សម្រស់​ធម្មជាតិ​​អូស្រ្ដាលី​ទាក់​ទាញ​បេះដូង​អ្នក​ថត​កុន​ឥណ្ឌា



នៅ​ក្នុង​ទិវា​បុណ្យ​ជាតិ​អូស្រ្ដាលី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៤ ដែល​ដូច​គ្នា​នឹង​ទិវា​បុណ្យ​ជាតិ​ឥណ្ឌា​នោះ​ ផលិតករ​ភាព​យន្ដ​ឥណ្ឌា​ម្នាក់​អំពី​ជីវិត​សត្វ​ និង​រុក្ខជាតិ​ព្រៃ​​ សូម​ចែក​រំលែក​នូវ​ទស្សនៈ​យល់​ឃើញ​ និង​ចំណាប់​អារម្មណ៍​របស់​លោក​​អំពី​ប្រជា​ជន, ទីកន្លែង​ភូមិ​សាស្រ្ដ, រុក្ខ​ជាតិ និង​សត្វ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។លោក អាម៉ូ​ហ្គាវាស្ហា (Amoghavarsha J S) បាន​មក​ដល់​ប្រទេស​អូស្រ្ដាលី​នៅ​ខែ​មករា​ឆ្នាំ​
២០១៣ ដោយ​នាំ​មក​នូវ​ចិត្ដ​ចង់​ដឹង​ចង់​ស្វែង​យល់ និង​មាន​ការ​បើក​ចំហរ​ចិត្ដ​ទូលំ​ទូលាយ​ រួម​ទាំង​អត្ថ​ចរិត​សុទិដ្ឋិនិយម​ផង​ដែរ។ លោក​បាន​ប្ដេជ្ញា​ចិត្ដ​ដោយ​ចង់​ទទួល​បាន​នូវ​បទ​ពិសោធន៍​សព្វ​គ្រប់​បែប​យ៉ាង​ដែល​មាន​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ ដែល​ជា​កោះ​ដ៏​ធំ​មួយ​នេះ​ឡោម​ព័ទ្ធ​ទៅ​ដោយ​សមុទ្ទ​ដែល​ខាង​លិច​ជាប់​នឹង​មហា​សមុទ្ទ​ឥណ្ឌា​ និង​ខាង​កើត​ជាប់​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក។ អូស្រ្ដាលី​ជា​ប្រទេស​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​ទី​៦​ក្នុង​ពិភព​លោក​។

លោក អាម៉ុហ្គ គឺជា​អ្នក​ជំនាញ​ថត​រូប​អំពី​រុក្ខ​ជាតិ និង​សត្វ​ព្រៃ ហើយ​លោក​ក៏​ជា​អ្នក​ផលិត​ភាព​យន្ដ​ម្នាក់​ផង​ដែរ។ លោក​គឺជា​បុគ្គល​វ័យ​ក្មេង​ដ៏​ឆ្នើម​ម្នាក់​ក្នុង​ចំណោម​អ្នក​ដឹក​នាំ​វ័យ​ក្មេង​របស់​ឥណ្ឌា​ចំនួន​១៥​រូប ដែល​គេ​បាន​ជ្រើស​រើស​ឲ្យ​មក​ចូល​រួម​សន្និសីទ​យុវជន​ឥណ្ឌា-​អូស្រ្ដាលី​នៅ​ឆ្នាំ​២០១៣។ សន្និសីទ​នេះ​ផ្ដល់​ឱកាស​ឲ្យ​បណ្ដា​ជន​វ័យ​ក្មេង​ចម្រុះ​ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​ប្រទេស​ទាំង​ពីរ ចូល​រួម​បង្កើត​ទំនាក់​ទំនង​ជា​លក្ខណៈ​ផ្លូវ​ការ និង​ដើម្បី​ធ្វើ​ការ​ពិភាក្សា​អំពី​បញ្ហា​នានា​ជា​មួយ​នឹង​បណ្ដា​មេដឹកនាំ​ឥណ្ឌា និង​អូស្រ្ដាលី​ដែល​មាន​ឥទ្ធិពល​ក្នុង​សង្គម។

នៅ​ពេល​ចប់​សន្និសីទ​ លោក អាម៉ុហ្គ បាន​សម្រេច​ចិត្ដ​ស្ពាយ​កាប៉ូប​ក្រោយ​ខ្នង​ធ្វើ​ដំណើរ​កម្សាន្ដ​ទូទាំង​ប្រទេស​អូស្រ្ដាលី​ដើម្បី​ស្វែង​យល់​នូវ​បទ​ពិសោធន៍​ជីវិត​ក្នុង​ប្រទេស​មួយ​នេះ ដោយ​បាន​ជួប​ជា​មួយ​នឹង​ពល​រដ្ឋ​អូស្រ្ដាលី, ធ្វើ​ការ​ភ្ជាប់​ទំនាក់​ទំនង​នឹង​សហគមន៍​នានា​ រួម​ទាំង​ដើរ​មើល​ទីតាំង​ភូមិ​សាស្រ្ដ និង​ទស្សនីយភាព​នៅ​ក្នុង​ប្រទេស​នេះ​ផង​ដែរ។

លោក​បាន​ឲ្យ​ដឹង​ថា "ខ្ញុំ​ចង់​មាន​បទ​ពិសោធន៍​អំពី​ការ​រស់​នៅ​ក្នុង​ប្រទេស​នេះ ហើយ​ចង់​ប្រាប់​រឿង​រ៉ាវ​នានា​ដែល​ខ្ញុំ​បាន​ឃើញ និង​ជួប​ប្រទះ​ដល់​អ្នក​ដទៃ​។ នេះ​គឺជា​សុបិន្ដ​មួយ​របស់​ខ្ញុំ​អស់​ពេល​យូរ​ឆ្នាំ​មក​ហើយ ដែល​ចង់​មក​លេង​រមណីយដ្ឋាន​ថ្ម​ប៉ប្រេះ​ទឹក Great Barrier Reef ។ ហើយ​ខ្ញុំ​មាន​ភ័ព្វ​សំណាង​ណាស់​ដែល​បាន​មក​លេង​ទីនេះ​មែន​"។

លោក អាម៉ុហ្គ និយាយ​ថា ការ​កត់​សម្គាល់​សំខាន់​មួយ​ទៀត​របស់​លោក​ គឺ​ការ​ទៅ​លេង​ព្រៃ​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ស្រួល​នៅ​ព្រៃ​ស្រោង Tarkine ស្ថិត​នៅ​លើ​រដ្ឋ​តាស្មានៀ (Tasmania) ។ នៅ​ពេល​លោក​ទៅ​លេង​រដ្ឋ​នោះ លោក​បាន​ធ្វើ​ការ​សហការ​ជា​មួយ​នឹង​លោក ហ្គ្រេក អាយអិនស៍​ (Greg Irons) ដែល​ជា​អ្នក​ជួយ​សង្រ្គោះ​សត្វ​ព្រៃ និង​ជា​នាយក​នៃ​បដិសរណដ្ឋាន ឬ​ទីជម្រក​សត្វ​ព្រៃ Bonorong Wildlife Sanctuary នៅ​ទី​នោះ។ លោក ហ្រ្គេក​ គឺជា​ជ័យ​លាភី​ទទួល​រង្វាន់​កិត្ដិយស​ពលរដ្ឋ​វ័យ​ក្មេង​ឆ្នើម​របស់​អូស្រ្ដាលី​នៅ​រដ្ឋ​តាស្មានៀ​នៅ​ក្នុង​ឆ្នាំ​២០១២។

លោក អាម៉ុហ្គ និយាយ​ថា តាម​បទ​ពិសោធន៍​របស់​លោក​ធ្វើ​ដំណើរ​ទូទាំង​ប្រទេស​អូស្រ្ដាលី​ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ទស្សនៈ​ខ្លះ​ដែល​ផ្ទុយ​ពី​ទស្សនៈ​ទូទៅ​របស់​ពល​រដ្ឋ​ឥណ្ឌា​នៅ​ក្នុង​ប្រទេស​របស់​លោក​អំពី​ប្រទេស​អូស្រ្ដាលី។

លោក​ថា "​រឿង​មិន​ពិត​មួយ គឺ​អំពីការ​​ដែល​គេ​តែង​និយាយ​លើ​អត្ថចរិត​របស់​ពល​រដ្ឋ​អូស្រ្ដាលី​ចំពោះ​ពល​រដ្ឋ​ឥណ្ឌា។ ខ្ញុំ​មិន​ធ្លាប់​ដែល​ជួប​ប្រទះ​នូវ​បទ​ពិសោធន៍​អវិជ្ជ​មាន​ណា​មួយ​ទេ។ តាម​ពិត​ទៅ​ខ្ញុំ​អាច​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​នឹង​ពល​រដ្ឋ​អូស្រ្ដាលី​ដោយ​ស្រួល​ ហើយ​ចូល​ចិត្ដ​ការ​និយាយ​លេង​សើច​ច្រើន​របស់​ពួក​គេ​ទៀត​ផង​។ ទស្សនៈ​របស់​ខ្ញុំ​អំពី​បញ្ហា​ប្រកាន់​រើស​អើង​ពូជ​សាសន៍​នៅ​អូស្រ្ដាលី គឺ​ខ្ញុំ​យល់​ថា វា​ជា​រឿង​មួយ​ដែល​គេ​បាន​បំភ្លើស​ហួស​ការ​ពិត"។

“ចំណុច​ទី​២ គឺ​ថា​បណ្ដា​ជន​តែង​គិត​ថា អូស្រ្ដាលី​ជា​ប្រទេស​ដែល​ត្រូវ​ចំណាយ​ខ្ពស់​នៅ​ពេល​ធ្វើ​ដំណើរ​មក​លេង​កម្សាន្ដ។ ប៉ុន្ដែ​សម្រាប់​ខ្ញុំ​ ខ្ញុំ​មាន​អារម្មណ៍​ថា ការ​ធ្វើ​ទេសចរណ៍​ដោយ​ចំណាយ​តិច​ គឺជា​រឿង​មួយ​ដែល​អាច​ធ្វើ​ទៅ​បាន​យ៉ាង​ពិត​ប្រាកដ។ មាន​ជម្រើស​សម្រាប់​ការ​ធ្វើ​ដំណើរ​ក្នុង​តម្លៃ​ថោក​ជា​ច្រើន​ ប្រសិន​បើ​យើង​រៀប​ចំ​ផែនការ​ធ្វើ​ដំណើរ​ឲ្យ​បាន​ល្អ​មុន​ពេល​ចេញ​ដំណើរ​មក​ដើរ​លេង​នៅ​អូស្រ្ដាលី​នោះ"។

លោក អាម៉ុហ្គ សម្ដែង​ឲ្យ​ឃើញ​នូវ​អារម្មណ៍​កោត​សរសើរ​ចំពោះ​សម្រស់​ឆ្នេរ​សមុទ្ទ​អូស្រ្ដាលី, ជីវិត​សត្វ​សមុទ្ទ និង​ជីវ​ចម្រុះ​ក្នុង​ប្រទេស​នេះ។ លោក​បាន​រក​ឃើញ​ថា អូស្រ្ដាលី​ និង​ឥណ្ឌា​ ជា​ប្រទេស​ដែល​មាន​ចំណុច​ជា​ច្រើន​មាន​លក្ខណៈ​ស្រដៀង​គ្នា។ ឧទាហរណ៍​ដូច​ជា​ប្រទេស​ទាំង​ពីរ​មាន​ទិវា​បុណ្យ​ជាតិ​ចំ​ថ្ងៃ​តែ​មួយ គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា រៀង​រាល់​ឆ្នាំ។

ផលិតករ​ភាព​យន្ដ​ឥណ្ឌា​រូប​នេះ ក៏​បាន​កត់​សម្គាល់​ដែរ​ថា នៅ​ក្នុង​ខណៈ​ពេល​ដែល​ទិវា​បុណ្យ​ជាតិ​ឥណ្ឌា​ត្រូវ​គេ​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​ជា​រឿង​ផ្លូវ​ការ​ខ្លាំង​នោះ​ ប៉ុន្ដែ​ការ​ប្រារព្ធ​ទិវា​បុណ្យ​ជាតិ​អូស្រ្ដាលី​បែរ​ជា​រៀប​ចំ​ធ្វើ​ដូច​ជា​ក្នុង​ទម្រង់​ក្រៅ​ផ្លូវ​ការ​ច្រើន​ជាង ហើយ​ពលរដ្ឋ​មាន​អារម្មណ៍​រំសាយ​​ចិត្ដ​ក្នុង​បរិយាកាស​សម្រាក​កាយ​បន្ធូរ​ចិត្ដ​ទៅវិញ។ ប៉ុន្ដែ​យ៉ាង​ណា​ក៏​ដោយ​លោក​ថា អារម្មណ៍​មោទភាព​ជាតិ នៅ​ក្នុង​ទិវាបុណ្យ​ជាតិ​ គឺ​មាន​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ។

ប្រទេស​អូស្រ្ដាលី និង​ឥណ្ឌា ក៏​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​ឧបសគ្គ​រួម​គ្នា​ដែរ​ទាក់​ទង​នឹង​ការ​អភិរក្ស​បរិស្ថាន ​ដោយ​ក្នុង​នោះ​រួម​មាន​បញ្ហា​បាត់​បង់​ទី​ជម្រក​សត្វ​ព្រៃ និង​កំណើន​នៃ​សម្ពាធ​ពី​ឧស្សាហ​កម្ម​ជីក​រ៉ែ​ដែល​បង្ក​បញ្ហា​លើ​បរិស្ថាន។ នៅ​ក្នុង​ប្រទេស​ទាំង​ពីរ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម​ កំពុង​ត្រូវ​គេ​ធ្វើ​ឡើង​ដើម្បី​ការ​ពារ​ជីវ​ចម្រុះ​នៃ​ប្រទេស​រៀងៗ​ខ្លួន។

អស់​ពេល​១​ឆ្នាំ​ក្រោយ​ពី​បាន​មក​លេង​អូស្រ្ដាលី​ដំបូង លោក អាម៉ុហ្គ បាន​ប្រមូល​ផ្ដុំ​ចង​ក្រង​រូប​ថត​ និង​ខ្សែ​វីដេ​អូជា​ច្រើន​ដែល​លោក​បាន​ថត​នៅ​ពេល​លោក​មក​លេង​អូស្រ្ដាលី​នោះ ដើម្បី​រៀប​រាប់​ប្រាប់​នូវ​រឿង​ដែល​លោក​ចង់​បង្ហាញ​ពី​គំនិត​យោបល់​របស់​លោក។

លោក​ថា "​តាម​រយៈ​ខ្សែ​វីដេអូ​ខ្លី​មួយ​នេះ ខ្ញុំ​បាន​ព្យាយាម​សម្ដែង​ឲ្យ​ឃើញ​នូវ​ទំនាក់​ទំនង​វប្បធម៌​នៃ​ប្រទេស​ទាំង​ពីរ។ នេះ​គឺ​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​នូវ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​នៅ​អូស្រ្ដាលី​ - គឺ​អ្វី​ដែល​ខ្ញុំ​យល់​អំពី​អូស្រ្ដាលី​ក្នុង​នាម​ជា​ភ្ញៀវ​ទេសចរ​ម្នាក់"។

លោក អាម៉ុហ្គ ឲ្យ​ដឹង​ថា លោក​អាច​និយាយ​សរុប​សេចក្ដី​បាន​អំពី​បទ​ពិសោធន៍​នានា និង​ដំណើរ​កម្សាន្ដ​របស់​លោក​ក្នុង​ប្រទេស​អូស្រ្ដាលី​តាម​រយៈ​ពាក្យ​មួយ​គឺ "អស្ចារ្យ​មែន​!"។

ប្រាកដ​ណាស់ ប្រទេស​អូស្រ្ដាលី​បាន​ធ្វើ​ឲ្យ​ផលិត​ករ​ភាព​យន្ដ​វ័យ​ក្មេង​រូប​នេះ​ដិត​អារម្មណ៍​ចាំ​ទុក​នូវ​បទ​ពិសោធន៍​វិជ្ជ​មាន​ល្អ ហើយ​លោក​ អាម៉ុហ្គ​ ថា នឹង​បន្ដ​ពង្រឹង​ទំនាក់​ទំនង​របស់​លោក​ជា​មួយ​នឹង​ប្រទេស​អូស្រ្ដាលី​ត​ទៀត​ក្នុង​ផ្នែក​អភិរក្ស​បរិស្ថាន៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors