Pages

Tuesday, January 28, 2014

Licadho និង Amnesty ស្នើ​សមាជិក​UN ជួយ​ដោះស្រាយ​វិបត្តិ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​

លោកស្រី ពុង ឈីវកេក ប្រធាន​នៃ​សម្ព័ន្ធខ្មែរជំរឿន និង​ជា​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ
ដោយ លាង ដឺលុច
នៅ​ថ្ងៃទី​២៨មករា​នេះ មន្ត្រី​សិទ្ធិមនុស្ស​តំណាង​រដ្ឋាភិបាល​កម្ពុជា​នឹង​ការពារ​របាយការណ៍​សិទ្ធិមនុស្ស​ នៅ​ចំពោះ​មុខការិយាល័យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​ក្របខណ្ឌ​នៃ​ការ​ត្រួតពិនិត្យ​ឡើងវិញជា​សកល និង​ជា​ទៀតទាត់​ នូវ​​បញ្ហា​ការ​គោរព​សិទ្ធិមនុស្ស (Universal Periodic Review)។ក្នុង​ឱកាសនេះ អង្គការ​ការពារ​សិទ្ធិមនុស្សលីកាដូ និងអង្គការ​លើក​លែង​ទោស​​អន្តរជាតិ បាន​ចេញ​ផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន​រួម អំពាវនាវ​អោយ​សមាជិក​អង្គការ​​សហប្រជាជាតិ​ អន្តរាគមន៍​រក​ដំណោះស្រាយ​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស​កម្ពុជា ដែល​អង្គការ​ទាំង​ពីរ​បាន​វាយតម្លៃថា វា​បាន​ធ្លាក់ចូល​ក្នុង​វិបត្តិ​ហើយ។
ចាប់​តាំង​ពី​ចាប់​ផ្តើម​ឆ្នាំ២០១៤នេះមក ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិមនុស្ស​កាន់តែ​អាក្រក់​ទៅ​ គួ​អោយកត់សំគាល់ រហូត​ដល់​ធ្លាក់ចូល​ក្នុង​កម្រិត​វិបត្តិហើយ។ នេះ​គឺ​ជា​ខ្លឹម​សារ​នៃ​សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ និង​អង្គការ​លើក​លែងទោស​អន្តរជាតិ Amnesty International ដែល​ត្រូវបាន​ចេញ​ផ្សាយ​ នៅ​ថ្ងៃ​ទី​២៦​មករា។

សេចក្តីថ្លែងការណ៍​រួម​នេះ​ត្រូវបាន​ធ្វើឡើង ២​ថ្ងៃ ​មុន​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ការពារ​របាយការណ៍​​​សិទ្ធិមនុស្ស​របស់ខ្លួន នៅ​ចំពោះមុខ​ការិយាល័យសិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ពោលគឺ​នៅ​ថ្ងៃទី​២៨​មករា​នេះ ​ក្នុង​ក្របខណ្ឌ​នៃ​ការ​ត្រួត​ពិនិត្យ​ឡើងវិញ​ជា​សកល និងទៀតទាត់ស្តីពី​ការ​គោរព​សិទ្ធិមនុស្ស​ ដែល​ហៅកាត់ជា​ភាសា​អង់គ្លេស​ថា UPR។ នៅ​ថ្ងៃទី​២៨មករា ក្នុងទីក្រុង​ហ្សឺណែវនោះ លោកសម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ក៏​មាន​វត្តមាននៅ​ទីនោះដែរ នេះ​បើតាម​ការ​ប្រកាស​របស់​លោក​សម រង្ស៊ី នៅ​ក្នុង​ប្រទេស​បារាំង។

តាម​ពិត អង្គការ​លីកាដូ និងអង្គការ​លើកលែងទោស​អន្តរជាតិ ​បាន​ដាក់​របាយការណ៍​មួយតាំងពីខែ​មិថុនា​ ទៅកាន់ក្រុមការងារ​UPR រួចហើយ ហើយ​ដែល​របាយការណ៍​នោះ​បាន​និយាយ​​អំពី​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិមនុស្ស​ ដែល​កាន់តែ​អាក្រក់ទៅ ​ចន្លោះពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៣។

ប៉ុន្តែ ​ការ​​ដែល​អង្គការ​សិទ្ធិមនុស្សទាំងពី​រ​ត្រូវ​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​នៅពេលនេះនេះ គឺ​ដោយសារតែ​​មាន​ករណី​នៃ​ការ​បង្ក្រាបរបស់​អាជ្ញាធរ​កម្ពុជា​ លើ​ក្រុម​បាតុករ​ដែល​បាន​ធ្វើ​អោយ​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោចណាស់​៤​នាក់ បាត់​ខ្លួន​២​នាក់ និង​របួស​ជាច្រើន​នាក់​នោះ។ ហើយ​ចុងក្រោយ​ ការចាប់ និង​ចោទប្រកាន់ឃុំ​ខ្លួន​មនុស្ស​២៣​នាក់ដែល​ក្នុង​នោះ​ ក៏មាន​អ្នកការពារសិទ្ធិមនុស្ស ព្រមទាំង​សេចក្តីសម្រេច​របស់​អាជ្ញាធរ​កម្ពុជា​ មិនអោយ​មានការ​ជួបជុំ​តវ៉ា​នៅពេលនេះ រឹតតែ​ធ្វើ​អោយ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ និង​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ ត្រូវអំពាវនាវរក​អន្តរាគមន៍​ពីសមាជិក​អង្គការ​សហប្រជាជាតិ ក្នុង​ឱកាស​នៃ​ការ​ស្តាប់ត្រួត​ពិនិត្យ​របាយការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ការិយាល័យ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​​អង្គការ​សហប្រជាជាតិ​ នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វ៊ីស។

អង្គការ​ទាំងពីរ​អំពាវនាវ​រក​អន្តរាគមន៍​ពីអង្គការ​សហប្រជាជាតិ​ដើម្បីស្នើ​អោយ​មានការ​ដោះលែង​បណ្តោះអាសន្ន​ជន​ជាប់ចោទ​ទាំង​២៣​នាក់ អោយរដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ប្រើប្រាស់​​កំលាំង​ហួស​ហេតុ​ក្នុង​ការ​បង្ក្រាប​កា​រតវ៉ា លុបចោល​បំរាម​ដែល​ហាម​ឃាត់​មិនអោយ​ជួបជុំ​ធ្វើ​បាតុកម្ម និង​បើក​ការ​ស៊ើបអង្កេត​លើកងប្រដាប់អាវុធ​ដែល​បាន​ប្រើកម្លាំង​បង្ក្រាប​បាតុកម្ម​ ចាប់តាំងពី​ថ្ងៃ​បោះឆ្នោត​មក៕