បន្ទាប់ពីបានចរចាគ្នាជាមួយតំណាងក្រុមហ៊ុនស៊ិនទ្រី និងតំណាងកម្មករ ក្រោមការសម្របសម្រួលពីសាលារាជធានីភ្នំពេញ, នៅថ្ងៃទី០៥កុម្ភៈនេះ កម្មករប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រី បានសម្រេចយល់ព្រមទទួលយកដំណោះស្រាយ៦ចំនុច ក្នុងចំណោមបញ្ហា៩ចំណុចដែលពួកគេទាមទារ។ ចាប់ពីរសៀល ថ្ងៃទី ០៥កុម្ភៈនេះតទៅ កម្មករក៏បានផ្តើមប្រមូលសំរាម រាប់ពាន់តោន ដែលគរចោលចំនួន៣ថ្ងៃមកហើយដោយសារតែកូដកម្ម។
ទីបំផុតទៅកម្មករក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី ដែលបានធ្វើកូដកម្ម មិនចូលធ្វើការ កាលពីថ្ងៃទី២កុម្ភៈ បានសម្រេចចិត្តចូលធ្វើការវិញហើយ នៅថ្ងៃពុធនេះ។ ការយល់ព្រមវិលទៅប្រមូលសំរាមក្នុងទីក្រុងវិញនេះ គឺបន្ទាប់ពីមានការចរចារគ្នាជាមួយតំណាងក្រុមហ៊ុន ដោយបានឯកភាពគ្នាលើ ៦ចំណុច ក្នុងចំណោមការទាមទារ ៩ចំណុច។
តាមលោក មុំ សារ៉ន ប្រធានសហព័ន្ធសហជីពលើកតំកើងជីវភាពកម្មករនិយោជិតខ្មែរ បានប្រាប់វិទ្យុបារាំងថា, ៦ចំនុច ដែលកម្មករព្រមទទួលយកនោះ រួមមាន ក្រុមហ៊ុនយល់ព្រមដំឡើងប្រាក់ខែកម្មករ ២០ដុល្លា បន្ថែមលើចំនួនប្រាក់ខែគោល មានន័យថា ចាប់ពីពេលនេះតទៅ កម្មករគ្រប់ផ្នែកទទួលបានប្រាក់ខែចន្លោះពី៩០ដុល្លា ដល់១៣០ដុល្លា។ ចំណុចផ្សេងទៀត គឺក្រុមហ៊ុន បានយល់ព្រមបង្កើតពេទ្យប្រចាំការ អោយបានគ្រប់គ្រាន់សំរាប់ទ្រទ្រង់សុខភាពកម្មករ។ យល់ព្រមតាមសំនើរកម្មករដែលសុំមិនកាត់ប្រាក់ថ្លៃកាត់សម្លៀកបំពាក់។ ជួយដោះស្រាយ ក្នុងករណីកម្មករមានគ្រោះថ្នាក់។ ចំនុចមួយទៀត គឺការស្នើសុំគិតប្រាក់ឈ្មួល គុណនឹង២ សម្រាប់ការងារថ្ងៃអាទិត្យ ក៏ក្រុមហ៊ុនបានយល់ព្រមផងដែរ។
ចំពោះចំណុច ដែលក្រុមហ៊ុន មិនទាន់យល់ព្រម ហើយសុំពិភាក្សា នៅពេលក្រោយ រួមមាន ការស្នើសុំគិតប្រាក់ចំពោះថ្ងៃឈប់សម្រាកបំណាច់ឆ្នាំ ១៨ថ្ងៃ ក្នុងមួយឆ្នាំ។ ការស្នើសុំឲ្យប្រាក់ខែទ្រទ្រង់សុខភាព ថ្លៃធ្វើដំណើរ និងស្នាក់នៅ។ និង ការស្នើសុំគិតប្រាក់ឈ្នួល ចំពោះថ្ងៃបុណ្យ។ នេះបើតាម លោក មុំ សារ៉ន។ លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ ក៏បានប្រាប់វិទ្យុបារាំងអន្តរជាតិដែរថា បញ្ហាសំរាមត្រូវបានដោះស្រាយហើយ ក្រោយពីកម្មករយល់ព្រមចូលធ្វើការ វិញ។
សូមរម្លឹកថា កម្មករក្រុមហ៊ុនស៊ិនទ្រីជាច្រើននាក់ បាននាំគ្នាធ្វើកូដកម្ម នៅស្នាក់ការក្រុមហ៊ុន ស្ថិតក្នុងខណ្ឌដង្កោរ ចាប់តាំងពីល្ងាចថ្ងៃទី0២ ខែកុម្ភៈមកម្ល៉េះ ដោយបាន ទាមទារ លក្ខខណ្ឌ៩ចំនុច ពីក្រុមហ៊ុន។ តាំងពីពេលកម្មករក្រុមហ៊ុនស៊ិនទ្រី ធ្វើកូដកម្ម មិនចូលធ្វើការ សំរាមនៅក្នុងទីក្រុងភ្នំពេញ បានគរសាយភាយក្លិនអាក្រក់ពេញទីក្រុង។ ប៉ុន្តែសំរាមទាំងនោះ ត្រូវបានប្រមូលជាថ្មី នៅថ្ងៃពុធនេះ៕ Labels: ព័ត៌មានជាតិ