Pages

Saturday, January 25, 2014

លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ធ្លាក់ចុះ​ដោយសារ ហ៊ុន សែន ពេលដែល​ភូមា​កំពុងមាន​ការ​កែទ​ម្រង់​​របៀប​ដឹកនាំ​យ៉ាង​រលូន​

 
ក្រុមអ្នកតាមដាន​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បាន​រិះគន់ថា ការដែល ហ៊ុន សែន ខំប្រឹង​ក្រាញ​អំណាច​ក្រោយពេល​គណបក្ស​ប្រជាជន​ចាញ់ឆ្នោត​បានធ្វើឱ្យ​លទ្ធិប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា​ធ្លាក់ចុះ​យ៉ាងគំហុក​។ ក្រុមអ្នកវិភាគ​បាន​វាយតម្លៃថា​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់​​របស់ ហ៊ុន សែន បច្ចុប្បន្នកំពុង​អនុវត្តន៍​តាមរបៀប​កុ​ម្មុយ​និ​ស្ត​ក្នុងការ​ចាប់ចង​អ្នក​រិះគន់​និង​ក្រុមអ្នកតវ៉ា​ប្រឆាំង​
រដ្ឋាភិបាល​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​យ៉ាង​កំរោល​។ មានន័យថា​ជំងឺ​ញៀន​អំ​ណាច​​របស់ ហ៊ុន សែន កំពុង​ធ្វើឱ្យ​កម្ពុជា​ធ្លាក់ចូល​ទៅក្នុង​របប​កុ​ម្មុយ​និ​ស្ត​ឡើងវិញ ក្នុង​ខណៈ​ដែ​ល​ប្រទេស​ភូមា​បាន​កែទម្រង់​ទៅរក​ការអនុវត្ត​តាម​គោលការណ៍​ប្រជាធិបតេយ្យ​យ៉ាង​រលូន ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​អង្គការសហប្រជាជាតិ​និង​សហគមន៍​អន្តរជាតិ​។
​ក្រុមអ្នកវិភាគ​និង​អ្នកតាមដាន​ស្ថានការណ៍​សង្គម ប្រៀបធៀប​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ទៅនឹង​ប្រ​ទេស​ភូមា​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​មេដឹកនាំ​យោធា​ផ្តាច់ការ​កាលពី​អំឡុង​ទស​វត្សរ៍​ឆ្នាំ​១៩៩០ និង​ឆ្នាំ​២០០០​។ នៅក្នុង​ពេលនោះ​មេដឹកនាំ​យោធា​ភូមា​បាន​ប្រើ​ច្បាប់​អាជ្ញាសឹក​ដាក់​បម្រាម​ហាម​មិនឱ្យ​មានការ​ប្រមូលផ្តុំ​មនុស្ស​ចាប់ពី​៥​នាក់​ឡើងទៅ និង​មិនឱ្យ​មានការ​សម្តែង​មតិ​រិះគន់​រដ្ឋាភិបាល​ឡើយ​។ ក៏ប៉ុន្តែ​បច្ចុប្បន្ន​ប្រទេស​ភូមា​ដែលមាន​លោក ថេ​ន សេន ជា​ប្រធា​នាធិបតី បាន​បោះជំហាន​ឆ្លង​ផុតពី​គន្លង​របប​យោធា​ផ្តាច់ការ​ដ៏​ខ្មៅ​ងងឹត​នោះ​ហើយ និង​មាន​ការ​កែទម្រង់​យ៉ាង​ឆាប់រហ័ស​បំផុត​។ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ក្នុង​សមាគម​អា​ស៊ាន​​បាន​លើកឡើងថា ភូមា​គឺជា​ប្រទេសមួយ​ក្នុង​សមាគម​អាស៊ាន​ដូច​កម្ពុជា​ផងដែរ ហើយ​ពេលនេះ​ភូមា គឺជា​ប្រទេសមួយ​មានការ​អភិវឌ្ឍ​ខាង​គោរព​សិទ្ធិមនុស្ស​គួរឱ្យភ្ញាក់ផ្អើល​និង​មិន​នឹកស្មាន​ដល់​ទាល់តែសោះ​។​

​លោក កែម ឡី អ្នកស្រាវជ្រាវ​បញ្ហា​សង្គម និង​ជា​អ្នកវិភាគ​ឯករាជ្យ​បាន​ហៅ​ស្ថានការណ៍​សន្តិ​សុខ​ក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ននេះ​ថា កំពុងតែ​យក​គំរូ​តាម​ប្រទេស​ភូមា​ពី​អតីតកាល គឺ​នៅ​ចន្លោះ​ទសវត្សរ៍​ឆ្នាំ​១៩៩០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ ដែលមាន​ចរិតលក្ខណៈ​ជា​របប​មួយ​គួរឱ្យ​ភ័យខ្លាច​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​២១ ខែមករា កន្លងទៅ​ថ្មីៗ​នេះ សកម្មជន​ដីធ្លី​និង​សិទ្ធិ​មនុស្ស​១១​នាក់ រួមទាំង​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ផងដែរ​ត្រូវបាន​សមត្ថកិច្ច​និង​ក្រុម​ជន​មិន​ស្គាល់មុខ​ចាប់ខ្លួន​នៅមុខ​ស្ថានទូត​អាមេរិក និង​ស្ថានទូត​បារាំង​។ ទង្វើ​របស់​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​មិន​ស្របច្បាប់​របស់ ហ៊ុន សែន កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាង​ពេញបន្ទុក​ពី​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ ព្រោះ​លោក ហ៊ុន សែន កំពុង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ដោយ​ខ្វះ​ការពិចារណា​។ ជាក់ស្តែង​មួយរយៈ​ពេល​ចុងក្រោយ​នេះ ហ៊ុន សែន ធ្វើ​អ្វីៗ​សព្វបែបយ៉ាង ដើម្បី​ក្រាញ​អំណាច​ឱ្យបាន​យូរ​តាម​មហិច្ឆតា​របស់ខ្លួន​រហូត​ដល់​គំរាម​ធ្វើបាតុកម្ម​ប្រឆាំងនឹង​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ក្នុង​សមាគម​អាស៊ាន​បាន​រំលឹកថា​ប្រទេស​ភូមា​ពេល​ដែល​គ្រប់គ្រង​ដោយ​របប​យោធា​ផ្តាច់ការ​ត្រូវ​សហគមន៍​អន្តរជាតិ​ហ៊ុំព័ទ្ធ​សេដ្ឋកិច្ច ព្រោះ​តែ​មិន​ទទួលយក​សម្ពាធ​ពី​អន្តរជាតិ​ដែល​ជំ​រុញឱ្យ​បើកចំហ​សេរីភាព​នៃ​ការបញ្ចេញមតិ​និង​​ការជួបជុំ​របស់​ពលរ​ដ្ឋ​។ មិនតែប៉ុណ្ណោះ​រដ្ឋាភិបាល​យោធា​ភូមា បាន​ចាប់ខ្លួន​អ្នកគាំទ្រ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ឃុំឃាំង​ក្នុង​ពន្ធនាគារ​រាប់​ពាន់​នាក់ និង​ឃុំខ្លួន​ព្រះសង្ឃ​រាប់រយ​អង្គ​ផងដែរ​។ ចំណែក​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែលជា​មេ​ដឹក​នាំ​គណបក្សប្រឆាំង​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ផ្ទះ​អស់​រយៈពេល​ប្រមាណ​២០​ឆ្នាំ រហូត​ទាល់​តែមាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​កាន់តែខ្លាំង​ទើប​មេដឹកនាំ​រដ្ឋាភិបាល​ភូមា​ធ្វើការ​កែទម្រង់​របៀប​ដឹកនាំ​។

​បច្ចុប្បន្ន​ប្រទេស​ភូមា​បាន​ផ្លាស់​បូរ​ពី​របៀប​គ្រប់គ្រង​ដោយ​ក្រុម​យោធា​មកជា​រដ្ឋបាល​ស៊ីវិល ហើយ​កំពុងធ្វើដំណើរ​ទៅរក​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៥ ដោយ​គេ​រំពឹងទុក​ថា​លោកស្រី អ៊ុង​សាន ស៊ូ​ជី មេដឹកនាំ​គណបក្ស​ប្រឆាំងនឹង​ឈ្នះ​ការបោះឆ្នោត​នោះ​។ ការកែទម្រង់​របស់​ភូមា ទទួលបាន​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​យ៉ាងខ្លាំង​ក្លា ដោយ​សហគ​មន៍​​អឺរ៉ុប​បានសម្រេច​លុបចោល​បំណុល​រាប់ពាន់​លាន​ដុល្លារ ហើយ​ថែមទាំង​ផ្តល់ជំនួយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ថែមទៀត​។ ជាមួយគ្នានេះ​អ្នកវិនិយោគទុន​ធំៗ​របស់​សហរដ្ឋអាមេរិក​បាន​ទៅ​វិនិយោគទុន​នៅក្នុង​ប្រទេស​ភូមា ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងប្រទេស​នេះ​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​គួរឱ្យកត់សម្គាល់​ផងដែរ​។ ការកែទម្រង់​របស់​ប្រទេស​ភូមា​នាំមក​នូវ​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ប្រទេស​និង​ប្រជាពលរដ្ឋ​របស់ខ្លួន ហើយ​សហគមន៍​អន្តរជាតិ​បាន​ជួយ​អភិវឌ្ឍន៍​ប្រទេស​ភូមា​ឱ្យ​កាន់តែ​រីកចម្រើន​ឆាប់រហ័ស​។​

​ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ ហ៊ុន សែន ខំប្រឹង​ក្រាញ​អំណាច​ដោយ​ឥត​អៀន​ខ្មាស​​នៅក្រោយពេល​គណបក្ស​ប្រជាជន​ចាញ់ឆ្នោត​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។ នៅក្នុង​ពិធី​មួយនា​ខេត្តក្រចេះ កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៤ លោក ហ៊ុន សែន នា​យក​រដ្ឋមន្ត្រី​នៃ​គណបក្ស​ចាញ់ឆ្នោត​បាន​ព្រមាន​យ៉ាង​ក្រអឺតក្រទម​ថា​មិន​បណ្តោយឱ្យ​កម្ពុជា​ដើរ​តាម​ប្រទេស​ដែលមាន​បដិវត្តន៍​ផ្កា​រីក​នៅ​ពិភព​អារ៉ាប់​ជាដាច់ខាត​។ ការប្រកាស​របស់ ហ៊ុន សែន នៅក្នុង​ខេត្តក្រចេះ​ធ្វើឱ្យ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​វាយតម្លៃថា ហ៊ុន សែន កំពុងតែ​ខំប្រឹង​ការពារ​រដ្ឋសភា​ឯក​បក្ស និង​រដ្ឋាភិបាល​មិន​ស្របច្បាប់​របស់ខ្លួន​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​បើទោះបី​រដ្ឋសភា​និង​រដ្ឋាភិបាល​បច្ចុប្បន្ន​គ្មាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ក៏ដោយ​។ ក្រុម​អ្នកសង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​បាន​វាយតម្លៃថា ទោះជា​យ៉ាងណា​នៅ​ទីបញ្ចប់ ហ៊ុន សែន មិនអាច​យកឈ្នះ​កម្លាំង​មហាជន​បានឡើយ​។​

​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មានប្រសាសន៍ថា​កាលៈទេសៈ​នេះ គឺ​មិនបាន​ឈរលើ​គោលការណ៍​ប្រទេស​ដែលមាន​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ឡើយ​។ លោក យឹម សុវណ្ណ បាន​រិះគន់ថា​វា​ជា​សកម្មភាព​ដែល​ប្រទេស​ភូមា​ធ្លាប់​អនុវត្តន៍​ពី​អតីតកាល ហើយ​បែរជា​កម្ពុជា​ជ្រើសរើស​មេរៀន​នោះ​យកមក​អនុវត្តន៍​ជាថ្មី​ឡើងវិញ​។ ក្រុម​អ្នក​វិភាគ​បានលើកឡើង​ថា​ការអនុវត្ត​របស់​រដ្ឋា​ភិ​បាល ហ៊ុន សែន បច្ចុប្បន្ននេះ​កំពុងតែ​ធ្វើឱ្យ​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់ចុះ​យ៉ាងគំហុក និង​ធ្វើឱ្យ​កម្ពុជា​កំពុង​បាត់បង់​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​។ ប៉ុន្តែ​ការដែល ហ៊ុន សែន កំពុង​ប្រឈមមុខ​ជាមួយ​សហរដ្ឋអាមេរិក​សហភាព​អឺរ៉ុប និង​ប្រទេស​ម្ចាស់ជំនួយ​សំខាន់ៗ​នាពេល​បច្ចុប្បន្ននេះ​មិនមែនជា​រឿង​ល្អ​ឡើយ គឺ​រដ្ឋាភិបាល​មិន​ស្របច្បាប់​របស់ ហ៊ុន សែន កំពុងស្ថិត​នៅក្នុង​ភាព​ឯកោ គ្មាន​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​តទៅទៀត​ឡើយ​។​

​ក្រុមអ្នកវិភាគ​បាន​វែកញែក​ថា​ការដែល​ប្រធានាធិបតី​ភូមា ធ្វើការ​កែទម្រង់​របៀប​របប​ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​កាន់តែ​ប្រសើរ កំពុង​ទទួលបាន​នូវ​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​កាន់តែ​ច្រើនឡើងៗ​។ ដោយឡែក​ការដែល ហ៊ុន សែន ខំប្រឹង​ក្រាញ​អំ​ណាច​ក្រោយពេល​គណបក្ស​ប្រជាជន​ចាញ់ឆ្នោត ហើយ​ដឹកនាំ​ប្រទេស​តាមរបៀប​ផ្តាច់ការ​ដូច​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ កំពុង​ធ្វើឱ្យ​បាត់បង់​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ និង​ពី​ប្រ​ជា​ពលរដ្ឋ​ខ្មែរ​។ ទង្វើ​ខ្វះ​ការពិចារណា​របស់ ហ៊ុន សែន កំពុង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ប្រឈម​នឹង​វិបត្តិ​សព្វបែបយ៉ាង ព្រោះ​អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក និង​ប្រទេស​ម្ចាស់ជំនួយ​សំខាន់ៗ​មិន​ទទួលស្គាល់​រដ្ឋសភា និង​រដ្ឋាភិបាល​ឯក​បក្ស​របស់ ហ៊ុន សែន ឡើយ​។ សហរដ្ឋអាមេរិក​បាន​ប្រកាស​រួចមកហើយ​អំពី​ការផ្តាច់​ជំនួយ​ដល់​ប្រទេស​កម្ពុជា ហើយ​សហ​ភាព​​អឺរ៉ុប ក៏​នឹង​អនុវត្តន៍​តាម​គោលជំហរ​របស់​អាមេរិក​ដែរ ដូច្នេះ​រដ្ឋាភិបាល​មិន​ស្របច្បាប់​របស់ ហ៊ុន សែន កំពុង​ប្រឈម​នឹង​ការ​ថ្កោលទោស​យ៉ាង​ពេញបន្ទុក​៕​
ប្រភព៖មនសិការខ្មែរ