ការលើកឡើងថា «ការពាររដ្ឋធម្មនុញ្ញ" ត្រូវបានគេឮញឹកញាប់ណាស់ ជាពិសេសនៅក្រោយពេលបោះឆ្នោតកន្លងទៅនេះ។ នរណាក៏ថាធ្វើតាមរដ្ឋធម្មនុញ្ញ នរណាក៏ថាការពាររដ្ឋធម្មនុញ្ញដែរ។ សង្គមស៊ីវិលក៏និយាយ បក្សប្រឆាំងក៏បានអះអាង មន្ត្រីរដ្ឋាភិបាល រួមនឹងកងទ័ព ក៏ទន្ទេញជាប់មាត់តាមគ្នារដឹក ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនមិនបានយល់ទេ ថារដ្ឋធម្មនុញ្ញមាននិយាយពីអ្វីខ្លះនោះ។
ពលរដ្ឋមិនត្រឹមតែមិនសូវមានការយល់ដឹងពីរដ្ឋធម្មនុញ្ញទេ សូម្បីតែការស្វែងយល់ពីច្បាប់កំពូលមួយនេះ ក៏ត្រូវបានរារាំងដែរ។ កាលពីថ្ងៃទី២១ ខែកញ្ញា ក្រុមពលរដ្ឋជាង ២០សហគមន៍ ដោយមានការជ្រោមជ្រែងពីអង្គការក្រៅរដ្ឋាភិបាល ដាក់លិខិតជូនដំណឹងដល់សាលាក្រុង ដើម្បីបានរៀនសូត្រស្វែងយល់ពីរដ្ឋធម្មនុញ្ញ ដោយមានវាគ្មិនជំនាញពន្យល់នៅទីលានប្រជាធិបតេយ្យ ប៉ុន្តែអាជ្ញាធរមិនអនុញ្ញាតឡើយ បើទោះជាច្បាប់ចែងថា អាជ្ញាធរគ្មានភារៈរារាំងការជួបជុំនេះក៏ដោយចុះ។ លើសពីនេះ ក្រុមសមត្ថកិច្ចប្រដាប់ដោយអាវុធបង្ក្រាបបាតុករ បានយកទីលានប្រជាធិបតេយ្យទៅហ្វឹកហ្វឺនទៅវិញ។ ការដណ្ដើមយកទីតាំងនេះ ក៏ជាការត្រៀមការពាររដ្ឋធម្មនុញ្ញដែរមើលទៅ។
បើពិនិត្យមើលរដ្ឋធម្មនុញ្ញទៅ ច្បាប់នេះចងក្រងឡើងដើម្បីបម្រើសេចក្តីត្រូវការរបស់មន្ត្រីរាជការស៊ីវិល និងយោធិន អ្នកគ្រប់គ្រងរដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ យកទៅគោរពប្រតិបត្តិ បំពេញការងារតាមវិស័យនីមួយៗ។ ច្បាប់នេះមាន ១៦ជំពូក រួមមាន អំពីអធិបតេយ្យ អំពីព្រះមហាក្សត្រ អំពីសិទ្ធិ និងករណីកិច្ចរបស់ពលរដ្ឋ អំពីរបបនយោបាយ អំពីសេដ្ឋកិច្ច អំពីវប្បធម៌ និងសង្គមកិច្ច អំពីរដ្ឋសភា អំពីព្រឹទ្ធសភា អំពីរាជរដ្ឋាភិបាល អំពីតុលាការ អំពីក្រុមប្រឹក្សាធម្មនុញ្ញ អំពីការគ្រប់គ្រងរដ្ឋបាល អំពីសមាជជាតិ អំពីអានុភាពនៃការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងអំពីអន្តរបញ្ញត្តិ។ មេច្បាប់នេះ ក៏មានឧបសម្ពន្ធចំនួន៧ ដែលមានចែងពីទង់ជាតិ ភ្លេងជាតិនគររាជ សញ្ញាជាតិ សច្ចាប្រណិធានរបស់ព្រះមហាក្សត្រ សច្ចាប្រណិធានរបស់រដ្ឋសភា សច្ចាប្រណិធានរបស់រាជរដ្ឋាភិបាល សច្ចាប្រណិធានរបស់ព្រឹទ្ធសភា។ បើនិយាយពីការបង្ក្រាប ការតវ៉ា ដើម្បីការពាររដ្ឋធម្មនុញ្ញ មិត្តអ្នកស្តាប់អាចរកមើលរដ្ឋធម្មនុញ្ញក្នុងជំពូកទី៣ និយាយពីសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ជំពូកទី៤ និយាយអំពីរបបនយោបាយ និងឧបសម្ពន្ធទី៦ និយាយអំពីសច្ចាប្រណិធានរបស់រាជរដ្ឋាភិបាល។
មាត្រា៣៧ នៃរដ្ឋធម្មនុញ្ញ ចែងថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវបានយកមកអនុវត្តក្នុងក្របខ័ណ្ឌនៃច្បាប់។ ហើយច្បាប់បាតុកម្មដោយសន្តិវិធី មិនបានអនុញ្ញាតឲ្យកងកម្លាំងប្រើហិង្សាបង្ក្រាបបាតុករទេ។ មាត្រាទី៣៨ថ្មី ក៏បានចែងថា ច្បាប់ធានារ៉ាប់រងមិនឲ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ។ រដ្ឋធម្មនុញ្ញមាត្រាទី៣៧ និង ៣៨ នេះ ប្រហែលជាមន្ត្រីរដ្ឋាភិបាលមិនបានយល់ច្បាស់ ឬក៏មិនបានអានក៏មិនដឹង ទាល់តែចាំឲ្យក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយឲ្យច្បាស់ហើយបានបាន។តាមមើលទៅ អាជ្ញាធររដ្ឋាភិបាលដែលហ៊ានបញ្ជាឲ្យកងកម្លាំងប្រើហិង្សាបង្ក្រាបបាតុករ ប្រហែលជាពួកគាត់អានរដ្ឋធម្មនុញ្ញត្រង់មាត្រាទី៥២ ហើយមើលទៅ! មាត្រា៥២ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី អនុវត្តគោលនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ រក្សាទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អរបស់ជាតិ។ រាជរដ្ឋាភិបាល ត្រូវការពារនីត្យានុកូលភាព ឬភាពស្របច្បាប់ ធានាសណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខសាធារណៈ។ ប៉ុន្តែ ចំណង់ចំណូលចិត្តចេះដឹងតែមាត្រាទី៥២ នេះ បែរជាធ្វើឲ្យសមាជិករដ្ឋាភិបាលទាំងអស់បំពានពាក្យសម្បថរបស់ខ្លួន ធ្លាប់ស្បថនៅចំពោះមុខព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិទៀតផង។
នៅក្នុងសច្ចាប្រណិធានរបស់រាជរដ្ឋាភិបាល ដែលបានចារិកក្នុងឧបសម្ពន្ធទី៦ នៃរដ្ឋធម្មនុញ្ញបានលើកឡើងចំណុចមួយចំនួនដូចជា មន្ត្រីរដ្ឋាភិបាលទាំងអស់ប្ដេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ចទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត នូវផលប្រយោជន៍ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិ។ ក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិ និងអន្តរជាតិ មន្ត្រីទាំងអស់ស្បថថានឹងបំបាត់ចោលទាំងស្រុងនូវអំពើហិង្សាគ្រប់បែបយ៉ាង។
បើក្រឡេកមើលការបង្ក្រាបទៅលើអ្នកតវ៉ានៅដើមឆ្នាំ២០១៤ នេះវិញម្តង។ កាលពីថ្ងៃទី២ ខែមករា កងទាហានទ័ពពិសេសឆត្រយោង៩១១ បានចូលវាយបង្ក្រាបកម្មករដែលតវ៉ាដំឡើងប្រាក់ខែនៅកំបូល ហើយបានចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងកម្មករមួយចំនួនទៀត។ ក្រុមកងទ័ពពិសេសទាំងនោះប្រដាប់ដោយដំបងគ្រប់ដៃ ដេញសំពងទាត់ធាក់ ហើយក៏បានប្រើទារុណកម្មទៅលើសកម្មជនសិទ្ធិមនុស្ស លោក វន់ ពៅ និង លោក ថេង សាវឿន បណ្ដាលឲ្យអ្នកទាំងពីររងរបួសយ៉ាងដំណំ បន្ទាប់ពីអ្នកទាំងពីរត្រូវបានចាប់ខ្លួន។
នៅថ្ងៃដដែលនោះ ក្រុមអាជ្ញាធរមានសមត្ថកិច្ចក៏បានចុះវាយសំពងទៅលើកម្មករដែលកំពុងរាំច្រៀងធ្វើកូដកម្មនៅផ្លូវវ៉េងស្រេង។ អំពើហិង្សានេះហើយ ជាមូលហេតុដែលនាំឲ្យកម្មករផ្សេងទៀត បើការប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាល ហើយបណ្ដាលឲ្យមនុស្សយ៉ាងតិចណាស់ ៥នាក់ ត្រូវបានបាញ់សម្លាប់ និងរងរបួសជិត ៤០នាក់។ បន្ទាប់ពីនោះ កងកម្លាំងអាជ្ញាធរ ក៏វាយបណ្ដេញបាតុករចេញពីទីលានប្រជាធិបតេយ្យ និងរឹបអូសសម្ភារៈនៅទីលានប្រជាធិបតេយ្យ ដោយមិនមានដីកាពីតុលាការឡើយ។
លើសពីនេះទៀត ក្រុមសន្តិសុខត្រូវបានគេបញ្ជាឲ្យវាយទៅលើអ្នកណាក៏ដោយ ដែលនៅទើសមុខ ហើយមានកងកម្លាំងស្របច្បាប់នៅចាំការពារ។ កាលពីថ្ងៃទី២៧ ខែមករា ក្រុមកងកម្លាំងអាជ្ញាធររបស់រដ្ឋាភិបាល ក៏បានប្រើហិង្សាវាយបង្ក្រាបទៅលើអ្នកតវ៉ា ដែលដឹកនាំដោយ លោក ម៉ម សូណង់ដូ។ ពលរដ្ឋខ្លះ ត្រូវកម្លាំងសន្តិសុខសាលាខណ្ឌដូនពេញ វាយបែកក្បាលហូរឈាមស្រោចខ្លួន។ អ្នកខ្លះ ត្រូវគេទាត់ធាក់ សូម្បីតែអ្នកកាសែត ក៏ត្រូវកម្លាំងបង្ក្រាបវាយដែរ។
ផ្អែកតាមក្រមព្រហ្មទណ្ឌមាត្រាទី២១៨ ចែងថា អំពើហិង្សាដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល កាលណាអំពើហិង្សានេះបានប្រព្រឹត្តដោយមានការគិតទុកជាមុន ដោយប្រើអាវុធ ឬគំរាមកំហែងដោយអាវុធ ដោយមានមនុស្សច្រើនជាសហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត។
ក្រៅពីនេះ យើងអាចពិនិត្យមើលរដ្ឋធម្មនុញ្ញដែលកំណត់ច្បាស់ថា ប្រទេសកម្ពុជា មិនអនុញ្ញាតដាច់ខាតឲ្យមានការបង្កើតច្បាប់ ដែលចែងពីទោសប្រហារជីវិត។ ម្យ៉ាងទៀត ច្បាប់ក៏បានចែងថា វិមតិសង្ស័យត្រូវបានទៅលើជនសង្ស័យ។ គោលច្បាប់ទាំងពីរនេះ ត្រូវបានអ្នកច្បាប់ពន្យល់ថា ជាការដាក់កំហិតអ្នកអនុវត្តន៍ច្បាប់ ឲ្យជៀសវាងប្រើហិង្សា និងមានការត្រិះរិះពិចារណាឲ្យបានដិតដល់ មុននឹងធ្វើអ្វីមួយ។
ទោះយ៉ាងណាក្តី ក្រុមសន្តិសុខសាលារាជធានីភ្នំពេញ មិនញញើតទេក្នុងការវាយសំពងទៅបាតុករតាមបញ្ជារបស់មេៗ ហើយក៏គ្មានអ្នកណាចាប់ពួកគេមកផ្ដន្ទាទោសដែរ ព្រោះអីមន្ត្រីៗអះអាងថា កងកម្លាំងអាជ្ញាធរទាំងនោះការពាររដ្ឋធម្មនុញ្ញ។ បើរដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌចែងថា ដាក់ទោសអ្នកប្រើហិង្សាហើយនោះ។ តើការប្រើហិង្សាបង្ក្រាបបាតុករ ជាការពាររដ្ឋធម្មនុញ្ញ ឬការពារអំណាចរបស់អ្នកធំ? នេះជាសំណួរដែលអ្នកស្តាប់ដឹងចម្លើយស្រាប់ក្នុងចិត្តគ្រប់ៗគ្នាហើយមើលទៅ៕
Labels: ព័ត៌មានជាតិ