២០១៣ ដោយនាំមកនូវចិត្ដចង់ដឹងចង់ស្វែងយល់ និងមានការបើកចំហរចិត្ដទូលំទូលាយ រួមទាំងអត្ថចរិតសុទិដ្ឋិនិយមផងដែរ។ លោកបានប្ដេជ្ញាចិត្ដដោយចង់ទទួលបាននូវបទពិសោធន៍សព្វគ្រប់បែបយ៉ាងដែលមាននៅក្នុងប្រទេសអូស្រ្ដាលី ដែលជាកោះដ៏ធំមួយនេះឡោមព័ទ្ធទៅដោយសមុទ្ទដែលខាងលិចជាប់នឹងមហាសមុទ្ទឥណ្ឌា និងខាងកើតជាប់មហាសមុទ្ទប៉ាស៊ីហ្វិក។ អូស្រ្ដាលីជាប្រទេសដែលមានផ្ទៃដីធំជាងគេទី៦ក្នុងពិភពលោក។
លោក អាម៉ុហ្គ គឺជាអ្នកជំនាញថតរូបអំពីរុក្ខជាតិ និងសត្វព្រៃ ហើយលោកក៏ជាអ្នកផលិតភាពយន្ដម្នាក់ផងដែរ។ លោកគឺជាបុគ្គលវ័យក្មេងដ៏ឆ្នើមម្នាក់ក្នុងចំណោមអ្នកដឹកនាំវ័យក្មេងរបស់ឥណ្ឌាចំនួន១៥រូប ដែលគេបានជ្រើសរើសឲ្យមកចូលរួមសន្និសីទយុវជនឥណ្ឌា-អូស្រ្ដាលីនៅឆ្នាំ២០១៣។ សន្និសីទនេះផ្ដល់ឱកាសឲ្យបណ្ដាជនវ័យក្មេងចម្រុះពីគ្រប់មជ្ឈដ្ឋាននៃប្រទេសទាំងពីរ ចូលរួមបង្កើតទំនាក់ទំនងជាលក្ខណៈផ្លូវការ និងដើម្បីធ្វើការពិភាក្សាអំពីបញ្ហានានាជាមួយនឹងបណ្ដាមេដឹកនាំឥណ្ឌា និងអូស្រ្ដាលីដែលមានឥទ្ធិពលក្នុងសង្គម។
នៅពេលចប់សន្និសីទ លោក អាម៉ុហ្គ បានសម្រេចចិត្ដស្ពាយកាប៉ូបក្រោយខ្នងធ្វើដំណើរកម្សាន្ដទូទាំងប្រទេសអូស្រ្ដាលីដើម្បីស្វែងយល់នូវបទពិសោធន៍ជីវិតក្នុងប្រទេសមួយនេះ ដោយបានជួបជាមួយនឹងពលរដ្ឋអូស្រ្ដាលី, ធ្វើការភ្ជាប់ទំនាក់ទំនងនឹងសហគមន៍នានា រួមទាំងដើរមើលទីតាំងភូមិសាស្រ្ដ និងទស្សនីយភាពនៅក្នុងប្រទេសនេះផងដែរ។
លោកបានឲ្យដឹងថា "ខ្ញុំចង់មានបទពិសោធន៍អំពីការរស់នៅក្នុងប្រទេសនេះ ហើយចង់ប្រាប់រឿងរ៉ាវនានាដែលខ្ញុំបានឃើញ និងជួបប្រទះដល់អ្នកដទៃ។ នេះគឺជាសុបិន្ដមួយរបស់ខ្ញុំអស់ពេលយូរឆ្នាំមកហើយ ដែលចង់មកលេងរមណីយដ្ឋានថ្មប៉ប្រេះទឹក Great Barrier Reef ។ ហើយខ្ញុំមានភ័ព្វសំណាងណាស់ដែលបានមកលេងទីនេះមែន"។
លោក អាម៉ុហ្គ និយាយថា ការកត់សម្គាល់សំខាន់មួយទៀតរបស់លោក គឺការទៅលេងព្រៃធម្មជាតិដ៏ស្រស់បំព្រងដែលមានសីតុណ្ហភាពត្រជាក់ស្រួលនៅព្រៃស្រោង Tarkine ស្ថិតនៅលើរដ្ឋតាស្មានៀ (Tasmania) ។ នៅពេលលោកទៅលេងរដ្ឋនោះ លោកបានធ្វើការសហការជាមួយនឹងលោក ហ្គ្រេក អាយអិនស៍ (Greg Irons) ដែលជាអ្នកជួយសង្រ្គោះសត្វព្រៃ និងជានាយកនៃបដិសរណដ្ឋាន ឬទីជម្រកសត្វព្រៃ Bonorong Wildlife Sanctuary នៅទីនោះ។ លោក ហ្រ្គេក គឺជាជ័យលាភីទទួលរង្វាន់កិត្ដិយសពលរដ្ឋវ័យក្មេងឆ្នើមរបស់អូស្រ្ដាលីនៅរដ្ឋតាស្មានៀនៅក្នុងឆ្នាំ២០១២។
លោក អាម៉ុហ្គ និយាយថា តាមបទពិសោធន៍របស់លោកធ្វើដំណើរទូទាំងប្រទេសអូស្រ្ដាលី ឆ្លុះបញ្ចាំងឲ្យឃើញនូវទស្សនៈខ្លះដែលផ្ទុយពីទស្សនៈទូទៅរបស់ពលរដ្ឋឥណ្ឌានៅក្នុងប្រទេសរបស់លោកអំពីប្រទេសអូស្រ្ដាលី។
លោកថា "រឿងមិនពិតមួយ គឺអំពីការដែលគេតែងនិយាយលើអត្ថចរិតរបស់ពលរដ្ឋអូស្រ្ដាលីចំពោះពលរដ្ឋឥណ្ឌា។ ខ្ញុំមិនធ្លាប់ដែលជួបប្រទះនូវបទពិសោធន៍អវិជ្ជមានណាមួយទេ។ តាមពិតទៅខ្ញុំអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងពលរដ្ឋអូស្រ្ដាលីដោយស្រួល ហើយចូលចិត្ដការនិយាយលេងសើចច្រើនរបស់ពួកគេទៀតផង។ ទស្សនៈរបស់ខ្ញុំអំពីបញ្ហាប្រកាន់រើសអើងពូជសាសន៍នៅអូស្រ្ដាលី គឺខ្ញុំយល់ថា វាជារឿងមួយដែលគេបានបំភ្លើសហួសការពិត"។
“ចំណុចទី២ គឺថាបណ្ដាជនតែងគិតថា អូស្រ្ដាលីជាប្រទេសដែលត្រូវចំណាយខ្ពស់នៅពេលធ្វើដំណើរមកលេងកម្សាន្ដ។ ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ការធ្វើទេសចរណ៍ដោយចំណាយតិច គឺជារឿងមួយដែលអាចធ្វើទៅបានយ៉ាងពិតប្រាកដ។ មានជម្រើសសម្រាប់ការធ្វើដំណើរក្នុងតម្លៃថោកជាច្រើន ប្រសិនបើយើងរៀបចំផែនការធ្វើដំណើរឲ្យបានល្អមុនពេលចេញដំណើរមកដើរលេងនៅអូស្រ្ដាលីនោះ"។
លោក អាម៉ុហ្គ សម្ដែងឲ្យឃើញនូវអារម្មណ៍កោតសរសើរចំពោះសម្រស់ឆ្នេរសមុទ្ទអូស្រ្ដាលី, ជីវិតសត្វសមុទ្ទ និងជីវចម្រុះក្នុងប្រទេសនេះ។ លោកបានរកឃើញថា អូស្រ្ដាលី និងឥណ្ឌា ជាប្រទេសដែលមានចំណុចជាច្រើនមានលក្ខណៈស្រដៀងគ្នា។ ឧទាហរណ៍ដូចជាប្រទេសទាំងពីរមានទិវាបុណ្យជាតិចំថ្ងៃតែមួយ គឺធ្វើឡើងនៅថ្ងៃទី២៦ ខែមករា រៀងរាល់ឆ្នាំ។
ផលិតករភាពយន្ដឥណ្ឌារូបនេះ ក៏បានកត់សម្គាល់ដែរថា នៅក្នុងខណៈពេលដែលទិវាបុណ្យជាតិឥណ្ឌាត្រូវគេប្រារព្ធធ្វើឡើងក្នុងលក្ខណៈជារឿងផ្លូវការខ្លាំងនោះ ប៉ុន្ដែការប្រារព្ធទិវាបុណ្យជាតិអូស្រ្ដាលីបែរជារៀបចំធ្វើដូចជាក្នុងទម្រង់ក្រៅផ្លូវការច្រើនជាង ហើយពលរដ្ឋមានអារម្មណ៍រំសាយចិត្ដក្នុងបរិយាកាសសម្រាកកាយបន្ធូរចិត្ដទៅវិញ។ ប៉ុន្ដែយ៉ាងណាក៏ដោយលោកថា អារម្មណ៍មោទភាពជាតិ នៅក្នុងទិវាបុណ្យជាតិ គឺមានដូចគ្នានៅក្នុងប្រទេសទាំងពីរនេះ។
ប្រទេសអូស្រ្ដាលី និងឥណ្ឌា ក៏ប្រឈមមុខទៅនឹងបញ្ហាឧបសគ្គរួមគ្នាដែរទាក់ទងនឹងការអភិរក្សបរិស្ថាន ដោយក្នុងនោះរួមមានបញ្ហាបាត់បង់ទីជម្រកសត្វព្រៃ និងកំណើននៃសម្ពាធពីឧស្សាហកម្មជីករ៉ែដែលបង្កបញ្ហាលើបរិស្ថាន។ នៅក្នុងប្រទេសទាំងពីរ កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម កំពុងត្រូវគេធ្វើឡើងដើម្បីការពារជីវចម្រុះនៃប្រទេសរៀងៗខ្លួន។
អស់ពេល១ឆ្នាំក្រោយពីបានមកលេងអូស្រ្ដាលីដំបូង លោក អាម៉ុហ្គ បានប្រមូលផ្ដុំចងក្រងរូបថត និងខ្សែវីដេអូជាច្រើនដែលលោកបានថតនៅពេលលោកមកលេងអូស្រ្ដាលីនោះ ដើម្បីរៀបរាប់ប្រាប់នូវរឿងដែលលោកចង់បង្ហាញពីគំនិតយោបល់របស់លោក។
លោកថា "តាមរយៈខ្សែវីដេអូខ្លីមួយនេះ ខ្ញុំបានព្យាយាមសម្ដែងឲ្យឃើញនូវទំនាក់ទំនងវប្បធម៌នៃប្រទេសទាំងពីរ។ នេះគឺជាការបញ្ជាក់ឲ្យឃើញនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំនៅអូស្រ្ដាលី - គឺអ្វីដែលខ្ញុំយល់អំពីអូស្រ្ដាលីក្នុងនាមជាភ្ញៀវទេសចរម្នាក់"។
លោក អាម៉ុហ្គ ឲ្យដឹងថា លោកអាចនិយាយសរុបសេចក្ដីបានអំពីបទពិសោធន៍នានា និងដំណើរកម្សាន្ដរបស់លោកក្នុងប្រទេសអូស្រ្ដាលីតាមរយៈពាក្យមួយគឺ "អស្ចារ្យមែន!"។
ប្រាកដណាស់ ប្រទេសអូស្រ្ដាលីបានធ្វើឲ្យផលិតករភាពយន្ដវ័យក្មេងរូបនេះដិតអារម្មណ៍ចាំទុកនូវបទពិសោធន៍វិជ្ជមានល្អ ហើយលោក អាម៉ុហ្គ ថា នឹងបន្ដពង្រឹងទំនាក់ទំនងរបស់លោកជាមួយនឹងប្រទេសអូស្រ្ដាលីតទៀតក្នុងផ្នែកអភិរក្សបរិស្ថាន៕