រដ្ឋាភិបាលឃុំខ្លួនក្នុងពន្ធនាគារយ៉ាងកំរោល។ មានន័យថាជំងឺញៀនអំណាចរបស់ ហ៊ុន សែន កំពុងធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងរបបកុម្មុយនិស្តឡើងវិញ ក្នុងខណៈដែលប្រទេសភូមាបានកែទម្រង់ទៅរកការអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យយ៉ាងរលូន ដើម្បីទាក់ទាញការគាំទ្រពីអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិ។
ក្រុមអ្នកវិភាគនិងអ្នកតាមដានស្ថានការណ៍សង្គម ប្រៀបធៀបប្រទេសកម្ពុជាបច្ចុប្បន្នទៅនឹងប្រទេសភូមាដែលស្ថិតក្រោមការគ្រប់គ្រងរបស់មេដឹកនាំយោធាផ្តាច់ការកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ និងឆ្នាំ២០០០។ នៅក្នុងពេលនោះមេដឹកនាំយោធាភូមាបានប្រើច្បាប់អាជ្ញាសឹកដាក់បម្រាមហាមមិនឱ្យមានការប្រមូលផ្តុំមនុស្សចាប់ពី៥នាក់ឡើងទៅ និងមិនឱ្យមានការសម្តែងមតិរិះគន់រដ្ឋាភិបាលឡើយ។ ក៏ប៉ុន្តែបច្ចុប្បន្នប្រទេសភូមាដែលមានលោក ថេន សេន ជាប្រធានាធិបតី បានបោះជំហានឆ្លងផុតពីគន្លងរបបយោធាផ្តាច់ការដ៏ខ្មៅងងឹតនោះហើយ និងមានការកែទម្រង់យ៉ាងឆាប់រហ័សបំផុត។ អ្នកតាមដានស្ថានការណ៍នយោបាយក្នុងសមាគមអាស៊ានបានលើកឡើងថា ភូមាគឺជាប្រទេសមួយក្នុងសមាគមអាស៊ានដូចកម្ពុជាផងដែរ ហើយពេលនេះភូមា គឺជាប្រទេសមួយមានការអភិវឌ្ឍខាងគោរពសិទ្ធិមនុស្សគួរឱ្យភ្ញាក់ផ្អើលនិងមិននឹកស្មានដល់ទាល់តែសោះ។
លោក កែម ឡី អ្នកស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគឯករាជ្យបានហៅស្ថានការណ៍សន្តិសុខក្នុងរាជធានីភ្នំពេញបច្ចុប្បន្ននេះថា កំពុងតែយកគំរូតាមប្រទេសភូមាពីអតីតកាល គឺនៅចន្លោះទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ២០០០ ដែលមានចរិតលក្ខណៈជារបបមួយគួរឱ្យភ័យខ្លាច។ ជាក់ស្តែងកាលពីថ្ងៃទី២១ ខែមករា កន្លងទៅថ្មីៗនេះ សកម្មជនដីធ្លីនិងសិទ្ធិមនុស្ស១១នាក់ រួមទាំងលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងដែរត្រូវបានសមត្ថកិច្ចនិងក្រុមជនមិនស្គាល់មុខចាប់ខ្លួននៅមុខស្ថានទូតអាមេរិក និងស្ថានទូតបារាំង។ ទង្វើរបស់សមត្ថកិច្ចនៃរដ្ឋាភិបាលមិនស្របច្បាប់របស់ ហ៊ុន សែន កំពុងប្រឈមនឹងការរិះគន់យ៉ាងពេញបន្ទុកពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ព្រោះលោក ហ៊ុន សែន កំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យដោយខ្វះការពិចារណា។ ជាក់ស្តែងមួយរយៈពេលចុងក្រោយនេះ ហ៊ុន សែន ធ្វើអ្វីៗសព្វបែបយ៉ាង ដើម្បីក្រាញអំណាចឱ្យបានយូរតាមមហិច្ឆតារបស់ខ្លួនរហូតដល់គំរាមធ្វើបាតុកម្មប្រឆាំងនឹងបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
អ្នកតាមដានស្ថានការណ៍នយោបាយក្នុងសមាគមអាស៊ានបានរំលឹកថាប្រទេសភូមាពេលដែលគ្រប់គ្រងដោយរបបយោធាផ្តាច់ការត្រូវសហគមន៍អន្តរជាតិហ៊ុំព័ទ្ធសេដ្ឋកិច្ច ព្រោះតែមិនទទួលយកសម្ពាធពីអន្តរជាតិដែលជំរុញឱ្យបើកចំហសេរីភាពនៃការបញ្ចេញមតិនិងការជួបជុំរបស់ពលរដ្ឋ។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលយោធាភូមា បានចាប់ខ្លួនអ្នកគាំទ្រគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ឃុំឃាំងក្នុងពន្ធនាគាររាប់ពាន់នាក់ និងឃុំខ្លួនព្រះសង្ឃរាប់រយអង្គផងដែរ។ ចំណែកលោកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំគណបក្សប្រឆាំងត្រូវបានឃុំខ្លួននៅក្នុងផ្ទះអស់រយៈពេលប្រមាណ២០ឆ្នាំ រហូតទាល់តែមានសម្ពាធពីសហគមន៍អន្តរជាតិកាន់តែខ្លាំងទើបមេដឹកនាំរដ្ឋាភិបាលភូមាធ្វើការកែទម្រង់របៀបដឹកនាំ។
បច្ចុប្បន្នប្រទេសភូមាបានផ្លាស់បូរពីរបៀបគ្រប់គ្រងដោយក្រុមយោធាមកជារដ្ឋបាលស៊ីវិល ហើយកំពុងធ្វើដំណើរទៅរកការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០១៥ ដោយគេរំពឹងទុកថាលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំគណបក្សប្រឆាំងនឹងឈ្នះការបោះឆ្នោតនោះ។ ការកែទម្រង់របស់ភូមា ទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិយ៉ាងខ្លាំងក្លា ដោយសហគមន៍អឺរ៉ុបបានសម្រេចលុបចោលបំណុលរាប់ពាន់លានដុល្លារ ហើយថែមទាំងផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀត។ ជាមួយគ្នានេះអ្នកវិនិយោគទុនធំៗរបស់សហរដ្ឋអាមេរិកបានទៅវិនិយោគទុននៅក្នុងប្រទេសភូមា ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងប្រទេសនេះមានការប្រែប្រួលយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ផងដែរ។ ការកែទម្រង់របស់ប្រទេសភូមានាំមកនូវប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រទេសនិងប្រជាពលរដ្ឋរបស់ខ្លួន ហើយសហគមន៍អន្តរជាតិបានជួយអភិវឌ្ឍន៍ប្រទេសភូមាឱ្យកាន់តែរីកចម្រើនឆាប់រហ័ស។
ដោយឡែកនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ហ៊ុន សែន ខំប្រឹងក្រាញអំណាចដោយឥតអៀនខ្មាសនៅក្រោយពេលគណបក្សប្រជាជនចាញ់ឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ នៅក្នុងពិធីមួយនាខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃគណបក្សចាញ់ឆ្នោតបានព្រមានយ៉ាងក្រអឺតក្រទមថាមិនបណ្តោយឱ្យកម្ពុជាដើរតាមប្រទេសដែលមានបដិវត្តន៍ផ្ការីកនៅពិភពអារ៉ាប់ជាដាច់ខាត។ ការប្រកាសរបស់ ហ៊ុន សែន នៅក្នុងខេត្តក្រចេះធ្វើឱ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិវាយតម្លៃថា ហ៊ុន សែន កំពុងតែខំប្រឹងការពាររដ្ឋសភាឯកបក្ស និងរដ្ឋាភិបាលមិនស្របច្បាប់របស់ខ្លួនដោយគ្មានសេចក្តីអៀនខ្មាសបើទោះបីរដ្ឋសភានិងរដ្ឋាភិបាលបច្ចុប្បន្នគ្មានការគាំទ្រពីប្រជាពលរដ្ឋក៏ដោយ។ ក្រុមអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិបានវាយតម្លៃថា ទោះជាយ៉ាងណានៅទីបញ្ចប់ ហ៊ុន សែន មិនអាចយកឈ្នះកម្លាំងមហាជនបានឡើយ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថាកាលៈទេសៈនេះ គឺមិនបានឈរលើគោលការណ៍ប្រទេសដែលមាននីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដឡើយ។ លោក យឹម សុវណ្ណ បានរិះគន់ថាវាជាសកម្មភាពដែលប្រទេសភូមាធ្លាប់អនុវត្តន៍ពីអតីតកាល ហើយបែរជាកម្ពុជាជ្រើសរើសមេរៀននោះយកមកអនុវត្តន៍ជាថ្មីឡើងវិញ។ ក្រុមអ្នកវិភាគបានលើកឡើងថាការអនុវត្តរបស់រដ្ឋាភិបាល ហ៊ុន សែន បច្ចុប្បន្ននេះកំពុងតែធ្វើឱ្យលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះយ៉ាងគំហុក និងធ្វើឱ្យកម្ពុជាកំពុងបាត់បង់ការគាំទ្រពីសហគមន៍អន្តរជាតិ។ ប៉ុន្តែការដែល ហ៊ុន សែន កំពុងប្រឈមមុខជាមួយសហរដ្ឋអាមេរិកសហភាពអឺរ៉ុប និងប្រទេសម្ចាស់ជំនួយសំខាន់ៗនាពេលបច្ចុប្បន្ននេះមិនមែនជារឿងល្អឡើយ គឺរដ្ឋាភិបាលមិនស្របច្បាប់របស់ ហ៊ុន សែន កំពុងស្ថិតនៅក្នុងភាពឯកោ គ្មានការគាំទ្រពីសហគមន៍អន្តរជាតិតទៅទៀតឡើយ។
ក្រុមអ្នកវិភាគបានវែកញែកថាការដែលប្រធានាធិបតីភូមា ធ្វើការកែទម្រង់របៀបរបបដឹកនាំតាមបែបប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សកាន់តែប្រសើរ កំពុងទទួលបាននូវការគាំទ្រពីសហគមន៍អន្តរជាតិកាន់តែច្រើនឡើងៗ។ ដោយឡែកការដែល ហ៊ុន សែន ខំប្រឹងក្រាញអំណាចក្រោយពេលគណបក្សប្រជាជនចាញ់ឆ្នោត ហើយដឹកនាំប្រទេសតាមរបៀបផ្តាច់ការដូចកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ កំពុងធ្វើឱ្យបាត់បង់ការគាំទ្រពីសហគមន៍អន្តរជាតិ និងពីប្រជាពលរដ្ឋខ្មែរ។ ទង្វើខ្វះការពិចារណារបស់ ហ៊ុន សែន កំពុងធ្វើឱ្យប្រទេសកម្ពុជាប្រឈមនឹងវិបត្តិសព្វបែបយ៉ាង ព្រោះអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសម្ចាស់ជំនួយសំខាន់ៗមិនទទួលស្គាល់រដ្ឋសភា និងរដ្ឋាភិបាលឯកបក្សរបស់ ហ៊ុន សែន ឡើយ។ សហរដ្ឋអាមេរិកបានប្រកាសរួចមកហើយអំពីការផ្តាច់ជំនួយដល់ប្រទេសកម្ពុជា ហើយសហភាពអឺរ៉ុប ក៏នឹងអនុវត្តន៍តាមគោលជំហររបស់អាមេរិកដែរ ដូច្នេះរដ្ឋាភិបាលមិនស្របច្បាប់របស់ ហ៊ុន សែន កំពុងប្រឈមនឹងការថ្កោលទោសយ៉ាងពេញបន្ទុក៕
ប្រភព៖មនសិការខ្មែរ Labels: ព័ត៌មានជាតិ