នៅលើទឹកដីខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្ននេះ មានសកម្មភាពដឹកជញ្ជូនឈើប្រណីតចេញទៅលក់នៅស្រុកយួនយ៉ាងគគ្រឹកគគ្រេងតាមស្រុកកែវសីមា និងស្រុកកោះញែក ហើយក៏មានការនាំចូលទំនិញគេចពន្ធមកពីស្រុកយួនយ៉ាងអនាធិបតេយ្យផងដែរសុទ្ធសឹងជាប្រភពចំណូលមិនចេះរីងស្ងួតរបស់លោកស័ក្តិ៥ តូច យន់ ជាស្នងការរងនគរបាលខេត្តមណ្ឌលគិរី ទទួលបន្ទុកការងារព្រំដែន។ ហើយលោក តូច យន់ ក៏បាន
ពង្រាយសាច់ញាតិនិងមន្ត្រីជំនិតៗរបស់ខ្លួនឲ្យចុះទៅប្រចាំការតាមប៉ុស្តិ៍ព្រំដែននិងច្រករបៀង ទីដែលមានការដឹកជញ្ជូនឈើខុសច្បាប់ ដើម្បីប្រមូលប្រយោជន៍យកទៅចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួនគ្មានក្រែងញញើតពីការរឹតបន្តឹងរបស់អគ្គស្នងការនគរបាលជាតិនោះទេ ធ្វើយ៉ាងណាឲ្យតែពួកគេប្រមូលលុយច្រកហោប៉ៅសម្រាប់អភិវឌ្ឍន៍មុខតំណែង។
លោកស្នងការរង តូច យន់ ជាប់ឈ្មោះជាអ្នកមានអំណាចកំពូលក្នុងការសម្របសម្រួលឃុបឃិតឲ្យក្រុមឈ្មួញទាំងតូចទាំងធំរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ចេញទៅស្រុកយួន គ្មានខ្វល់ខ្វាយពីការរឹតបន្តឹងរបស់ថ្នាក់លើនោះទេ ហើយករណីខ្លះទៀតបទបញ្ជារបស់លោក ញ៉ែម វ៉ាន់នី ជាស្នងការនគរបាលខេត្តមណ្ឌលគិរី ត្រូវបានលោក តូច យន់ យកទៅស្វែងរកលាភសក្ការៈផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទមបំផុត។ លោក តូច យន់ បានកាន់តំណែងជាស្នងការរងទទួលបន្ទុកការងារព្រំដែននៅខេត្តមណ្ឌលគិរី ឡើងដុះស្លែទៅហើយ គាត់ក្តាប់បាននូវមុខសញ្ញាក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់និងទំនិញគេចពន្ធឆ្លងកាត់ព្រំដែនបានយ៉ាងច្បាស់ដូចថ្ងៃរះ ហើយក្រៅពីជំនាញបច្ចុប្បន្ននេះ ទោះជាថ្នាក់លើតែងតាំងឲ្យកាន់តំណែងនៅក្រសួងមហាផ្ទៃ ឬពាក់ផ្កាយ១ ក៏លោក តូច យន់ មិនចង់បានដែរ ព្រោះតែគ្មានឱកាសដើម្បីប្រមូលលុយពីបទល្មើសយកទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។
លោក តូច យន់ ធ្លាប់ត្រូវបានមន្ត្រីតូចតាចជាច្រើនចំអកថាបានប្រើប្រាស់ស្បែកជានគរបាលទៅរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ផ្ទាល់ខ្លួនផង ជួយសម្របសម្រួលរត់ការឲ្យក្រុមឈ្មួញទាំងតូចទាំងធំផង និងបង្កើតប៉ុស្តិ៍ជជុះចាំប្រមូលលុយពីការដឹកជញ្ជូនឈើប្រណីតខុសច្បាប់ចេញទៅលក់នៅស្រុកយួនផង។ ពោលគឺគ្រប់ការដឹកជញ្ជូនទំនិញគេចពន្ធចូលខេត្តមណ្ឌលគិរី និងការនាំចេញឈើទៅស្រុកយួន ជាប្រភពចំណូលមិនចេះរីងស្ងួតរបស់លោកស្នងការរង តូច យន់ ហើយគាត់បានប្រមូលផលប្រយោជន៍ពីការឃុបឃិតឲ្យមានអំពើល្មើសច្បាប់នេះទៅអភិវឌ្ឍន៍មុខតំណែងឬទប់តំណែងកុំឲ្យរង្គោះរង្គើជាបន្តបន្ទាប់។ លោក តូច យន់ ដែលពូកែប្រមូលសេដ្ឋកិច្ចបែបនេះកំពុងក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃដែលលោកស្នងការ ញ៉ែម វ៉ាន់នី ត្រូវការជាចាំបាច់ទាំងការងារជំនាញ និងការងារសេដ្ឋកិច្ចប្រមូលលុយកាក់ ធ្វើឲ្យឥទ្ធិពលអំណាចរបស់លោក តូច យន់ កាន់តែរីកធំឡើងៗគ្មាននរណាហ៊ានក្អកជាមួយទេ។
ជាក់ស្តែងការដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយួនតាមច្រករបៀង កា១ កា២ និងកា៣ ក្នុងស្រុកកែវសីមា ក៏ដូចជាការដឹកជញ្ជូនឈើតាមច្រករបៀងជាច្រើនកន្លែងក្នុងស្រុកកោះញែក របស់មន្ត្រីយោធា ក៏មិនដែលមើលរំលងឬភ្លេចចូលបង់លុយឲ្យមន្ត្រីនគរបាលក្រោមបញ្ជារបស់លោក តូច យន់ ដែលយាមប្រចាំការតាមច្រករបៀងព្រំដែននោះទេ។ ក្នុងមួយរថយន្តយីឌុប ឬរថយន្តឆ្នៃដែលដឹកឈើជាង១០ម៉ែត្រគូប ត្រូវចូលបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធយ៉ាងតិចបំផុត៣ពាន់ទៅ៥ពាន់ដុល្លារទើបអាចចេញឈើទៅលក់នៅស្រុកយួនដោយគ្មានការរំខាន ហើយក្រុមឈ្មួញទាំងតូចទាំងធំ ធ្លាប់ពឹងអាស្រ័យឲ្យលោក តូច យន់ ជាអ្នកជួយសម្របសម្រួលរត់ការ ព្រោះពេលខ្លះក្នុងនាមជាកងកម្លាំងប្រដាប់អាវុធដូចគ្នាមន្ត្រីជំនាញនិងសមត្ថកិច្ចចេះតែយោគយល់ឲ្យការដឹកជញ្ជូនឈើដំណើរការដោយរលូនល្អ នាំឲ្យឈ្មួញជាច្រើនជឿទុកចិត្តលើសមត្ថភាពរត់ការរបស់លោក តូច យន់ ដែលគ្មាននរណាហ៊ានប៉ះពាល់ឡើយ។
ការដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយួនតាមច្រករបៀងចំនួន៣កន្លែងក្នុងស្រុកកោះញែក បើទោះបីជាគេដឹងច្បាស់ថា ឈើទាំងនោះជារបស់មន្ត្រីយោធាដ៏មានអំណាចនិងមានភាគហ៊ុនរបស់លោក ឃិន ម៉េងស្រេង ជាមេយោធាខេត្តមណ្ឌលគិរីក៏ដោយ ក៏មិនអាចគេចផុតពីក្រសែភ្នែករបស់លោក តូច យន់ បានដែរ បើមិនចូលបង់លុយឬជូនដំណឹងជាមុនទេ ច្បាស់ជាមានរឿងរ៉ាវកើតឡើង ត្រូវមន្ត្រីជំនិតៗរបស់លោក តូច យន់ កោសរូសឬរាយការណ៍ឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចដទៃទៀតចុះមកសួរនាំ កើតជារឿងវែងឆ្ងាយជាមិនខាន ម្លេ៉ាះហើយក្រុមឈ្មួញទោះជាជ្រកក្រោមស្បែកសមត្ថកិច្ចក៏ត្រូវចេះសែនព្រេនបង់លុយជូនលោកតូច យន់ តាមពាក្យស្លោកដែលថា អារសាច់ជូនខ្លាទើបនៅស្រុកបាន។
គិតៗទៅសិទ្ធិអំណាចរបស់លោកស្នងការរងដែលទទួលបន្ទុកការងារព្រំដែន មានឥទ្ធិពលខ្លាំងណាស់ គ្មាននរណាហ៊ានក្អកជាមួយទេ ប្រសិនបើនិយាយជាមួយលោក តូច យន់ មិនត្រូវកុំសង្ឃឹមថាអាចដឹកជញ្ជូនឈើឆ្លងកាត់ព្រំដែន ដែលស្ថិតក្រោមការត្រួតត្រារបស់កូនចៅលោក តូច យន់ បានឲ្យសោះ។ ពេលខ្លះទៀតលោក តូច យន់ បានដើរតួនាទីជាសមត្ថកិច្ចផង ជាតុលាការផងដូចជាកាលពីអំឡុងខែតុលា ឆ្នាំ២០១៣ កន្លងទៅនេះ មន្ត្រីតូចតាចបានចាប់ឃាត់ឡានយីឌុបដឹកឈើមួយគ្រឿងពីពេលយប់ ស្រាប់តែព្រលឹមឡើងលោក តូច យន់ បានសម្របសម្រួលដោះលែងទៅវិញស្ងាត់ៗជាថ្នូរនឹងប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយគេមិនច្បាស់ថា គ្រប់ផលប្រយោជន៍ដែលលោក តូច យន់ ប្រមូលបានពីការឃុបឃិតឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យឆ្លងកាត់ច្រកព្រំដែនខេត្តមណ្ឌលគិរីចេញទៅស្រុកយួន លោក តូច យន់ បែងចែកទៅឲ្យលោកស្នងការ ញ៉ែម វ៉ាន់នី ប៉ុន្មាននោះទេ ប៉ុន្តែមន្ត្រីខ្លះបានទម្លាយឲ្យដឹងថា លោកស្នងការ ញ៉ែម វ៉ាន់នី ទទួលបានត្រឹមតែ៥ភាគរយប៉ុណ្ណោះនៃប្រាក់ចំណូលដែលលោក តូច យន់ ប្រមូលបានជាប្រចាំខែយ៉ាងច្រើនសន្ធឹកសន្ធាប់៕