Pages

Thursday, February 6, 2014

មន្ត្រី​សិទ្ធិ​មនុស្ស​រិះគន់​ការ​ដំឡើង​សក្តិ​នាយ​ទាហាន​ជាន់​ខ្ពស់​ទៅ​ជា​ផ្កាយ​៤

នី ចរិយា ៦១០

ប្រមុខ​រដ្ឋាភិបាល​បាន​យល់​ព្រម​ចំពោះ​សំណើ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ ជាតិ សុំ​ដំឡើង​សក្តិ​នាយ​ទាហាន​ផ្កាយ​៣​មួយ​ចំនួន ទៅ​ជា​ផ្កាយ​៤ ឬ​ហៅ​ថា នាយ​ឧត្តមសេនីយ៍។ ប៉ុន្តែ ការ​យល់​ព្រម​នេះ មិន​ទាន់​ចូល​ជា​ផ្លូវ​ការ​នៅ​ឡើយ ទាល់​តែ​មាន​ព្រះរាជក្រឹត្យ​តែង​តាំង​ពី​ព្រះមហាក្សត្រ​កម្ពុជា។
មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស បាន​រិះគន់​ថា ការ​ដំឡើង​សក្តិ​នាយ​ទាហាន​ជាន់​ខ្ពស់​ពី​ផ្កាយ​៣ ទៅ​ផ្កាយ​៤
នៅ​ក្នុង​កាលៈទេសៈ​នេះ គឺ​ជា​ការ​បង្ហាញ​រូបភាព​ជា​ចំហ​ថា រដ្ឋាភិបាល​គាំទ្រ​សកម្មភាព និង​លើក​ទឹក​ចិត្ត​នាយ​ទាហាន ដែល​បាន​សម្រេច​ចិត្ត​គាំទ្រ​សកម្មភាព​រដ្ឋាភិបាល ក្នុង​ដំណាក់​កាល​ជាប់​គាំង​នយោបាយ​នេះ។
លោក នី ចរិយា មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៥ កុម្ភៈ ថា ការ​ដំឡើង​សក្តិ​នាយ​ទាហាន​ជាន់​ខ្ពស់ ក្រោយ​ការ​ប្រើ​ទាហាន​បង្ក្រាប​កម្មករ​តវ៉ា​ប្រាក់​ខែ​នៅ​តាម​ផ្លូវ​ជាតិ​ លេខ​៤ និង​ផ្លូវ​វ៉េងស្រេង តំបន់​ប្រមូល​ផ្តុំ​រោងចក្រ​កាត់​ដេរ​នោះ មិន​មែន​ជា​រូបភាព​មួយ​ល្អ​ចំពោះ​រដ្ឋាភិបាល​ទេ។
លោក នី ចរិយា៖ «ទី​១ កំពុង​លើក​ស្ទួយ​ប្រព័ន្ធ​ដឹក​នាំ​តាម​បែប​យោធា​ហើយ បាន​ន័យ​ថា យើង​ឲ្យ​តម្លៃ​ទៅ​លើ​យោធា​ជាង​ការ​ឲ្យ​តម្លៃ​លើ​ការ​គោរព​ច្បាប់។ ទី​២ បង្ហាញ​ថា អ្វី​ដែល​យោធា​បាន​បង្ក្រាប​ដែល​មតិ​ជាតិ និង​អន្តរជាតិ រិះគន់​ថា​ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស​នេះ រដ្ឋាភិបាល​មាន​ចេតនា​មួយ​បង្ហាញ​ថា រឿង​នេះ​ជា​ការ​ធ្វើ​ដោយ​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល។ អ៊ីចឹង វា​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​រំលោភ​សិទ្ធិ​មនុស្ស និង​បង្ហាញ​ថា ពី​ពេល​នេះ​ទៅ រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទៀត​ទេ»។
លោក ទៀ បាញ់ ជា​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​ធ្វើ​សេចក្តី​ស្នើសុំ​ជា​ផ្លូវ​ការ​មួយ​ទៅ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣០ មករា សុំ​ដំឡើង​សក្តិ​នាយ​ទាហាន​ផ្កាយ​៣ ចំនួន ២៩​រូប ឲ្យ​មាន​សក្តិ​ផ្កាយ​៤។
លិខិត​ចុះ​ថ្ងៃ​ទី​៣០ មករា ដែល​ចុះ​ហត្ថលេខា​ដោយ លោក ទៀ បាញ់ ស្នើសុំ​ដំឡើង​សក្តិ​នាយ​ទាហាន​នោះ មាន​ចំណារ​យល់​ព្រម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​៣១ មករា។
នៅ​ក្នុង​ចំណោម​ឈ្មោះ​នាយ​ទាហាន​ផ្កាយ​៣ ចំនួន ២៩​រូប ដែល​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ស្នើ​សុំ​ដំឡើង​សក្តិ​ផ្កាយ​៤ នោះ មាន​នាយ​ទាហាន​ថ្នាក់​អនុរដ្ឋលេខាធិការ​ចំនួន ១០​រូប មាន​នាយ​ទាហាន​ថ្នាក់​អគ្គមេបញ្ជាការ​រង​ចំនួន ៧​រូប និង​មាន​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក និង​ជើង​អាកាស​ផង​ដែរ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ផ្កាយ​៣ ឈុំ សុជាតិ ជា​អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ និង​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​ឡើយ​ចំពោះ​រឿង​ដំឡើង​សក្តិ​នាយ​ទាហាន​ជាន់​ខ្ពស់​នេះ។
ទាក់ទង​ជាមួយ​ការ​លើក​ឡើង​របស់​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស និង​ប្រជាពលរដ្ឋ​ខ្លះ​ថា ការ​ដំឡើង​សក្តិ​នាយ​ទាហាន​នេះ ជា​រឿង​ទិញ​ទឹក​ចិត្ត​នាយ​ទាហាន​ជាន់​ខ្ពស់​នោះ លោក​រដ្ឋលេខាធិការ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៥ កុម្ភៈ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ទាំង​ស្រុង។
លោក ផៃ ស៊ីផាន៖ «ការ​ដំឡើង​ឋានន្តរសក្តិ គឺ​យើង​ធ្វើ​ទៅ​តាម​បែប​បទ និង​ច្បាប់​ដែល​អនុញ្ញាត គឺ​មិន​មែន​ធ្វើ​ទៅ​តាម​ទំនើង​ចិត្ត​របស់​ថ្នាក់​ដឹក​នាំ​យើង​ទេ គឺ​ធ្វើ​ទៅ​តាម​ភាព​ចំណាស់​នៃ​ការងារ​ដែល​គេ​បាន​ធ្វើ។ យើង​សុំ​ច្រាន​ចោល​អ្វី​ដែល​គេ​យល់​ច្រឡំ​ថា ការ​ដំឡើង​សក្តិ​នេះ​ដើម្បី​ផ្គាប់​ចិត្ត ឬ​ទិញ​ទឹក​ចិត្ត​យុទ្ធជន​យើង។ មិន​មែន​ទេ គឺ​យើង​ធ្វើ​ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់ និង​អនុញ្ញាត​ឲ្យ​យើង​ធ្វើ»។
កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា មាន​ការ​ប្រើ​កម្លាំង​ទាហាន​ពី​កង​ពល​ពិសេស ដើម្បី​បង្ក្រាប​បាតុកម្ម​តវ៉ា​របស់​កម្មករ​រោងចក្រ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​ ៤ និង​នៅ​តំបន់​ផ្លូវ​វ៉េងស្រេង ដែល​បណ្ដាល​ឲ្យ​មាន​ការ​ស្លាប់​កម្មករ​ចំនួន ៥​នាក់ របួស​ជិត ៤០​នាក់ និង​ត្រូវ​ចាប់​ខ្លួន ២៣​នាក់ បញ្ជូន​ទៅ​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន។ នៅ​ថ្ងៃ​ទី​៣ មករា នេះ​ដែរ ក្រសួង​ការពារ​ជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ប្ដេជ្ញា​ការពារ​ជាតិ ​សាសនា ព្រះមហាក្សត្រ ការពារ​ដាច់​ខាត​រដ្ឋធម្មនុញ្ញ ព្រម​ទាំង​លទ្ធផល​បោះ​ឆ្នោត និង​ជាពិសេស គាំទ្រ​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី​៥​នេះ។
ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ កើត​មាន​ឡើង​ក្នុង​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា តវ៉ា​ថា លទ្ធផល​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ មាន​ភាព​មិន​ត្រឹមត្រូវ និង​ទាមទារ​សុំ​ឲ្យ​មាន​ការ​ផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត​ឡើង​វិញ ឬ​សុំ​ឲ្យ​មាន​ការ​រៀប​ចំ​បោះ​ឆ្នោត​ឡើង​វិញ៕