កិច្ចពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់បានបរាជ័យ បន្ទាប់ពីប្រទេសមហាអំណាចទាំង៥ បូកនឹងអាល្លឺម៉ង់ នៅតែមិនទាន់អាចរកឃើញកិច្ចព្រមព្រៀងមួយជាមួយអ៊ីរ៉ង់។ ប្រទេសបារាំងត្រូវគេចង្អុលចោទប្រកាន់ថា ជាអ្នកខ្ទាស់ជើង មិនឲ្យកិច្ចព្រមព្រៀងចេញរួច
នៅក្នុងកិច្ចប្រជុំក្នុងប្រទេសហ្សឺណែវ ដែលត្រូវបញ្ចប់ នៅថ្ងៃព្រឹកថ្ងៃអាទិត្យ។ ភាគីនៃកិច្ចចរចាបានសន្យានឹងជួបគ្នាម្តងទៀត នៅថ្ងៃទី ២០វិច្ឆិកាខាងមុខ។បន្ទាប់ពីពិភាក្សាយ៉ាងតឹងតែង អស់រយៈពេលបីថ្ងៃ ភាគីចូលរួមក្នុងកិច្ចប្រជុំ ជាពិសេស អ្នកតំណាងអឺរ៉ុប និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ផ្ទាល់ បានប្រកាស នៅព្រឹកថ្ងៃអាទិត្យថា ពួកគេបានអាក់ខាន មិនអាចរកឃើញកិច្ចព្រមព្រៀងគ្នាមួយ។
តាមគម្រោង ប្រទេសមហាអំណាចទាំងប្រាំ អាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន បូកជាមួយអាល្លឺម៉ង់ត្រូវចុះកិច្ចព្រមព្រៀងមួយ ជាបណ្តោះអាសន្ន ជាមួយអ៊ីរ៉ង់ ដែលក្នុងនោះ ដើម្បីជាថ្នូរនឹងការបន្ថយទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសលោកខាងលិច អ៊ីរ៉ង់សុខចិត្តផ្អាកសកម្មភាពចម្រើនធាតុអ៊ុយរ៉ានីញ៉ូម របស់ខ្លួន រយៈពេល៦ខែ។ បើសិនជាភាគីអនុវត្តកិច្ចព្រមព្រៀងបណ្តោះអាសន្នបានល្អ នោះ កិច្ចព្រមព្រៀងជាអចិន្រ្តៃយ៍នឹងអាចលេចរូបរាងជាបន្តបន្ទាប់ទៀត។
ប៉ុន្តែ បើតាមប្រភពពីអ្នកដែលបានចូលរួមនៅក្នុងកិច្ចប្រជុំ គេអាក់ខានមិនអាចចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន ជាមួយអ៊ីរ៉ង់នៅពេលនេះបាន ដោយសារតែមានជំហរជំទាស់របស់ប្រទេសបារាំង។ ជំហរខ្វែងគំនិតគ្នា បានលេចឡើង តាំងពីថ្ងៃសៅរ៍ទី ៩វិច្ឆិកា បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសបារាំងដែលជាសមាជិកម្នាក់នៃកិច្ចពិភាក្សាបានបង្ហាញអរិភាពចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
មុននឹងអាចចុះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ បារាំងបានទាមទារឲ្យអ៊ីរ៉ង់ឆ្លើយបំភ្លឺបីចំណុចទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ទីមួយ គឺអនាគតធាតុអ៊ុយរ៉ានីញ៉ូម ជិត២០០គីឡូក្រាម ដែលអ៊ីរ៉ង់បានចម្រើនរហូតដល់កម្រិត២០ភាគរយ។ ប្រទេសលោកខាងលិចបារម្ភថា អ៊ីរ៉ង់ដែលមានសមត្ថភាពចម្រើនធាតុអ៊ុយរ៉ានីញ៉ូម ដល់២០ភាគរយ នឹងអាចចម្រើនរហូតដល់៩០ភាគរយ ដែលបន្ទាប់មក នឹងត្រូវគេអាចយកទៅផលិតជាគ្រាប់បែកនុយក្លេអ៊ែរ។
ទីពីរ បារាំងបានចោទសួរពីតួនាទីរបស់ម៉ាស៊ីនប្រតិករ នៅអារ៉ាក់ ដែលអ៊ីរ៉ង់នឹងដាក់ឲ្យដំណើរការនៅរដូវក្តៅឆ្នាំក្រោយនេះ។ បារំាងសង្ស័យថា រោងចក្រនុយក្លេអ៊ែរនៅអារ៉ាក់មានសមត្ថភាពផលិតគ្រាប់បែកនុយក្លេអ៊ែរ ដោយលើកនេះ គេប្រើធាតុភ្លុយតូនីញ៉ូមវិញម្តង។ តាមអ្នកជំនាញ បើសិនជាមជ្ឈមណ្ឌលនុយក្លេអ៊ែរ ដំណើរការរួចហើយ គេពិបាកនឹងបញ្ឈប់វាណាស់។
ចំណុចចុងក្រោយដែលបារាំង ទាមទារឲ្យអ៊ីរ៉ង់ចុះសរសេរនៅក្នុងកិច្ចព្រមព្រៀង គឺ ជំហររបស់អ៊ីរ៉ង់ ទៅថ្ងៃអនាគត ក្នុងការចម្រើនធាតុអ៊ុយរ៉ានីញ៉ូម។ រហូតមក ប្រទេសលោកខាងលិចបានប្រឆាំងមិនឲ្យអ៊ីរ៉ង់ ចម្រើនធាតុអ៊ុយរ៉ានីញ៉ូមដោយខ្លួនឯង ដោយគេខ្លាចថា អ៊ីរ៉ង់នឹងចេះចម្រើនរហូតដល់៩០ភាគរយ សម្រាប់បម្រើមហិច្ឆតានុយក្លេអ៊ែរយោធា។ ប្រទេសនៅអឺរ៉ុប ដូចជា បារាំង និងរុស្ស៊ីជាដើមតែងតែទាមទារឲ្យអ៊ីរ៉ង់បញ្ជូនសារធាតុអ៊ុយរ៉ានីញ៉ូមទៅចម្រើននៅក្រៅប្រទេស ប៉ុន្តែ អ៊ីរ៉ង់តែងតែបដិសេធ។ នៅថ្ងៃអាទិត្យនេះ នៅក្រោយបរាជ័យនៃកិច្ចចរចា៥ភាគី បូកមួយ ប្រធានាធិបតីអ៊ីរ៉ង់បាននិយាយប្រាប់ទៅសភាអ៊ីរ៉ង់ថា អ៊ីរ៉ង់នឹងមិនបោះបង់ចោលសិទ្ធិមាននុយក្លេអ៊ែររបស់ខ្លួនជាដាច់ខាត។ សិទ្ធិមាននុយក្លេអ៊ែរមានរួមបញ្ចូលផងដែរ ការចម្រើនធាតុអ៊ុយរ៉ានីញ៉ូម នៅលើទឹកដីអ៊ីរ៉ង់។
នៅក្រោយបរាជ័យនៃកិច្ចពិភាក្សា បារាំងត្រូវរងការរិះគន់ច្រើន ជាពិសេសពីខាងអ៊ីរ៉ង់ ដែលនឹងបានប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀង ដែលមានចែងពីការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច លើអ៊ីរ៉ង់។ បើតាមមន្រ្តីបារាំង គេមិនត្រូវប្រញាប់ប្រញាល់ធ្វើឲ្យចេញកិច្ចព្រមព្រៀងទេ បើសិនជាអ៊ីរ៉ង់មិនបាននិយាយលម្អិតពីកម្មវិធីចម្រើនធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន។ ជារួម បារាំងចង់ជៀសវាងជាន់ដានចាស់ ព្រោះ កាលពីធ្វើកិច្ចព្រមព្រៀងដំបូង ជាមួយអ៊ីរ៉ង់ នៅឆ្នាំ ២០០៣ អ៊ីរ៉ង់បានសន្យាផ្អាកកម្មវិធីចម្រើនធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន ប៉ុន្តែ នៅពីរឆ្នាំក្រោយមក អ៊ីរ៉ង់ក៏បានផ្គើន ដោយបានចាប់ផ្តើមសកម្មភាពចម្រើនធាតុអ៊ុយរ៉ានីញ៉ូមជាថ្មីឡើងវិញ។
អ៊ីរ៉ង់ចង់ចំណេញពេល
នៅថ្ងៃអាទិត្យនេះ នៅមុខសភាអ៊ីរ៉ង់ ប្រធានាធិបតីអ៊ីរ៉ង់ លោកហាសាន់ រូហានីបានបញ្ជាក់ផងដែរថា អ៊ីរ៉ង់នឹងមិនលត់ជង្គង់ចុះចាញ់នៅចំពោះមុខប្រទេសមហាអំណាច និងថា គេមិនអាចយកទណ្ឌកម្មសេដ្ឋកិច្ចរបស់ប្រទេសលោកខាងលិចដែលកំពុងគាបសង្កត់សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ មកធ្វើជាអន្ទាក់ចងជើងឲ្យអ៊ីរ៉ង់លះបង់សិទ្ធិមាននុយក្លេអ៊ែររបស់ខ្លួនដែរ។ រហូតមក អ៊ីរ៉ង់តែងតែអះអាងថា ខ្លួនធ្វើកម្មវិធីនុយក្លេអ៊ែរ ស៊ីវិល ប៉ុន្តែមិនមែនដើម្បីមហិច្ឆតាយោធា ដូចក្រុមប្រទេសលោកខាងលិចចោទប្រកាន់នោះទេ។
លោកប្រធានាធិបតីហាសាន់ រូហានី ត្រូវគេមើលឃើញថា ជាប្រធានាធិបតីដែលមានជំហរទន់ភ្លន់ជាងលោកប្រធានាធិបតីអ៊ីរ៉ង់មុន។ ចាប់តាំងពីចូលការចូលកាន់តំណែង ការប្រឈមមុខរវាងអ៊ីរ៉ង់ ជាមួយប្រទេសលោកខាងលិច ជាពិសេសជាមួយអាមេរិកត្រូវបានបន្ធូរបន្ថយជាងមុន។ កាលពីថ្ងៃម្សិលមិញ លោកបានអំពាវនាវឲ្យប្រទេសលោកខាងលិចកុំខកខានឱកាសល្អដើម្បីចរចាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ប៉ុន្តែ បើស្តាប់សំដីរបស់លោកនៅថ្ងៃនេះ ជំហរនយោបាយរបស់អ៊ីរ៉ង់បច្ចុប្បន្ន គឺមិនខុសពីមុនទេ។ ចង់ ឬមិនចង់ លោករូហានីមិនអាចដើរចេញឆ្ងាយពីខ្សែបន្ទាត់នយោបាយ ដែលអគ្គមគ្គុទេសក៍អាលី ខាមេណី គូសទុកឲ្យដែរ។ អាលី ខាមេណី ជាមេដឹកនាំកំពូល មានអំណាចជាងគេនៅអ៊ីរ៉ង់ និងគាំទ្រឆ្មាំបដិវត្តន៍ ដែលជាសរសរទ្រូងនៃរបបអ៊ីស្លាមមួយនេះ។ ក្រុមនេះតែងតែប្រឆាំងនឹងប្រទេសលោកខាងលិច និងការពារកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ការទាមទាររបស់អ៊ីរ៉ង់ដើម្បីបើកការចរចាជាមួយប្រទេសលោកខាងលិច គ្រាន់តែជាលេស ដើម្បីឲ្យទីក្រុងតេហេរ៉ង់ បានចំណេញពេលវេលាតែប៉ុណ្ណោះ។ ចាប់តាំងពីប្រទេសលោកខាងលិចរកឃើញថា អ៊ីរ៉ង់ បានលួចលាក់បង្កើតកម្មវិធីនុយក្លេអ៊ែរយោធា ការចរចាជាច្រើនត្រូវបានបង្កើតឡើងរវាងអ៊ីរ៉ង់ និងប្រទេសលោកខាងលិច ប៉ុន្តែ រាល់ការចរចាតែងតែជួបបរាជ័យ ដោយសារអ៊ីរ៉ង់នៅបន្តលួចចម្រើនធាតុអ៊ុយរ៉ានីញ៉ូម។ ការផ្គើនរបស់អ៊ីរ៉ង់បានធ្វើឲ្យប្រទេសលោកខាងលិចដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ ឆ្លៀតពេលកំពុងចរចារ អ៊ីរ៉ង់ក៏តែងតែឆ្លៀតលួចចម្រើនធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន និងបង្កើតរោងចក្រនុយក្លេអ៊ែរជាច្រើនកន្លែង ដែលទីភ្នាក់ងារថាមពលបរិមាណូសង្ស័យថា ត្រូវបានបង្កើតឡើង ដោយលួចលាក់ ក្នុងទិសដៅផលិតអាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់ផ្ទាល់ធ្លាប់បានប្រកាសថា ខ្លួនបានសម្រេចផលិតបានម៉ាស៊ីនសម្រាប់ចម្រើនធាតុអ៊ុយរ៉ានីញ៉ូម ដល់ជាង ១៩ ០០០គ្រឿង។ តាមពិត ម៉ាស៊ីនសម្រាប់ចម្រើនធាតុអ៊ុយរ៉ានីញ៉ូម តែ៣ពាន់គ្រឿងនឹងអាចឲ្យអ៊ីរ៉ង់មានសមត្ថភាពចម្រើនធាតុអ៊ុយរ៉ានីញ៉ូម ដល់ទៅ ៩០ភាគរយ ដើម្បីផលិតគ្រាប់បែកនុយក្លេអ៊ែរ។ នៅមុនបោះដៃចរចាជាមួយអ៊ីរ៉ង់ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ផ្ទាល់ធ្លាប់បានព្រមានថា ក្នុងរយៈពេល យ៉ាងតិច ជាងមួយឆ្នាំ អ៊ីរ៉ង់នឹងអាចមានអាវុធនុយក្លេអ៊ែរខាងមុខ៕