ក្រុងបាងកកៈ រដ្ឋមន្ត្រីការងារ នៃរដ្ឋាភិបាលចាំផ្ទះថៃ លោក ឆាឡឺម យូបាំរ៉ុងបានប្រកាស ពីថ្ងៃពុធថា ប៉ូលិសសរុបចំនួន១ម៉ឺននាក់នឹងត្រូវដាក់ពង្រាយ ដើម្បីផ្ដល់សន្តិសុខនៅតាមការិយាល័យបោះឆ្នោតក្នុងក្រុងបាងកកនៅថ្ងៃទី២ កុម្ភៈ ដើម្បីការពារក្រុមអ្នកតវ៉ាកុំឲ្យរារាំងការបោះឆ្នោត។
លោក ឆាឡឺម ដែលជានាយកមជ្ឈមណ្ឌលដើម្បីរក្សាសន្តិភាព និងសណ្ដាប់ធ្នាប់(CMPO)ផង ដែរនោះ បាននិយាយថា ក្រុមប៉ូលិសបាននិងកំពុងពង្រាយ ជាការឆ្លើយតបទៅនឹងសំណើរបស់រដ្ឋការក្រុងបាងកក។
ការង្រាយនឹងត្រូវត្រួតពិនិត្យដោយលោកឧត្តមសេនីយ៍ឯក Jakthip Chaichinda ដែលជាជំនួយការស្នងការប៉ូលិស។
លោក បានអំពាវនាវឲ្យសាធារណជនទូទៅប្រើប្រាស់សិទ្ធិរបស់ ខ្លួនដើម្បីបោះឆ្នោត ដោយថ្លែងថា ប៉ូលិសនឹងធានាសុវត្ថិភាព និង ដំណើរការនៃការបោះឆ្នោតឲ្យរលូន ដោយចាប់ផ្ដើមពីការត្រួតពិនិត្យការប្រគល់ហិបឆ្នោត។
ក្នុង ពេលជាមួយគ្នានេះ លោកឆាឡឺម បានព្រមានក្រុមហ៊ុនធំពីរឲ្យឈប់គាំទ្រការតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់គណៈកម្មាធិការកំណែទម្រង់ប្រជាធិបតេយ្យប្រជាជន(PDRC)។ លោកបានថ្លែង ថា ក្រុមហ៊ុនទាំងនោះគឺក្រុមហ៊ុនលក់ស្រាបៀរនិងស្រាធំមួយ និងក្រុមហ៊ុនលក់ផលិតផលបសុបក្សីមួយទៀត ប៉ុន្តែលោកពុំបានបញ្ចេញឈ្មោះក្រុមហ៊ុនទេ។
លោក ឆាឡឺម បានគំរាមថា នឹងស្នើឲ្យក្រសួងពន្ធដារ និងចំណូលឲ្យស៊ើបអង្កេតពីការបង់ពន្ធរបស់ពួកគេ ជាប្រតិសកម្ម និងត្រួតពិនិត្យរោងចក្ររបស់ពួកគេពីលទ្ធភាពខុសឆ្គង។
ប្រមុខCMPOរូបនេះ ក៏បានអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយកុំឲ្យផ្សាយព័ត៌មានស្ដីពីសកម្មភាពរបស់ PDRCផងដែរ។
ជុំវិញការវាយប្រហារគ្រាប់បែកដៃ M79 លើអ្នកតវ៉ា PDRC នៅផ្លូវខ្វែងឡាត ប្រាវ ពីព្រឹកថ្ងៃពុធ លោកឆាឡឺម បានថ្លែងថា អ្នកស្រុកដែលបង្កការលំបាកពីផ្លូវនោះ អាចទទួលខុសត្រូវពាក់ព័ន្ធក្នុងរឿងនេះ៕ MN