សហរដ្ឋអាម៉េរិកកំពុងពិចារណាក្នុងការដាក់ចេញនូវការហាមឃាត់មិនឲ្យមានការប្រើប្រាស់ខ្លាញ់សិប្បនិម្មិត (artificial trans fats) នៅក្នុងការផលិតអាហារ ដោយក្រុមអាជ្ញាធរមានសមត្ថកិច្ចបានប្រមាណមើលថា ការហាមប្រាមនេះនឹងជួយរារាំងមិនឲ្យមនុស្សប្រមាណ៧ពាន់នាក់ស្លាប់ដោយសារជំងឺបេះដូងក្នុងមួយឆ្នាំៗ។
អាជ្ញាធរទទួលបន្ទុកស្ដីពីចំណីអាហារ និងថ្នាំនៅសហរដ្ឋអាម៉េរិកបានលើកឡើងនូវសំណើឲ្យមានការហាមប្រាមនេះ ដោយនិយាយថា ការបន្ថយខ្លះនូវខ្លាញ់ដែលមានសារធាតុអ៊ីដ្រូហ្សែននៅចំណីរអាហារនឹងជួយដល់សុខភាពពលរដ្ឋអាម៉េរិក។
ខ្លាញ់សិប្បនិម្មិតបានមកពីប្រេងខ្លាញ់ដែលរាវ ដូចជា ប្រេងឆាត្រូវបានបញ្ចូលជាមួយ ឧស្ម័នអ៊ីដ្រូហ្សែន ហើយធ្វើឲ្យឡើងកក។ ជាទូទៅ គេឃើញមានការប្រើខ្លាញ់ឬប្រេងប្រភេទនេះនៅក្នុងនំប៊ីស្កេត(biscuits), នំភីហ្សាដែលបង្កកទុក (pizzas) និងនំខេកបង្កកទុកពិសាជាដើម។
វិទ្យាស្ថានវេជ្ជសាស្រ្តសហរដ្ឋអាម៉េរិក ជឿថា ចំពោះខ្លាញ់ប្រភេទនេះគឺមិនមានកម្រិតសុវត្ថិភាពក្នុងការបរិភោគឡើយ។
ខ្សែសង្វាក់ផលិតកម្មហាងធំៗ ដែលលក់អាហារបញ្ជាទិញភ្លាមៗបានលុបបំបាត់ការប្រើប្រាស់ខ្លាញ់ប្រភេទនេះ ដោយការប្រើផលិតផលផ្សេងជំនួសវិញ៕