Pages

Friday, January 31, 2014

ឌីម៉ា ត្រូវ​ប្រកួត​ដាក់​ទ្រុង​នឹង Merican

140130_26a
ភ្នំពេញ: ការ​ជួប​ប្រកួត​ដ៏​គួរ​ឲ្យ​រំភើប និង​ចាប់​អារម្មណ៍​មួយ​ផ្សេង​ទៀត នឹង​ត្រូវ​រៀបចំ​ឡើង​ដោយ​អង្គភាព​រៀបចំ​ការ​ប្រកួត​ក្បាច់​ប្រដាល់ ចម្រុះ​ឈាន​មុខ​គេ​ប្រចាំ​ទ្វីប​អាស៊ី ONE Fighting Championship ខណៈ​ដែល​កីឡាករ​ជើងខ្លាំង​របស់​កម្ពុជា ឃីម ឌីម៉ា នឹង​ត្រូវ​ជួប​ជាមួយ​នឹង​កីឡាករ​ម៉ាឡេស៊ី Saiful
Merican ក្នុង​កម្មវិធី ONE FC: War of Nations នៅឯ​កីឡដ្ឋាន Negara ក្នុង​ទីក្រុង​គូឡាឡាំពួ នា​ថ្ងៃ​ទី​១៤ ខែ​មីនា ខាង​មុខ​នេះ​។ឃីម ឌីម៉ា ដែល​មាន​រហស្សនាម​ថា «នាគខ្មៅ» បាន​ទទួល​បរាជ័យ​ក្នុង​ការ​ប្រកួត​លើក​ទី​២​របស់​គេ​ក្នុង​កម្មវិធី ONE FC កាលពី​ខែ​មុន នៅ​ទីក្រុង​ម៉ានីល តាមរយៈ​ការ​ចាញ់​ក្នុង​ទឹក​ទី​១​ក្រោម​កណ្តាប់​ដៃ​របស់​កីឡាករ​ហ្វីលីពីន Ruel Catalan ដែល​បាន​ឡើង​សងសឹក​ចំពោះ​ការ​ប្រកួត​រវាង​បងប្រុស​របស់​គេ Rene និង​កីឡាករ​កម្ពុជា​កាលពី​ខែ​តុលា ដែល​ត្រូវ​បាន​កាត់​សេចក្តី​ថា គ្មាន​ការ​ប្រកួត​។

Rene ត្រូវ​បាន​សែង​ចេញ​ពី​សង្វៀន​ដាក់​ទ្រុង​ក្រោយពី​រង​ការ​វាយ​ដោយ​កណ្តាប់ ដៃ​ទៅលើ​ផ្នែក​ខាង​ក្រោយ​នៃ​ក្បាល​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​វាយ​ខុស​នឹង​លក្ខន្តិកៈ​ច្រើនពេក​ដោយ​ក្រុម​មន្ត្រី​។

បច្ចុប្បន្ន នាគខ្មៅ​បាន​ទទួល​ឱកាស​មួយ​ក្នុង​ការ​ស្តារ​មុខមាត់​របស់​ខ្លួន​ក្នុង ពេល​ជួប​ជាមួយ​នឹង​តារា​ឆ្នើម​ក្នុង​កីឡា​មួយ​ថៃ​របស់​ម៉ាឡេស៊ី Merican ដែល​បាន​ផ្តួល​កីឡាករ​តក់ សោភ័ណ្ឌ ដែល​ជា​មិត្ត​រួម​ក្លិប A Fighter របស់​ឌីម៉ា ដោយ​ការ​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​កាលពី​ខែ​វិច្ឆិកា​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ប្រដាល់​មាន​ដើម​កំណើត​ក្នុង​ខេត្ត​បន្ទាយមានជ័យ​វ័យ​២២​ឆ្នាំ​រូប នេះ នឹង​មាន​ការ​ព្រួយបារម្ភ​ចំពោះ​គូ​ប្រជែង​របស់​គេ​ដែល​នឹង​មាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​គាំទ្រ​ក្នុង​ទឹកដី​របស់​គេ និង​កំពុង​តែ​ប្រមាញ់​ដើម្បី​ស្វែងរក​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ក្បាច់ ប្រដាល់​ចម្រុះ (MMA) ជា​លើក​ទី​៣​របស់​គេ​។

ឌីម៉ា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ក្តីសង្ឃឹម​ដែល​ខ្ញុំ​មាន​ក្នុង​ការ​ទទួល​ជ័យជម្នះ​ការ​ប្រកួត​នេះ គឺ​ការ​ប្រើប្រាស់​ក្បាច់​ប្រដាល់​របស់​កម្ពុជា​។ នោះ​គឺជា​ភាព​ខ្លាំង​តែ​មួយ​ដែល​ខ្ញុំ​គិត​ថា ខ្ញុំ​ត្រូវ​តែ​ផ្តួល​គូ​ប្រកួត​របស់​ខ្ញុំ​»​។

ក្នុង​នាម​ជា​កីឡាករ ជើងចាស់​ដែល​មាន​បទពិសោធ​ប្រកួត​ក្នុង​ក្បាច់​ប្រដាល់​របស់​កម្ពុជា​ជាង ២៥០​លើក ការ​ទទួល​ជ័យជម្នះ​របស់​ឌីម៉ា ក៏​រាប់​បញ្ចូល​ទាំង​ការ​ឈ្នះ​ពិន្ទុ​ក្នុង​ពេល​ជួប​ជាមួយ​នឹង Merican កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១១ នៅលើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ​។

ឌីម៉ា បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា៖ «​ក្រោយពី​មាន​បទពិសោធ​ទៅលើ​ការ​ប្រកួត​ជាមួយ​នឹង Mercian កាលពី​មុន ក្នុង​ក្បាច់​ប្រដាល់​គុន​ខ្មែរ វា​ហាក់​ដូចជា​មាន​ការ​លំបាក​ជាង​ក្នុង​ការ​ប្រកួត​នៅក្នុង​ទ្រុង ខណៈ​ដែល​ខ្ញុំ​បាន​ប្រកួត​ក្នុង​នាម​ជា​អ្នក​ប្រដាល់​កម្ពុជា​ច្រើន​ជាង ការ​ប្រកួត​វាយ​ដាក់​ទ្រុង​ជាមួយ​នឹង​ការ​ប្រើ​ក្បាច់​ចម្រុះ​»​។

កីឡាករ រូប​នេះ​បាន​ប្រាប់​បន្ត​ថា៖ «ក្នុង​ការ​ប្រកួត​លើក​ចុងក្រោយ​របស់​ខ្ញុំ ខ្ញុំ​អាច​ទប់ទល់​ជាមួយ​នឹង​គូប្រជែង​របស់​ខ្ញុំ​ទាំង​លើ​កម្លាំង និង​បច្ចេកទេស ហើយ​ខ្ញុំ​ក៏​មាន​កម្ពស់​ខ្ពស់​ជាង​គេ​ផង​ដែរ​។ ប៉ុន្តែ ខ្ញុំ​សារភាព​ថា ការ​ប្រើ​កណ្តាប់​ដៃ​របស់ [Catalan] ពិតជា​មាន​ទម្ងន់​ធ្ងន់​»​។

ឌីម៉ា បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា៖ «ក្នុង​ការ​ឈ្នះ​ការ​ប្រកួត​នេះ​ក្នុង​ខែ​មីនា ដំណោះស្រាយ​នៅ​តែ​ដូច​គ្នា គឺ​ការ​ប្រើប្រាស់​ជំនាញ​ទាត់​របស់​ខ្ញុំ​។ ខ្ញុំ​នឹង​ព្យាយាម​គេច​ឲ្យ​ផុត​ពី​ការ​គាប​ឲ្យ​ដួល​នៅលើ​ទីលាន​តាម​ដែល ខ្ញុំ​អាច​។ ការ​ធ្វើ​បែប​នោះ ខ្ញុំ​អាច​នឹង​ផ្តួល [Merican] ដូច​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​ការ​ប្រកួត​ក្បាច់​ប្រដាល់​ខ្មែរ​របស់​យើង​ជា មិន​ខាន​»​។

Merican វ័យ​២៧​ឆ្នាំ ដែល​មាន​ដើមកំណើត​មកពី​រដ្ឋ Terengganu ភាគ​ឦសាន​នៃ​ប្រទេស​ម៉ាឡេស៊ី ហើយ​បច្ចុប្បន្ន នឹង​ត្រូវ​ធ្វើការ​ហ្វឹកហាត់​នៅឯ​ក្លិប Merican Muay Thai Gym នៅ​ទីក្រុង​គូឡាឡាំពួ​នោះ បាន​និយាយ​ថា គេ​ក៏​ផ្តោត​ទៅលើ​ការ​ប្រើប្រាស់​ជំនាញ​ប្រកួត​ឈរ​ដែរ ប៉ុន្តែ កំពុង​តែ​ហ្វឹកហាត់​ទៅលើ​ការ​ប្រើប្រាស់​ស្នៀត​គាប​។

កីឡាករ​រូប​នេះ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ តាមរយៈ​សារ​អេឡិចត្រូនិក​ថា៖ «អ្នក​អាច​នឹង​រំពឹង​ទុក​ពី​ការ​ប្រើប្រាស់​ចលនា​ដ៏​លឿន និង​ឈប់ឈរ​ពី​ខ្ញុំ​។ ខ្ញុំ​សង្ឃឹម​ថា អាច​បន្ថែម​ជ័យជម្នះ​មួយ​ផ្សេង​ទៀត​ទៅលើ​កំណត់ត្រា MMA របស់​ខ្ញុំ​»​។

Merican បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា៖ «វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​។ ខ្ញុំ​ដឹង​ថា MMA នៅ​ប្រទេស​កម្ពុជា គឺជា​កីឡា​ថ្មី​មួយ ប៉ុន្តែ កំពុង​តែ​ទទួល​ប្រជាប្រិយភាព​កាលពី​ឆ្នាំ​កន្លង​ទៅ​នេះ​។ ការ​ប្រកួត​ជាមួយ​នឹង​តក់ សោភ័ណ្ឌ ក្នុង​ការ​ប្រដាល់​លើក​ចុងក្រោយ​របស់​ខ្ញុំ​បង្ហាញ​ថា កីឡាករ​កម្ពុជា​មាន​ជំនាញ​ក្នុង​ការ​ចូល​កាន់តែ​ជ្រៅ​ទៅក្នុង​កីឡា​នេះ​» ។

ក្រោយពី​ទទួល​បាន​រហស្សនាម​ថា «The Vampire (ដែល​មាន​ន័យ​ថា​ព្រាយ​ជញ្ជក់​ឈាម)» ពី​សំណាក់​អ្នក​គាំទ្រ​ម្នាក់​ដោយសារ​តែ​ផ្តោ​ទៅលើ​ការ​ទាត់​យ៉ាង រហ័ស និង​យ៉ាង​ធ្ងន់​នៃ​ទម្ងន់​ជើង​របស់​គេ រួម​នឹង​សមត្ថភាព​ក្នុង​ការ​ធ្វើឲ្យ​គូ​ប្រកួត​បែក​ឈាម Merican បាន​ដល់​កម្រិត​ដ៏​ខ្ពស់​នៃ​អាជីព​របស់​គេ​រហូត​មក​ទល់​ពេល​នេះ នៅពេល​ដែល​រូប​គេ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១​ពី​សមាគម​កីឡា​ប្រដាល់ មួយ​ថៃ​ពិភពលោក​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​កាលពី​ឆ្នាំ​២០០៩​។

រូបគេ​នឹង​ទទួល​បាន​ការ​លើក​ទឹកចិត្ត​មួយ​ផ្សេង​ទៀត​ពី​សំណាក់​អ្នក​គាំទ្រ ម៉ាឡេស៊ី​របស់​គេ ដែល​បាន​ផ្តល់​ជា​កម្លាំង​ចិត្ត​ដល់​រូប​គេ​ឲ្យ​ទទួល​ជ័យជម្នះ​លើ​សោភ័ណ្ឌ កាលពី​ពីរ​ខែ​កន្លង​ទៅ​។

កីឡាករ​ជើង​ខ្លាំង​រូប​នេះ​បាន​ឲ្យ​ដឹង ថា៖ «សំឡេង​របស់​អ្នក​គាំទ្រ និង​ក្រុម​គ្រួសារ​តែងតែ​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ភាព​ខ្លាំង​ក្លា​បន្ថែម​ទៀត »​។

ONE FC បាន​ប្រកាស​ពី​ការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ស្រាល​នេះ​កាលពី​ថ្ងៃ សុក្រ រួម​ជាមួយ​នឹង​ការ​ប្រកួត​របស់​កីឡាករ​ម៉ាឡេស៊ី​ដូច​គ្នា​រវាង​កីឡាករ Peter Davis (ឈ្នះ​៧​លើក ចាញ់​៣) និង Wes Java (ឈ្នះ​២​លើក ចាញ់​១)​។ ការ​ប្រកួត​ចំនួន​៩​គូ​ត្រូវ​បាន​ប្រកាស​សម្រាប់​កម្មវិធី ONE FC: War of Nations card ដែល​នឹង​ត្រូវ​លើក​ការ​ប្រកួត​រវាង​កីឡាករ Brock Larson និង Nobutatsu Suzuki ធ្វើ​ជា​គូឯក​ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​របស់ ONE FC​៕ IS

រាយការណ៍​បន្ថែម​ដោយ​ចេង សិរីរិទ្ធ​