្រ​ពី​ប្រទេសលោកខាងលិច​មួយ​ចំនួន ពិសេស​រុស្ស៊ី​តែ​ម្តង។ ខណៈ​នេះ តំណាង​រដ្ឋាភិបាល​ស៊ីរី​បាន​ព្រមាន​ដើរ​ចេញ​ពី​សន្និសីទ​នេះ ប្រសិន​បើ​សន្និសីទ​នេះ​មិន​អាច​និយាយ​អ្វី​ឲ្យ​បាន​ច្បាស់លាស់​ទេ​នោះ៕