នៅថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងអំពីភូមិសាស្រ្តនយោបាយនៃអាស៊ីអាគ្នេយ៍។ អាស៊ីអាគ្នេយ៍សម្បូណ៌ទៅដោយចលនាទ័ពព្រៃ
ដែលមួយចំនួនធំមានចំណាស់ចាស់ជាងគេបង្អស់នៅក្នុងពិភពលោក ដូចជាទ័ពព្រៃកម្មុយនិស្តឬក៏ទ័ពព្រៃនៃជនជាតិភាគតិចហ្មូង(Hmong) ជាដើម។ ដោយឡែកតាំងពីឆ្នាំ២០០១មក អាស៊ីអាគ្នេយ៍ក៏ជាតំបន់ដែលទទួលរងការវាយប្រហារពីសំណាក់ទ័ពព្រៃអ៊ីស្លាមជ្រុលនិយមដែរ។នៅក្នុងអតីតកាលក៏ដូចពេលបច្ចុប្បន្ន បណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនធំបានជួបនិងកំពុងបន្តប្រឈមមុខនឹងបាតុភាពទ័ពព្រៃ។ នៅសម័យសង្គ្រាមត្រជាក់ ទ័ពព្រៃដែលបានក្រឡុកធ្វើឲ្យរំជើបរំជួលអាស៊ីអាគ្នេយ៍ខ្លាំងជាងគេ គឺពួកបដិវត្តន៍កុម្មុយនិស្តដែលបានងើប បះបោរប្រឆាំងនឹងរបបនយោបាយណាដែលមាននិន្នាការផ្អៀងទៅរកសហរដ្ឋអាមេរិក។ពួកទ័ពព្រៃកុម្មុយនិស្តទាំងនោះថែមទាំងបានរំលំអំណាចនយោបាយនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន នៅឆ្នាំ១៩៧៥ទៀតផង ដូចជានៅកម្ពុជា វៀតណាម និងឡាវជាដើម។ ផ្ទុយទៅវិញ រដ្ឋអំណាចខ្លះបានវាយកម្ទេចគ្មានសល់ពួកទ័ពព្រៃកុម្មុយនិស្ត។ ជាក់ស្តែង ឥណ្ឌូណេស៊ីបានកម្ទេចពួកកុម្មុយនិស្តទាល់តែអស់នៅឆ្នាំ១៩៥៤ ម៉ាឡេស៊ីនៅឆ្នាំ១៩៦៥ ថៃនៅឆ្នាំ១៩៨០។ សព្វថ្ងៃនេះនៅអាស៊ីអាគ្នេយ៍ មានតែប្រទេសហ្វីលីពីនមួយគត់ ដែលត្រូវបន្តប្រឈមមុខនឹងទ័ពព្រៃកុម្មុយនិស្ត។ ក៏ប៉ុន្តែ ទ័ពព្រៃកុម្មុយនិស្តហ្វីលីពីនដែលមានឈ្មោះថាកងកម្លាំងថ្មីនៃប្រជាជន និងដែលប៉ុនប៉ងរំលំរដ្ឋាភិបាលតាំងពីឆ្នាំ១៩៦៩មកម្ល៉េះ ឈប់ជាគ្រោះថ្នាក់ទៀតហើយ សម្រាប់ទីក្រុងម៉ានីល(Manille)។
ក្រៅពីទ័ពព្រៃកុម្មុយនិស្ត នៅក្នុងអតីតកាលក៏ដូចពេលបច្ចុប្បន្ន បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ខ្លះបានជួបឬកំពុងបន្តប្រឈមមុខនឹងទ័ពព្រៃដែលចេញមកពីស្រទាប់ជនជាតិភាគតិច។ ឧទាហរណ៍ ទ័ពព្រៃការ៉េន(Karen) នៅភូមា ទ័ពព្រៃហ្មូង(Hmong) នៅឡាវ និងនៅវៀតណាម និងមកទល់ពេលថ្មីៗនេះ ចលនាអាឆេ(Aceh)សេរីនៅឥណ្ឌូណេស៊ីជាដើម។ ជាទូទៅ ទ័ពព្រៃទាំងអស់នេះមានគោលដៅតែមួយដូចគ្នា នោះគឺទាមទារផ្តាច់ទឹកដីចេញពីការត្រួតត្រារបស់អំណាចនយោបាយកណ្តាល។
ឧទាហរណ៍ជាក់ស្តែងនៅភូមា ពួកការ៉េន (Karen) បានងើបបះបោរប្រឆាំងនឹងរដ្ឋអំណាចតាំងពីឆ្នាំ១៩៤៨មកម្ល៉េះ ពោលគឺក្រោយពីប្រទេសភូមាបានទទួលឯករាជ្យពីប្រទេសអង់គ្លេសភ្លាម។ ចំណែកពួកហ្មូង(Hmong)វិញ ដែលសព្វថ្ងៃមានចំនួនប្រមាណ៥សែននាក់នៅវៀតណាម និងប្រមាណ៣សែននាក់នៅឡាវ ជាជនជាតិភាគតិចដែលសហរដ្ឋអាមេរិកបានប្រើឲ្យប្រឆាំងនឹងទ័ពកុម្មុយនិស្តរបស់ ហ៊ូ ជីមិញ(Hô Chi Minh) នៅក្នុងសង្គ្រាមវៀតណាមពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧៥ និងដែលសហរដ្ឋអាមេរិកបានប្រើឲ្យប្រឆាំងនឹងទ័ពកម្មុយនិស្តប៉ាថេតឡាវ(Pathet Lao) នៅប្រទេសឡាវនៅដើមទសវត្សរ៍ទី៧០។ ម៉្លោះហើយ បានជារបបកុម្មុយនិស្តបច្ចុប្បន្ននៅទីក្រុងហាណូយ(Hanoi) ក៏ដូចរបបកុម្មុយនិស្តនៅទីក្រុងវៀងចាន់(Vientiane)ដែរ បន្តធ្វើទុក្ខបុកម្នេញទៅលើពួកហ្មូង(Hmong)តរហូតមកទល់សព្វថ្ងៃនេះ។
*
យ៉ាងណាក៏ដោយ តាំងពីមានមហាភេរវកម្មថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ នៅសហរដ្ឋអាមេរិករួចមក គេដូចជាមិនសូវចាប់អារម្មណ៍ទៀតឡើយទៅលើទ័ពព្រៃកុម្មុយនិស្តឬទៅលើទ័ពព្រៃ របស់ជនជាតិភាគតិចនៅអាស៊ីអាគ្នេយ៍។ តាំងពីឆ្នាំ២០០១មក អ្វីដែលធ្វើឲ្យរដ្ឋអំណាចនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនបារម្ភខ្លាំង គឺទ័ពព្រៃអ៊ីស្លាមជ្រុលនិយម។
សកម្មភាពរបស់ពួកទ័ពព្រៃអ៊ីស្លាមជ្រុលនិយមបានស្តែងឡើងតាមរយៈភេរវកម្មទ្រង់ទ្រាយធំមួយចំនួនដែលបានធ្វើឲ្យផ្អើលពិភពលោកកាលពីប៉ុន្មានឆ្នាំមុន ដូចជាភេរវកម្ម នៅបាលី(Bali)ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី១២ខែតុលាឆ្នាំ២០០២ និងនៅទីក្រុងហ្សាការតា(Jakarta) ថ្ងៃទី៥ខែសីហាឆ្នាំ២០០៣ជាដើម។
ទ័ពព្រៃអ៊ីស្លាមជ្រុលនិយមបង្កភេរវកម្ម ក្រឡុកឲ្យរំជើបរំជួលនិងធ្វើសកម្មភាពវាយឆ្មក់ ជាពិសេសនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ណាដែលប្រជាជនភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាម ដូចជានៅឥណ្ឌូណេស៊ី ឬក៏នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ណាដែលមានជនជាតិភាគតិចជាអ្នកកាន់សាសនាអ៊ីស្លាម ដូចជានៅខាងត្បូងប្រទេសហ្វីលីពីន និងនៅខាងត្បូងប្រទេសថៃជាដើម។
នៅប្រទេសឥណ្ឌូណេស៊ី អ៊ីស្លាមជ្រុលនិយមបានផ្តើមមានសកម្មភាពខ្លាំង នៅក្នុងទសវត្សរ៍ទី៩០ ជាពិសេសនៅក្នុងតំបន់ម៉ូលុក(Moluques) ជាទីដែលពួកអ្នកកាន់សាសនាអ៊ីស្លាមធ្វើទុក្ខបុកម្នេញខ្លាំងទៅលើពួកអ្នកកាន់គ្រិស្តសាសនា។ រីឯនៅប្រទេសហ្វីលីពីនវិញ ពួកអ៊ីស្លាមជ្រុលនិយមបានបង្កើតចលនាទ័ពព្រៃឡើង តាំងពីទសវត្សរ៍ទី៧០ម៉្លេះ រួមមានជាអាទិ៍ រណសិរ្ស Moro រំដោះជាតិ និងរណសិរ្ស Moro អ៊ីស្លាមរំដោះ។ ទ័ពព្រៃទាំងពីរនេះមានមហិច្ឆតាបង្កើតរដ្ឋអ៊ីស្លាមមួយដែលគ្របយកកោះMidanoa Sulu និង Jolo។
ប្រទេសម៉ាឡេស៊ីវិញ ជាប្រភពដើមនៃចលនាភេរវកម្មល្បីឈ្មោះជាងគេនៅអាស៊ីអាគ្នេយ៍ នោះគឺJemaah Islamiyah។ ក៏ប៉ុន្តែ ថ្វីត្បិតតែបានកកើតឡើងនៅម៉ាឡេស៊ី និងត្រូវបានបង្កើតឡើងដោយពួកជនជាតិម៉ាឡេស៊ីក៏ដោយ ក៏ចលនាJemaah Islamiyahមិនដែលបង្កភេរវកម្មទ្រង់ទ្រាយធំនៅក្នុងប្រទេសម៉ាឡេស៊ីទេ។ ចលនានេះបែរជាបានវាយប្រហារខ្លាំងទៅលើប្រទេសជិតខាងទៅវិញ ដូចជាប្រទេសឥណ្ឌូណេស៊ី និងប៉ែកខាងត្បូងប្រទេសថៃទៀតផងក៏មិនដឹង៕