សេចក្ដីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២៥ មករា បានព្រមានថា បើសិនជាលោក ម៉ម សូណង់ដូ នៅតែចចេសធ្វើបាតុកម្មតាមការគ្រោងទុក លោកត្រូវទទួលខុសត្រូវមុខច្បាប់៖ "បើមានការជួបជុំដង្ហែក្បួនដែលធ្វើឲ្យប៉ះពាល់នូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ និងមានការប៉ះទង្គិចណាមួយនោះ លោកប្រធានត្រូវទទួលខុសត្រូវចំពោះមុខច្បាប់"។
ទោះយ៉ាងណា លោក ម៉ម សូណង់ដូ បានបញ្ជាក់នៅល្ងាចថ្ងៃទី២៦ មករា ថា ជំហរជាចុងក្រោយរបស់លោកមិនផ្លាស់ប្ដូរទេ ទោះបីជាមានការរារាំងនៅថ្ងៃស្អែកនេះយ៉ាងណាក៏ដោយ។ លោកបន្តបែបអន់ចិត្តចំពោះរដ្ឋាភិបាលថា ការធ្វើបាតុកម្មជាសិទ្ធិរបស់ប្រជាពលរដ្ឋដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ ហើយលោកធ្វើបាតុកម្មដូច្នេះ ព្រោះលោកបានទាមទារសុំបើកស្ថានីយវិទ្យុផ្សាយបន្តតាមខេត្តនិងសុំបើកប៉ុស្តិ៍ទូរទស្សន៍នេះជាង ១៥ឆ្នាំហើយ តែរដ្ឋាភិបាលនៅតែមិនព្រមឲ្យ។
លោកថាផ្ទុយទៅវិញ រដ្ឋាភិបាលបែរឲ្យអ្នកផ្សេងៗទៅវិញ៖ «ប្រកាសអីប្រកាសទៅ! ស្អែកត្រូវតែធ្វើ វាជាកាតព្វកិច្ចក្នុងក្នុងនាមប្រជាពលរដ្ឋរាប់លាននាក់ដែលចង់ស្ដាប់វិទ្យុសំបុកឃ្មុំ»។
ការប្រកាសធ្វើបាតុកម្មរបស់លោក ម៉ម សូណង់ដូ នៅថ្ងៃទី២៧ មករា ស្អែកនេះ ធ្វើឡើងបន្ទាប់ពីក្រុមបាតុករជាង ១០នាក់រងរបួសដោយប៉ះទង្គិចគ្នាជាមួយកងសន្តិសុខនៅថ្ងៃទី២៦ មករា ដែលកងកម្លាំងសន្តិសុខព្យាយាមបំបែកក្រុមបាតុករមិនឲ្យប្រមូលផ្ដុំនៅទីលានប្រជាធិបតេយ្យ ដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាល។
រហូតមកទល់ល្ងាចថ្ងៃទី២៦ មករា កងកម្លាំងសន្តិសុខនៅគ្រប់គ្រងទីលានប្រជាធិបតេយ្យទាំងស្រុងនៅឡើយ ដែលគេសង្ស័យថា ក្រុមបាតុករលោក ម៉ម សូណង់ដូ នឹងមិនអាចប្រមូលផ្ដុំគ្នាបាននៅទីលានប្រជាធិបតេយ្យនៅថ្ងៃស្អែក ហើយនឹងបរាជ័យដូចក្រុមបាតុករព្យាយាមប្រមូលផ្ដុំគ្នានៅថ្ងៃទី២៦ មករា នេះ ដោយកងសន្តិសុខបំបែកដោយប្រើហិង្សាដូចគ្នា៕