Pages

Thursday, February 6, 2014

បទ​វិភាគ៖ តើ​ការ​ប្រើ​ហិង្សា​បង្ក្រាប​បាតុករ​ជា​ការ​ការពារ​រដ្ឋធម្មនុញ្ញ​ឬ​យ៉ាង​ណា?

បាតុកម្ម សូណង់ដូ ៦១០
ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ថា លោក​សុខ​ចិត្ត​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង សូម្បី​តែ​លះ​បង់​ជីវិត គឺ​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ។ គឺ​ប្រហែល​ដោយសារ​បុព្វហេតុ​ការពារ​រដ្ឋធម្មនុញ្ញ​នេះ​ហើយ ដែល​អាជ្ញាធរ​រាជ​រដ្ឋាភិបាល​បាន​ចេញ​បម្រាម ហាម​ជួប​ជុំ​បំបែក​បាតុកម្ម ចាប់​អ្នក​តវ៉ា​ដាក់​គុក វាយ​សំពង​បាតុករ និង​បាញ់​សម្លាប់​បាតុករ​ជាដើម។តើ​ទង្វើ​របស់​រដ្ឋាភិបាល​ជា​ការ​ការពារ​រដ្ឋធម្មនុញ្ញ​ឬ​យ៉ាង​ណា?
ការ​លើក​ឡើង​ថា «ការពារ​រដ្ឋធម្មនុញ្ញ" ត្រូវ​បាន​គេ​ឮ​ញឹកញាប់​ណាស់ ជាពិសេស​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​កន្លង​ទៅ​នេះ។ នរណា​ក៏​ថា​ធ្វើ​តាម​រដ្ឋធម្មនុញ្ញ នរណា​ក៏​ថា​ការពារ​រដ្ឋធម្មនុញ្ញ​ដែរ។ សង្គម​ស៊ីវិល​ក៏​និយាយ បក្ស​ប្រឆាំង​ក៏​បាន​អះអាង មន្ត្រី​រដ្ឋាភិបាល រួម​នឹង​កងទ័ព ក៏​ទន្ទេញ​ជាប់​មាត់​តាម​គ្នា​រដឹក ប៉ុន្តែ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​បាន​យល់​ទេ ថា​រដ្ឋធម្មនុញ្ញ​មាន​និយាយ​ពី​អ្វី​ខ្លះ​នោះ។

ពលរដ្ឋ​មិន​ត្រឹម​តែ​មិន​សូវ​មាន​ការ​យល់​ដឹង​ពី​រដ្ឋធម្មនុញ្ញ​ទេ សូម្បី​តែ​ការ​ស្វែង​យល់​ពី​ច្បាប់​កំពូល​មួយ​នេះ ក៏​ត្រូវ​បាន​រារាំង​ដែរ។ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ក្រុម​ពលរដ្ឋ​ជាង ២០​សហគមន៍ ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដាក់​លិខិត​ជូន​ដំណឹង​ដល់​សាលា​ក្រុង ដើម្បី​បាន​រៀន​សូត្រ​ស្វែង​យល់​ពី​រដ្ឋធម្មនុញ្ញ ដោយ​មាន​វាគ្មិន​ជំនាញ​ពន្យល់​នៅ​ទីលាន​ប្រជាធិបតេយ្យ ប៉ុន្តែ​អាជ្ញាធរ​មិន​អនុញ្ញាត​ឡើយ បើ​ទោះ​ជា​ច្បាប់​ចែង​ថា អាជ្ញាធរ​គ្មាន​ភារៈ​រារាំង​ការ​ជួប​ជុំ​នេះ​ក៏ដោយ​ចុះ។ លើស​ពី​នេះ ក្រុម​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​បង្ក្រាប​បាតុករ បាន​យក​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ហ្វឹកហ្វឺន​ទៅ​វិញ។ ការ​ដណ្ដើម​យក​ទីតាំង​នេះ ក៏​ជា​ការ​ត្រៀម​ការពារ​រដ្ឋធម្មនុញ្ញ​ដែរ​មើល​ទៅ។

បើ​ពិនិត្យ​មើល​រដ្ឋធម្មនុញ្ញ​ទៅ ច្បាប់​នេះ​ចងក្រង​ឡើង​ដើម្បី​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​មន្ត្រី​រាជការ​ស៊ីវិល និង​យោធិន អ្នក​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ យក​ទៅ​គោរព​ប្រតិបត្តិ បំពេញ​ការងារ​តាម​វិស័យ​នីមួយៗ។ ច្បាប់​នេះ​មាន ១៦​ជំពូក រួម​មាន អំពី​អធិបតេយ្យ អំពី​ព្រះមហាក្សត្រ អំពី​សិទ្ធិ និង​ករណី​កិច្ច​របស់​ពលរដ្ឋ អំពី​របប​នយោបាយ អំពី​សេដ្ឋកិច្ច អំពី​វប្បធម៌ និង​សង្គមកិច្ច អំពី​រដ្ឋសភា អំពី​ព្រឹទ្ធសភា អំពី​រាជ​រដ្ឋាភិបាល អំពី​តុលាការ អំពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ អំពី​ការ​គ្រប់គ្រង​រដ្ឋបាល អំពី​សមាជ​ជាតិ អំពី​អានុភាព​នៃ​ការ​សើរើ និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​អំពី​អន្តរ​បញ្ញត្តិ។ មេ​ច្បាប់​នេះ ក៏​មាន​ឧបសម្ពន្ធ​ចំនួន​៧ ដែល​មាន​ចែង​ពី​ទង់ជាតិ ភ្លេង​ជាតិ​នគររាជ សញ្ញា​ជាតិ សច្ចាប្រណិធាន​របស់​ព្រះមហាក្សត្រ សច្ចាប្រណិធាន​របស់​រដ្ឋសភា សច្ចាប្រណិធាន​របស់​រាជ​រដ្ឋាភិបាល សច្ចាប្រណិធាន​របស់​ព្រឹទ្ធសភា។ បើ​និយាយ​ពី​ការ​បង្ក្រាប ការ​តវ៉ា ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ មិត្ត​អ្នក​ស្តាប់​អាច​រក​មើល​រដ្ឋធម្មនុញ្ញ​ក្នុង​ជំពូក​ទី​៣ និយាយ​ពី​សិទ្ធិ និង​ករណី​កិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជំពូក​ទី​៤ និយាយ​អំពី​របប​នយោបាយ និង​ឧបសម្ពន្ធ​ទី​៦ និយាយ​អំពី​សច្ចាប្រណិធាន​របស់​រាជ​រដ្ឋាភិបាល។

មាត្រា​៣៧ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា សិទ្ធិ​ធ្វើ​កូដកម្ម និង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ត្រូវ​បាន​យក​មក​អនុវត្ត​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់។ ហើយ​ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី មិន​បាន​អនុញ្ញាត​ឲ្យ​កង​កម្លាំង​ប្រើ​ហិង្សា​បង្ក្រាប​បាតុករ​ទេ។ មាត្រា​ទី​៣៨​ថ្មី ក៏​បាន​ចែង​ថា ច្បាប់​ធានា​រ៉ាប់រង​មិន​ឲ្យ​មាន​ការ​រំលោភ​បំពាន​លើ​រូប​រាង​កាយ​បុគ្គល​ណា​មួយ​ឡើយ។ រដ្ឋធម្មនុញ្ញ​មាត្រា​ទី​៣៧ និង ៣៨ នេះ ប្រហែល​ជា​មន្ត្រី​រដ្ឋាភិបាល​មិន​បាន​យល់​ច្បាស់ ឬ​ក៏​មិន​បាន​អាន​ក៏​មិន​ដឹង ទាល់​តែ​ចាំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បកស្រាយ​ឲ្យ​ច្បាស់​ហើយ​បាន​បាន។តាម​មើល​ទៅ អាជ្ញាធរ​រដ្ឋាភិបាល​ដែល​ហ៊ាន​បញ្ជា​ឲ្យ​កង​កម្លាំង​ប្រើ​ហិង្សា​បង្ក្រាប​បាតុករ ប្រហែល​ជា​ពួក​គាត់​អាន​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ទី​៥២ ហើយ​មើល​ទៅ! មាត្រា​៥២ ចែង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញា​រក្សា​ការពារ​ឯករាជ្យ អធិបតេយ្យ​ភាព បូរណភាព​ទឹក​ដី អនុវត្ត​គោល​នយោបាយ​បង្រួប​បង្រួម​ជាតិ ដើម្បី​ការពារ​ឯកភាព​ជាតិ រក្សា​ទំនៀមទម្លាប់ និង​ប្រពៃណី​ដ៏​ល្អ​របស់​ជាតិ។ រាជ​រដ្ឋាភិបាល ត្រូវ​ការពារ​នីត្យានុកូលភាព ឬ​ភាព​ស្រប​ច្បាប់ ធានា​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សាធារណៈ។ ប៉ុន្តែ ចំណង់​ចំណូល​ចិត្ត​ចេះ​ដឹង​តែ​មាត្រា​ទី​៥២ នេះ បែរ​ជា​ធ្វើ​ឲ្យ​សមាជិក​រដ្ឋាភិបាល​ទាំងអស់​បំពាន​ពាក្យ​សម្បថ​របស់​ខ្លួន ធ្លាប់​ស្បថ​នៅ​ចំពោះ​មុខ​ព្រះមហាស្វេតច្ឆត្រ និង​វត្ថុ​ស័ក្តិសិទ្ធិ​ទៀត​ផង។

នៅ​ក្នុង​សច្ចាប្រណិធាន​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​ចារិក​ក្នុង​ឧបសម្ពន្ធ​ទី​៦ នៃ​រដ្ឋធម្មនុញ្ញ​បាន​លើក​ឡើង​ចំណុច​មួយ​ចំនួន​ដូច​ជា មន្ត្រី​រដ្ឋាភិបាល​ទាំងអស់​ប្ដេជ្ញា​គោរព​រដ្ឋធម្មនុញ្ញ បម្រើ​ជានិច្ច​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត នូវ​ផល​ប្រយោជន៍​ប្រជារាស្ត្រ ប្រជាជាតិ និង​មាតុភូមិ។ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​ឡាយ​លើ​ផ្ទៃ​រាប​ជាតិ និង​អន្តរជាតិ មន្ត្រី​ទាំងអស់​ស្បថ​ថា​នឹង​បំបាត់​ចោល​ទាំង​ស្រុង​នូវ​អំពើ​ហិង្សា​គ្រប់​បែប​យ៉ាង។

បើ​ក្រឡេក​មើល​ការ​បង្ក្រាប​ទៅ​លើ​អ្នក​តវ៉ា​នៅ​ដើម​ឆ្នាំ​២០១៤ នេះ​វិញ​ម្តង។ កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា កង​ទាហាន​ទ័ព​ពិសេស​ឆត្រ​យោង​៩១១ បាន​ចូល​វាយ​បង្ក្រាប​កម្មករ​ដែល​តវ៉ា​ដំឡើង​ប្រាក់​ខែ​នៅ​កំបូល ហើយ​បាន​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​មួយ​ចំនួន​ទៀត។ ក្រុម​កងទ័ព​ពិសេស​ទាំង​នោះ​ប្រដាប់​ដោយ​ដំបង​គ្រប់​ដៃ ដេញ​សំពង​ទាត់​ធាក់ ហើយ​ក៏​បាន​ប្រើ​ទារុណកម្ម​ទៅ​លើ​សកម្មជន​សិទ្ធិ​មនុស្ស លោក វន់ ពៅ និង លោក ថេង សាវឿន បណ្ដាល​ឲ្យ​អ្នក​ទាំង​ពីរ​រង​របួស​យ៉ាង​ដំណំ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន។

នៅ​ថ្ងៃ​ដដែល​នោះ ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏​បាន​ចុះ​វាយ​សំពង​ទៅ​លើ​កម្មករ​ដែល​កំពុង​រាំ​ច្រៀង​ធ្វើ​កូដកម្ម​នៅ​ផ្លូវ​វ៉េងស្រេង។ អំពើ​ហិង្សា​នេះ​ហើយ ជា​មូលហេតុ​ដែល​នាំ​ឲ្យ​កម្មករ​ផ្សេង​ទៀត បើ​ការ​ប្រយុទ្ធ​ជាមួយ​កង​កម្លាំង​រដ្ឋាភិបាល ហើយ​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់ ៥​នាក់ ត្រូវ​បាន​បាញ់​សម្លាប់ និង​រង​របួស​ជិត ៤០​នាក់។ បន្ទាប់​ពី​នោះ កង​កម្លាំង​អាជ្ញាធរ ក៏​វាយ​បណ្ដេញ​បាតុករ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ និង​រឹប​អូស​សម្ភារៈ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មិន​មាន​ដីកា​ពី​តុលាការ​ឡើយ។

លើស​ពី​នេះ​ទៀត ក្រុម​សន្តិសុខ​ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​វាយ​ទៅ​លើ​អ្នក​ណា​ក៏ដោយ ដែល​នៅ​ទើស​មុខ ហើយ​មាន​កង​កម្លាំង​ស្រប​ច្បាប់​នៅ​ចាំ​ការពារ។ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ក្រុម​កង​កម្លាំង​អាជ្ញាធរ​របស់​រដ្ឋាភិបាល ក៏​បាន​ប្រើ​ហិង្សា​វាយ​បង្ក្រាប​ទៅ​លើ​អ្នក​តវ៉ា ដែល​ដឹក​នាំ​ដោយ លោក ម៉ម សូណង់ដូ។ ពលរដ្ឋ​ខ្លះ ត្រូវ​កម្លាំង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ វាយ​បែក​ក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន។ អ្នក​ខ្លះ ត្រូវ​គេ​ទាត់​ធាក់ សូម្បី​តែ​អ្នក​កាសែត ក៏​ត្រូវ​កម្លាំង​បង្ក្រាប​វាយ​ដែរ។

ផ្អែក​តាម​ក្រម​ព្រហ្មទណ្ឌ​មាត្រា​ទី​២១៨ ចែង​ថា អំពើ​ហិង្សា​ដោយ​ចេតនា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ​ដល់ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល ទៅ ១០​លាន​រៀល កាល​ណា​អំពើ​ហិង្សា​នេះ​បាន​ប្រព្រឹត្ត​ដោយ​មាន​ការ​គិត​ទុក​ជា​មុន ដោយ​ប្រើ​អាវុធ ឬ​គំរាម​កំហែង​ដោយ​អាវុធ ដោយ​មាន​មនុស្ស​ច្រើន​ជា​សហចារី អ្នក​ផ្ដើម​គំនិត និង​ជា​អ្នក​សមគំនិត។

ក្រៅ​ពី​នេះ យើង​អាច​ពិនិត្យ​មើល​រដ្ឋធម្មនុញ្ញ​ដែល​កំណត់​ច្បាស់​ថា ប្រទេស​កម្ពុជា មិន​អនុញ្ញាត​ដាច់​ខាត​ឲ្យ​មាន​ការ​បង្កើត​ច្បាប់ ដែល​ចែង​ពី​ទោស​ប្រហារ​ជីវិត។ ម្យ៉ាង​ទៀត ច្បាប់​ក៏​បាន​ចែង​ថា វិមតិ​សង្ស័យ​ត្រូវ​បាន​ទៅ​លើ​ជន​សង្ស័យ។ គោល​ច្បាប់​ទាំង​ពីរ​នេះ ត្រូវ​បាន​អ្នក​ច្បាប់​ពន្យល់​ថា ជា​ការ​ដាក់​កំហិត​អ្នក​អនុវត្តន៍​ច្បាប់ ឲ្យ​ជៀសវាង​ប្រើ​ហិង្សា និង​មាន​ការ​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​ដិតដល់ មុន​នឹង​ធ្វើ​អ្វី​មួយ។

ទោះ​យ៉ាង​ណា​ក្តី ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ មិន​ញញើត​ទេ​ក្នុង​ការ​វាយ​សំពង​ទៅ​បាតុករ​តាម​បញ្ជា​របស់​មេៗ ហើយ​ក៏​គ្មាន​អ្នក​ណា​ចាប់​ពួក​គេ​មក​ផ្ដន្ទាទោស​ដែរ ព្រោះ​អី​មន្ត្រីៗ​អះអាង​ថា កង​កម្លាំង​អាជ្ញាធរ​ទាំង​នោះ​ការពារ​រដ្ឋធម្មនុញ្ញ។ បើ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ព្រហ្មទណ្ឌ​ចែង​ថា ដាក់​ទោស​អ្នក​ប្រើ​ហិង្សា​ហើយ​នោះ។ តើ​ការ​ប្រើ​ហិង្សា​បង្ក្រាប​បាតុករ ជា​ការពារ​រដ្ឋធម្មនុញ្ញ ឬ​ការពារ​អំណាច​របស់​អ្នក​ធំ? នេះ​ជា​សំណួរ​ដែល​អ្នក​ស្តាប់​ដឹង​ចម្លើយ​ស្រាប់​ក្នុង​ចិត្ត​គ្រប់ៗ​គ្នា​ហើយ​មើល​ទៅ៕