Pages

Thursday, February 6, 2014

កម្មករ​ប្រមូល​សំរាម ​យល់​​ព្រម​ចូល​ធ្វើ​ការ​វិញ​ហើយ ក្រោយ​ពី​មាន​ដំណោះស្រាយ

 កម្មករ​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ស៊ិនទ្រី ដែល​បាន​ធ្វើ​កូដកម្ម​មិន​ចូលធ្វើ​ការ​ កាលពី​ពេល​កន្លទៅ។
 
ដោយ សួង សុភារី

បន្ទាប់​ពី​បាន​ចរចា​គ្នា​ជាមួយ​តំណាង​ក្រុម​ហ៊ុនស៊ិន​ទ្រី និង​តំណាង​កម្មករ ក្រោម​ការ​សម្រប​សម្រួល​ពី​សាលារាជធានីភ្នំពេញ, នៅ​ថ្ងៃ​ទី​០៥​កុម្ភៈនេះ កម្មករ​ប្រមូល​សំរាម​ក្រុម​ហ៊ុន​ស៊ិន​ទ្រី បាន​សម្រេច​យល់​ព្រម​ទទួល​យក​ដំណោះស្រាយ​៦​ចំនុច ក្នុង​ចំណោម​បញ្ហា​៩​ចំណុច​ដែល​ពួកគេ​ទាមទារ។ ចាប់​ពី​រសៀល​ ថ្ងៃ​ទី ០៥​កុម្ភៈ​នេះត​ទៅ កម្មករ​ក៏​បាន​ផ្តើម​​ប្រមូល​សំរាម រាប់ពាន់តោន ដែល​គរ​ចោល​ចំនួន​៣ថ្ងៃមក​ហើយ​ដោយសារ​តែ​កូដកម្ម​។

ទីបំផុត​ទៅ​កម្មករ​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ស៊ិន​ទ្រី ដែល​បាន​ធ្វើកូដកម្ម មិន​ចូលធ្វើការ​ កាលពី​ថ្ងៃទី២កុម្ភៈ បាន​សម្រេច​ចិត្ត​ចូល​ធ្វើ​ការ​វិញ​ហើយ​ នៅ​ថ្ងៃពុធនេះ។ ការយល់ព្រមវិល​ទៅ​​ប្រមូល​សំរាម​ក្នុង​ទីក្រុង​វិញនេះ គឺ​បន្ទាប់ពី​មាន​ការ​ចរចារ​គ្នា​ជាមួយ​តំណាង​ក្រុម​ហ៊ុន ដោយ​បាន​ឯកភាព​គ្នា​លើ ៦ចំណុច ក្នុង​ចំណោម​ការ​ទាមទារ ៩ចំណុច។

តាម​លោក មុំ សារ៉ន ប្រធាន​សហព័ន្ធ​សហជីព​លើកតំកើង​ជីវភាព​កម្មករ​និយោជិត​ខ្មែរ បាន​ប្រាប់វិទ្យុបារាំង​ថា, ៦ចំនុច ដែល​កម្មករ​ព្រម​ទទួល​យក​នោះ  រួម​មាន ក្រុម​ហ៊ុន​យល់​ព្រម​ដំឡើង​​ប្រាក់ខែ​​កម្មករ ២​០ដុល្លា បន្ថែម​លើចំនួន​ប្រាក់ខែគោល មាន​ន័យ​ថា ចាប់​ពី​ពេល​នេះ​តទៅ ​កម្មករ​គ្រប់​ផ្នែកទទួល​បាន​ប្រាក់​ខែ​ចន្លោះ​ពី​៩០​ដុល្លា ដល់​១៣០​ដុល្លា។ ចំណុចផ្សេងទៀត គឺ​ក្រុមហ៊ុន បាន​យល់ព្រម​បង្កើត​ពេទ្យ​ប្រចាំការ​ អោយបាន​គ្រប់គ្រាន់​សំរាប់ទ្រទ្រង់​សុខភាព​កម្មករ។ ​យល់ព្រម​តាម​សំនើរ​កម្មករដែលសុំមិន​កាត់​ប្រាក់​ថ្លៃ​កាត់​សម្លៀកបំពាក់។ ​ជួយ​​ដោះស្រាយ​ ក្នុងករណី​កម្ម​ករ​​មាន​គ្រោះថ្នាក់។ ចំនុច​មួយ​ទៀត គឺការ​​ស្នើសុំ​គិត​​ប្រាក់ឈ្មួល​ គុណនឹង​២ សម្រាប់​ការងារ​ថ្ងៃអាទិត្យ ក៏​ក្រុមហ៊ុនបាន​យល់​ព្រម​ផងដែរ។

ចំពោះ​ចំណុច​ ដែល​ក្រុម​ហ៊ុន មិន​ទាន់​យល់​ព្រម ហើយ​​សុំ​ពិភាក្សា​ នៅ​​ពេល​ក្រោយ រួម​មាន ការ​​ស្នើសុំ​គិត​​​ប្រាក់ចំពោះ​ថ្ងៃ​ឈប់សម្រាក​បំណាច់​ឆ្នាំ ១៨ថ្ងៃ ក្នុង​មួយ​ឆ្នាំ​។​ ការ​​ស្នើសុំ​ឲ្យ​ប្រាក់ខែ​ទ្រទ្រង់​សុខភាព ថ្លៃ​ធ្វើដំណើរ និង​ស្នាក់នៅ។ និង​​ ការ​ស្នើសុំ​​គិត​ប្រាក់​ឈ្នួល ចំពោះ​ថ្ងៃបុណ្យ។ នេះ​បើ​តាម​ លោក មុំ សារ៉ន។ លោក ប៉ា សុជាតិវង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ​ ក៏​បានប្រាប់វិទ្យុបារាំងអន្តរជាតិដែរថា បញ្ហា​សំរាម​ត្រូវ​បាន​ដោះស្រាយ​ហើយ ក្រោយ​ពី​កម្មករ​យល់​ព្រម​ចូល​ធ្វើការ​ វិញ។

សូម​រម្លឹកថា កម្មករ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ជាច្រើន​នាក់ ​បាននាំគ្នា​ធ្វើកូដកម្ម​ នៅ​ស្នាក់ការ​ក្រុមហ៊ុន​ ស្ថិ​ត​ក្នុង​ខណ្ឌដង្កោរ ចាប់តាំងពី​ល្ងាច​ថ្ងៃទី0២ ខែកុម្ភៈ​មក​ម្ល៉េះ ដោយបាន ទាមទារ​ លក្ខខណ្ឌ​៩​ចំនុច ពីក្រុម​ហ៊ុន​។ តាំងពី​ពេល​កម្មករ​ក្រុម​ហ៊ុនស៊ិនទ្រី ធ្វើ​កូដកម្ម មិន​ចូល​ធ្វើ​ការ​ សំរាម​នៅ​​ក្នុង​ទីក្រុង​ភ្នំពេញ បាន​គរ​សាយ​ភាយ​ក្លិន​អាក្រក់​ពេញទីក្រុង។ ប៉ុន្តែ​សំរាម​ទាំងនោះ ត្រូវ​បាន​ប្រមូល​ជា​ថ្មី នៅ​ថ្ងៃពុធនេះ៕