ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Scot Marciel បានជួបពិភាក្សាដាច់ដោយឡែក ក្នុងជំនួប៣ផ្សេងគ្នា ជាមួយ មន្ត្រីជាន់ខ្ពស់នយោបាយខ្មែរ។ ជាជំនួបដែលធ្វើឡើងខណៈដែលបក្សឈ្នះឆ្នោតទាំងពីរនៅកម្ពុជា គឺគណបក្ស ប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ នៅតែបន្តដំឡើងសំឡេងចោទប្រកាន់គ្នាទាក់ទងនឹង ភាពទ័លច្រកនៃនយោបាយនៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា ពីថ្ងៃទី៤ ដល់ថ្ងទី៥កម្ភៈនេះ លោក ឧបការីរងរដ្ឋមន្ត្រីការបរទេស ដែលទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិករូបនេះ បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ការិយាល័យនយោបាយគណបក្សប្រជាជន កម្ពុជា លោក ស ខេង ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមអង្គការសង្គមស៊ីវិល។ ដោយឡែក នៅថ្ងៃទី៥ កុម្ភៈនេះ លោកបានជួបពិភាក្សា ក្នុងជំនួបពីរដាច់ដោយឡែក ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោណាំហុង និងមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា។
ក្រោយកិច្ចប្រជុំបិទទ្វារយៈពេលមួយម៉ោង រវាងលោក Scot Marciel និងលោក ហោ ណាំហុង អ្នកនាំពាក្យក្រសួងកាបរទេសកម្ពុជា លោក កុយ គួង បានប្រាប់អ្នកសារព័ត៌មានថា គ្មានការដាក់សម្ពាធនយោបាយមកលើរដ្ឋាភិបាលកម្ពុជាណាមួយឡើយ ស្តីពី ជម្លោះនយោបាយនោះទេ ពោលគឺមានតែការជម្រុញឱ្យខ្មែរ និងខ្មែរដោះស្រាយបញ្ហានយោបាយរវាងគ្នានិងគ្នាតែប៉ុណ្ណោះ។
ហើយថា សហរដ្ឋអាមេរិកមិនកាន់ជើងខាងគណបក្សណាមួយនោះដែរ។ ក្រៅពីបញ្ហានយោបាយនាពេលបច្ចុប្បន្ន ទាំងលោកលោក កុយ គួង និងលោក ស៊ាន ម៉ាស៊ិនតូស(Sean Mc Intosh) អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រាប់អ្នកសារព័ត៌មានបន្ថែមថា បញ្ហាស្តីពីការពង្រឹងទំនាក់ទំនងរវាងអាមេរិក អាស៊ាន និងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង និងខាងកើត រវាងចិន និងប្រទេសជិតខាង រួមទាំងបញ្ហាទំនប់វារីអគ្គិសនីនៅកម្ពុជា ក៏ត្រូវបានលើកមកជជែក ផងដែរ។
ចំណែកឯលោក យ៉ែម បុញ្ញាឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិវិញ ប្រាប់ថា ជំនួបរវាងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងឧបការរីរងអាមេរិក គឺពិភាក្សាបញ្ហាចំនួនពីរសំខាន់ៗ គឺ ការជំរុញឱ្យមានការដោះស្រាយបញ្ហាទ័លច្រកនៃនយោបាយនៅកម្ពុជាដោយ សន្តិវិធី និងកាជំរុញឱ្យមានការគោរពសិទ្ធិមនុស្សពិតប្រាកដ។
សូមរំរលឹកឱ្យដឹងថា មុនបំពេញទស្សនកិច្ចនៅកម្ពុជា លោក Scot Marciel ឧបការរីរងរដ្ឋមន្ត្រីការបទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ី ប៉ាស៊ីហ្វិក និងអាស៊ីបូព៌ា បានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ តាមគម្រោង លោក ឧបការីរងរូបនេះនឹងចាកចេញពីប្រទេសកម្ពុជានៅរសៀលថ្ងៃទី៥កុម្ភៈនេះ ទៅកាន់ប្រទេសថៃ៕