Pages

Thursday, January 30, 2014

Edward ​Snowden ​ជា​បេក្ខជន​សម្រាប់​ពានរង្វាន់​ណូបែល​សន្តិភាព​២០១៤

Edward Snowden អតីត​បុគ្គលិក​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក NSA
ដោយ សេង ឌីណា
Edward Snowden អតីត​បុគ្គលិក​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក ដែល​បាន​បញ្ចេញ​ឯកសារ​សម្ងាត់​អំពី​សកម្មភាព​របស់​ NSA ត្រូវ​បាន​គេ​ស្នើ​ជា​បេក្ខជន សម្រាប់​ពានរង្វាន់ណូបែល​សន្តិភាព ឆ្នាំ​២០១៤។ សំណើ​នេះ​ត្រូវ​បាន​ធ្វើឡើង ដោយ​អតីត​រដ្ឋមន្រ្តី​​របស់​ន័រវែស។នៅ​ក្នុង​លិខិត​​ផ្ញើ​ជូន​ទៅ​
គណៈកម្មាធិការ​ណូបែល កាល​ពីថ្ងៃ​ពុធ អតីត​រដ្ឋមន្រ្តី​ រួមជាមួយ​នឹង​សហការី នៅ​ក្នុង​គណបក្ស​ឆ្វេងនិយម​ន័រវែស បាន​លើកឡើង​ថា Edward Snowden គួរ​បាន​ពានរង្វាន់​ណូបែល​សន្តិភាព ពីព្រោះ​ ​គាត់​​ជា​អ្នកដែល​បាន​ជួយ​បើក​កកាយ​ឲ្យ​ពិភពលោក​បាន​ដឹង​អំពី​ភាពជ្រុលហួសហេតុ នៃ​សកម្មភាព​ឈ្លបយកការណ៍​របស់​រដ្ឋ​ ដែល​ធ្វើ​ទៅលើ​រដ្ឋ​ផ្សេងទៀត ឬ​ទៅលើ​ប្រជាជន​ទូទៅ។
 
លិខិត​នេះ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា សកម្មភាព​របស់ Edward Snowden បាន​ជួយ​ដាស់​សតិស្មារតី​មេដឹកនាំ​ប្រទេស​ទាំងអស់​ឲ្យ​នាំគ្នាយក​តម្លាភាព និង​ទំនុកចិត្ត​ ធ្វើ​ជា​គោលការណ៍​ចម្បង នៅ​ក្នុង​ការ​ដាក់ចេញ​នូវ​នយោបាយ ដែល​ទាក់ទង​នឹង​សន្តិសុខ​ជាតិ។
 
គួរបញ្ជាក់ថា ការ​ស្នើ​បេក្ខជន​សម្រាប់​ពានរង្វាន់ណូបែល​សន្តិភាព​ត្រូវ​ធ្វើឡើង​ដោយ​ឥស្សរជនរាប់ពាន់នាក់​នៅទូទាំង​ពិភពលោក​ ដែល​កំណត់​ដោយ​គណៈកម្មាធិការ​ណូបែល (Norwegien Nobel Committee)។ ការបញ្ជូន​ឈ្មោះ​បេក្ខជនរង្វាន់ណូបែល​សន្តិភាព​​ត្រូវ​ធ្វើឡើង​រហូត​ដល់​ថ្ងៃ​ទី១​ខែ​កុម្ភៈ ហើយ​បន្ទាប់មក គណៈកម្មការ​ណូបែល​ធ្វើការ​ជម្រុះ​បេក្ខជន​ខ្លះ ដោយ​ទុក​តែមួយចំនួន​តូច ដើម្បី​​យក​ទៅ​ធ្វើការ​បោះឆ្នោត​អនុម័ត​ជ្រើសរើស​ជា​ជ័យលាភី​ណូបែល​សន្តិភាព ដែល​នឹង​ត្រូវ​ធ្វើ នៅ​ខែធ្នូ។
 
កាលពី​ឆ្នាំ​២០១៣​កន្លងទៅ ឈ្មោះ​របស់ Edward Snowden ក៏​ត្រូវ​បាន​គេ​ស្នើ​ឡើង​ជា​បេក្ខជន​សម្រាប់​ពានរង្វាន់ណូបែល​សន្តិភាព​ម្តងដែរ ក៏ប៉ុន្តែ សំណើ​នេះ​បាន​ធ្វើ​ឡើង​ហួស​ថ្ងៃ​កំណត់។
 
នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ Edward Snowden កំពុង​រស់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ដើម្បី​គេចខ្លួន​ពី​ការ​តាម​ប្រមាញ់​របស់​អាជ្ញាធរ​អាមេរិក។ អតីត​បុគ្គលិក​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​រូបនេះ​ត្រូវ​ទទួលរង​ការ​ចោទប្រកាន់​ពីបទ​ល្មើស​ទាក់ទង​នឹង​ការ​​លួច​បញ្ចេញ​ឯកសារ​សម្ងាត់​ដោយ​ខុសច្បាប់។ ការ​បញ្ចេញ​ឯកសារ​សម្ងាត់ ដែល​​នាំ​ឲ្យ​សហរដ្ឋ​អាមេរិក​ត្រូវ​ទទួល​រង​នូវ​ការ​រិះគន់​ពី​គ្រប់ទិសទី ដោយសារ​តែ​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ អំពី​សកម្មភាព​ឈ្លបយកការណ៍​​របស់​ NSA ទាំងទៅលើ​មេដឹកនាំ​ប្រទេស​ជា​សម្ព័ន្ធមិត្ត និង​ទៅលើ​ប្រជាជន​ជាទូទៅ នៅ​ទូទាំង​ពិភពលោក៕