បើតាមគេហទំព័រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគិតត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៣នេះ គ្រោះធម្មជាតិរួមមាន ការរាំងស្ងួត សត្វល្អិត ទឹកជំនន់ទឹកភ្លៀង ទឹកទន្លេមេគង្គ និងបឹងទន្លេសាបបានធ្វើឲ្យប៉ះពាល់ដំណាំស្រូវចំនួនជាង
៣៨ម៉ឺនហិកតាក្នុងនោះផ្ទៃដីដែលខូចខាតទាំងស្រុងមានជិត ១៣ម៉ឺនហិកតា។ ជាងនេះទៅទៀត ផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់លើសន្ទូងពង្រោះមានចំនួនជាង ៣៧ម៉ឺនហិកតា ដែលបណ្តាលឲ្យមានការខូចខាតចំនួនជិត ១៣ម៉ឺនហិកតាផងដែរ។
ខេត្តជង្រុកស្រូវកម្ពុជាគឺខេត្តបាត់ដំបងបានទទួលរងនូវផលប៉ះពាល់ធ្ងន់ជាងគេ ដែលមានផ្ទៃដីសន្ទូង និងពង្រោះចំនួនជិត ១៤ម៉ឺនហិកតា ទទួលរងផលប៉ះពាល់ ក្នុងនោះ ផ្ទៃដីចំនួនជាង ៤ម៉ឺនហិកតារងការខូចខាត។
ក្រៅពីបង្កផលប៉ះពាល់ធ្ងន់ធ្ងរដូចបានរៀបរាប់ខាងលើនេះ គ្រោះទឹកជំនន់ក៏បានពាំនាំនូវដីល្បាប់ដែលមានជីជាតិសម្រាប់ប្រជាកសិករក្នុងការដាំដំណាំផ្សេងៗ និងទឹកដក់តាមប្រឡាយត្រពាំងសម្រាប់ស្រោចស្រពដំណាំផងដែរ ហើយកសិករក៏ត្រូវប្រើប្រាស់នូវសក្តានុពលនេះដើម្បីធានាឲ្យបាននូវសន្តិសុខស្បៀងសម្រាប់គ្រួសារ។ តើកសិករគួរជ្រើសរើសដាំដំណាំអ្វីដែលអាចឆាប់បានផលនារដូវទឹកស្រកនេះ? តើកសិករត្រូវទៅពឹងពាក់ស្ថាប័នណា នៅពេលមានបញ្ហាខាងគ្រាប់ពូជ ឬបច្ចេកទេសក្នុងការដាំដុះផ្សេងៗនោះ? ជាមួយគ្នានេះដែរ តើប្រជាកសិករត្រូវធ្វើដូចម្តេចដើម្បីដាំដំណាំឲ្យត្រូវទៅនឹងតម្រូវការទីផ្សារផងដែរនោះ?
ដើម្បីបានជ្រាបនូវបញ្ហាដូចបានលើកឡើងខាងលើនេះ នៅក្នុងនាទីសន្ទនាមតិប្រចាំថ្ងៃចន្ទនេះ យើងខ្ញុំបានអញ្ជើញនាយកប្រតិបត្តិអង្គការភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ច និងកសិកម្មជនបទគឺលោក ឡុក សុខធា ជាវាគ្មិនប្រចាំថ្ងៃនេះ។ ប្រិយមិត្តអ្នកស្តាប់អាចចែករំលែកនូវបទពិសោធន៍ពីការដាំដុះ ឬក៏អាចសាកសួរសំណួរផ្សេងៗពីវាគ្មិនកិត្តិយសប្រចាំថ្ងៃនេះផងដែរ។ ដើម្បីចូលរួមក្នុងកម្មវិធីនេះប្រិយមិត្តអ្នកស្តាប់អាចផ្ញើសារមកកាន់លេខ +61427 727272 នោះសហការីយើងខ្ញុំនឹងភ្ញាប់ខ្សែទូរស័ព្ទឲ្យលោកអ្នកនាងអាចភ្ជាប់ការសន្ទនាបាន៕
ចុចលីងដើម្បី ស្តាប់ពិស្តារ
ប្រភព ABC Radio Australia
ចុចលីងដើម្បី ស្តាប់ពិស្តារ
ប្រភព ABC Radio Australia