សមាគម​អ្នក​កាសែត​ស្នើ​ឲ្យ​សមត្ថកិច្ច​បញ្ឈប់​ការ​ប្រើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន



1601190_650046441721764_1952740649_n - Copy
អ្នក​ឯកទេស​សារព័ត៌មាន និង​អ្នក​កាសែត បាន​អះអាង​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ អ្នក​សារព័ត៌មាន​​កម្ពុជា បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​របស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​ក្រុម​បាតុករ​ប្រមាថ និង​ប្រើ​ហិង្សា​លើ​រាង​កាយ។ បញ្ហា​នេះ សមាគម​អ្នក​សារព័ត៌មាន​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​គ្រប់​ស្ថាប័ន និង​អ្នក​នយោបាយ​គ្រប់​និន្នាការ​នយោបាយ ស្នើ​ឲ្យ​បញ្ឈប់​ការ​រើសអើង និង​មិន​ត្រូវ​ចាត់​ទុក​អ្នក​
កាសែត​ជា​សត្រូវ​នោះ​ទេ។ប្រតិកម្ម​របស់​អ្នក​ជំនាញ​សារព័ត៌មាន និង​សមាគម​អ្នក​កាសែត​​ពេល​នេះ បាន​កើត​មាន​១​ថ្ងៃ​បន្ទាប់​ពី​អ្នក​ថត​រូប​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង អា.អែហ្វ.ប៉េ (AFP) ម្នាក់ គឺ​លោក តាំង ឈិនសុធី ត្រូវ​កម្លាំង​ចម្រុះ​រដ្ឋាភិបាល​វាយ​សំពង​​​​ឲ្យ​រង​របួស​ក្បាល កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មករា។

​​លោក តាំង ឈិនសុធី ត្រូវ​កម្លាំង​ចម្រុះ​ប្រដាប់​ដោយ​ដំបង និង​ខែល វាយ​ចំ​ក្បាល​នៅ​ពេល​ចុះ​ថត​រូប និង​យក​ព័ត៌មាន​នៅ​ក្នុង​បាតុកម្ម ដឹក​នាំ​ដោយ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ នៅ​មុខ​ទីស្ដីការ​ក្រសួង​ព័ត៌មាន ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប។

ផ្ដើម​ពី​អំពើ​ហិង្សា​នេះ លោក មឿន ឈានណាឫទ្ធិ នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​សារព័ត៌មាន បាន​​ថ្លែង​រិះគន់​ទៅ​លើ​សកម្មភាព​វាយ​បង្ក្រាប​ដោយ​ហិង្សា​របស់​កង​កម្លាំង​ចម្រុះ​រដ្ឋាភិបាល​ទៅ​លើ​អ្នក​កាសែត ថា​នាំ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​អ្នក​សារព័ត៌មាន។ អ្នក​ជំនាញ​សារព័ត៌មាន​រូប​នេះ បាន​ថ្លែង​ប្រៀបធៀប​សកម្មភាព​ការងារ​របស់​អ្នក​កាសែត ទៅ​នឹង​អ្នក​នាំ​សារ​ដែល​មិន​គួរ​ឲ្យ​មាន​ផ្នែក​ពាក់ព័ន្ធ​រើសអើង ឬ​ប្រើ​ហិង្សា​នោះ​ទេ៖ «អ៊ីចឹង​យើង​ឃើញ​ថា ការ​វាយ​ប្រហារ​ទៅ​លើ​អ្នក​សារព័ត៌មាន ឬ​សកម្មជន​សិទ្ធិ​មនុស្ស​ជា​កំហុស​ធ្ងន់ធ្ងរ​ណាស់»។

លោក មឿន ឈានណាឫទ្ធិ បាន​ថ្កោលទោស​ចំពោះ​ការ​ប្រើ​ហិង្សា ឬ​ការ​រើសអើង​ពី​ផ្នែក​ពាក់ព័ន្ធ​ណា​មួយ​ទៅ​លើ​សកម្មភាព​របស់​អ្នក​កាសែត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បន្ថែម​លើ​នេះ លោក​បាន​សំណូមពរ​ដល់​កម្លាំង​ចម្រុះ​រដ្ឋាភិបាល និង​អ្នក​នយោបាយ​គ្រប់​គណបក្ស​ត្រូវ​បញ្ឈប់​​​សកម្មភាព​ប្រើ​ហិង្សា ឬ​ការ​រើសអើង​អ្នក​កាសែត​ដោយ​គ្មាន​លក្ខខណ្ឌ៖ «សាក្សី​ជា​អ្នក​សារព័ត៌មាន ឬ​ជា​សកម្មជន​សិទ្ធិ​មនុស្ស​នេះ មិន​គ្រាន់​តែ​ធ្វើ​សាក្សី​ចំពោះ​អ្នក​ធ្វើ​បាតុកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ជា​សាក្សី​ចំពោះ​អាជ្ញាធរ​ផង​ដែរ បើ​សិន​ជា​អាជ្ញាធរ​ទទួល​រង​នូវ​ការ​វាយ​ប្រហារ​ពី​អាជ្ញាធរ​មក​វិញ»។

បញ្ហា​នេះ​ដែរ លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា ក៏​បាន​សំណូមពរ​ដល់​អ្នក​នយោបាយ​គ្រប់​គណបក្ស ឬ​អ្នក​ពាក់ព័ន្ធ គួរ​គោរព​សិទ្ធិ​អ្នក​កាសែត និង​មាន​ឥរិយាបថ​ថ្លៃថ្នូរ​ចំពោះ​អ្នក​សារព័ត៌មាន។ ជាង​នេះ លោក​ស្នើ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​កុំ​ឲ្យ​ចាត់​ទុក​អ្នក​កាសែត​ជា​សត្រូវ​របស់​ខ្លួន៖ «សំខាន់​អ្នក​នយោបាយ​ទាំងអស់ ទាំង​អ្នក​នយោបាយ​កំពុង​កាន់​អំណាច ទាំង​អ្នក​នយោបាយ​ប្រឆាំង​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ពួក​អ្នក​តវ៉ា​ទាំងអស់​ហ្នឹង ត្រូវ​ផ្លាស់​ប្ដូរ​ការ​យល់​ឃើញ​ចំពោះ​អ្នក​សារព័ត៌មាន​ហ្នឹង​ឲ្យ​បាន​ល្អ​ជាង​មុន។ ហើយ​ត្រូវ​ចាត់​ទុក​អ្នក​សារព័ត៌មាន​ហ្នឹង​ជា​ចំណែក​មួយ​អាច​យក​សារ​របស់​ខ្លួន​ឯង​ហ្នឹង មក​ផ្តល់​ឲ្យ​សាធារណជន​បាន​ដឹង។ ហើយ​ក៏​មិន​ត្រូវ​មាន​បុរេវិនិច្ឆ័យ​អ្នក​សារព័ត៌មាន​ថា អ្នក​នេះ​អ៊ីចេះ ឬ​អ្នក​នោះ​អ៊ីចុះ ហើយ​បង្ក​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​ឲ្យ​មាន​ការ​ញុះញង់ ឲ្យ​មាន​ការ​ធ្វើ​បាប​អ្នក​សារព័ត៌មាន​ពេល​ចុះ​យក​ព័ត៌មាន​នោះ​ទេ ព្រោះ​វា​មិន​ធ្វើ​ឲ្យ​ចំណេញ​ដល់​ខ្លួន​ឯង ឬ​សង្គម​ជាតិ​នោះ​ទេ»។

អ្នក​ថត​រូប​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង អា.អែហ្វ.ប៉េ លោក តាំង ឈិនសុធី បាន​ឲ្យ​ដឹង​ថា រូប​លោក​ពិត​ជា​ត្រូវ​កម្លាំង​សមត្ថកិច្ច​វាយ​​សំពង​ចំ​ក្បាល នៅ​ក្នុង​សកម្មភាព​បង្ក្រាប​ហ្វូង​បាតុករ ដឹក​នាំ​ដោយ លោក ម៉ម សូណង់ដូ ប្រធាន​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ នៅ​មុខ​ក្រសួង​ព័ត៌មាន ពិត​មែន។ សកម្មភាព​វាយ​សំពង​នេះ សមត្ថកិច្ច​មិន​បាន​ស្តាប់​គាត់​ទេ ទោះ​បី​លោក​បាន​ស្រែក​ថា​ជា​អ្នក​កាសែត​បរទេស​បែប​ណា​ក្តី។

អ្នក​កាសែត​អាជីព​រូប​នេះ​បាន​សំណូមពរ​ដល់​គ្រប់​គណបក្ស​នយោបាយ ជាពិសេស​កម្លាំង​សមត្ថកិច្ច​ចម្រុះ គួរ​មាន​ការ​យោគយល់​ដល់​អ្នក​កាសែត និង​ជួយ​បង្ក​លក្ខណៈ​ឲ្យ​អ្នក​កាសែត​ធ្វើ​សកម្មភាព​ការងារ​ប្រចាំ​ថ្ងៃ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន។ លោក​បន្ត​ថា ជា​អ្នក​កាសែត​អាជីព គឺ​មាន​តួនាទី​នាំ​សារ ដើម្បី​ផ្តល់​ដំណឹង​ពិត​ដល់​សាធារណជន គឺ​មិន​បាន​ចាត់​ទុក​សមត្ថកិច្ច ឬ​ក្រុម​បាតុករ​ជា​សត្រូវ​នោះ​ទេ៖ «យើង​អត់​ប៉ះពាល់​ខាង​ណា​ទេ។ អ៊ីចឹង សូម​ឲ្យ​អាជ្ញាធរ​លោក​យោគយល់ ពីព្រោះ​យើង​ជា​អ្នក​កាសែត​អាជីព គឺ​យើង​មិន​ដែល​ទៅ​ប៉ះពាល់​ខាង​បាតុករ ឬ​ក៏​មិន​បាន​ទៅ​ប៉ះពាល់​ខាង​បាតុករ។ អ៊ីចឹង គ្រាន់​តែ​ស្នើ​ឲ្យ​ពួក​គាត់​ឃើញ​អ្នក​កាសែត គឺ​សូម​ឲ្យ​គាត់​យោគយល់ កុំ​ឲ្យ​ប៉ះពាល់​វាយ​ដំ អ្នក​កាសែត​អី​ត​ទៅ​ទៀត ព្រោះ​ទៅ​ថ្ងៃ​អនាគត​ទៀត យើង​ត្រូវ​ធ្វើ​ការ​ជួប​គ្នា​ជា​រហូត​ហ្នឹង»។

លោក តាំង ឈិនសុធី ថ្លែង​ថា ការងារ​អ្នក​កាសែត​អាជីព គឺ​មាន​សកម្មភាព​ការងារ​ជាប់​ជានិច្ច​ជាមួយ​សមត្ថកិច្ច អ្នក​នយោបាយ សង្គម​ស៊ីវិល ឬ​ក្រុម​បាតុករ​ជា​រហូត។ ដូច្នេះ មិន​គួរ​គប្បី​មាន​ការ​រើសអើង ឬ​មាន​គំនិត​អាក្រក់​ពី​ផ្នែក​ពាក់ព័ន្ធ​ណា​មួយ​ទេ។ លោក​បញ្ជាក់​ថា កន្លង​មក​លោក​ធ្លាប់​ឃើញ​កម្លាំង​សមត្ថកិច្ច​ប្រើ​ហិង្សា​ទៅ​លើ​មិត្តភ័ក្ដិ​រួម​អាជីព​ជាច្រើន​នាក់ ប៉ុន្តែ​​ពេល​នេះ រូប​លោក​ជា​ជន​រងគ្រោះ​មិន​គួរ​នឹង​ស្មាន​ដល់៖ «ពី​មុនៗ​មក​ខ្ញុំ​ឃើញ​គេ​វ៉ៃ​មិត្តភ័ក្ដិ​ខ្ញុំ​ច្រើន​ដែរ​ពី ៣ ទៅ ៤​នាក់​ដែរ តែ​ឥឡូវ​ធ្លាក់​មក​ដល់​រូប​ខ្ញុំ​តែ​ម្តង»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​សមត្ថកិច្ច​ប្រើ​ហិង្សា​មក​លើ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង លោក តាំង ឈិនសុធី បាន​ទេ​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​មករា។

យ៉ាង​ណា​ក៏ដោយ លោក ខេង ទីតូ មន្ត្រី​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មាន​ប្រសាសន៍​ថា កម្លាំង​ចម្រុះ​គ្មាន​ចេតនា​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​កាសែត ឬ​ពលរដ្ឋ​សាមញ្ញ​នោះ​ទេ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ រាល់​សកម្មភាព​របស់​សមត្ថកិច្ច គឺ​មាន​គោលដៅ​បោស​សម្អាត​ក្រុម​បាតុករ​អនាធិបតេយ្យ ដែល​ប៉ុនប៉ង​បង្ក​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ និង​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​តែ​ប៉ុណ្ណោះ៖ «ជា​ការ​ពិត​នៅ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​អនុវត្ត​ភារកិច្ច​តាម​បទ​បញ្ជា ទៅ​តាម​ច្បាប់​នោះ គឺ​មិន​មាន​ចេតនា​ទៅ​បង្ក្រាប​អ្នក​កាសែត ឬ​បង្ក្រាប​ទៅ​លើ​ជន​ស៊ីវិល ដែល​ពុំ​មាន​ការ​តបត ដោយ​មិន​មាន​ប្រើ​អំពើ​ហិង្សា​នោះ​ទេ។ ប៉ុន្តែ នៅ​ពេល​មាន​អំពើ​ហិង្សា ឬ​ក៏​មាន​ភាព​ច្របូកច្របល់ គឺ​កម្លាំង​សមត្ថកិច្ច​ត្រូវ​តែ​មាន​ការ​បោស​សម្អាត ឬ​ធ្វើ​ឲ្យ​ទីតាំង​នោះ​មាន​ស្ថិរភាព មាន​សុវត្ថិភាព ដើម្បី​ទុក​សម្រាប់​ផល​ប្រយោជន៍​សាធារណៈ​មក​វិញ»។

​​បញ្ហា​នេះ​ដែរ សម្រាប់​អ្នក​សារព័ត៌មាន​សេរី ឬ​ភាសា​អង់គ្លេស​ហៅ​ថា ហ្វ្រីលែន (Freelance) លោក តូ ម៉ាតូ ថ្លែង​ថា កន្លង​មក​រូប​លោក​ធ្លាប់​ត្រូវ​រង​ការ​ប្រមាថ​ពី​ក្រុម​បាតុករ ឬ​កង​អង្គរក្ស​ការពារ​ឲ្យ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ក្នុង​អំឡុង​ពេល​ចុះ​យក​ព័ត៌មាន ឬ​ក៏​ថត​រូប​ក្នុង​ព្រឹត្តិការណ៍​ប្រមូល​ផ្តុំ​ផ្សេងៗ។ អ្នក​កាសែត​រូប​នេះ ក៏​បាន​ស្នើ​ដល់​អ្នក​គណបក្ស​នយោបាយ​ទាំង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ជាពិសេស​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​ការ​រើសអើង​ចំពោះ​ការងារ​អ្នក​កាសែត ក្នុង​ពេល​ចុះ​បំពេញ​ការងារ​នៅ​តាម​គោលដៅ​នានា៖ «សុំ​សំណូមពរ​ទៅ​ដល់​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង ក៏​សូម​ឲ្យ​មាន​ការ​គោរព​នូវ​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន ហើយ​ក៏​សូម​សំណូមពរ​ទៅ​ដល់​កម្លាំង​សមត្ថកិច្ច ក៏​ដូច​ជា​រដ្ឋាភិបាល​ហ្នឹង សូម​មេត្តា​ប្រកាស​ឲ្យ​មាន​ការ​គោរព​នូវ​វិជ្ជាជីវៈ​របស់​អ្នក​សារព័ត៌មាន​បាន​ធ្វើ​ការងារ​ឲ្យ​បាន​ពេញលេញ»។

ស្រដៀង​គ្នា​ដែរ សម្រាប់ លោក លី ហន ជា​ភ្នាក់ងារ​ឆ្លង​ឆ្លើយ​ព័ត៌មាន​ឲ្យ​កាសែត​បរទេស​ម្នាក់​ដែរ ក៏​បាន​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ មិន​ថា​តែ​គណបក្ស​ប្រឆាំង ឬ​បក្ស​កាន់​អំណាច​ទេ គឺ​ស្នើ​ឲ្យ​បញ្ឈប់​ការ​រើសអើង ឬ​លាប​ពណ៌​មក​លើ​អ្នក​កាសែត​នា​ថ្ងៃ​អនាគត។ បន្ថែម​លើ​នេះ លោក​បាន​ស្នើ​ដល់​កម្លាំង​ចម្រុះ​រដ្ឋាភិបាល ឬ​ក្រុម​បាតុករ​បក្ស​ប្រឆាំង ក៏​ត្រូវ​បញ្ឈប់​សកម្មភាព​ប្រមាថ ឬ​ប្រើ​អំពើ​ហិង្សា​មក​លើ​អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា ត​ទៅ​ទៀត៖ «ទាំង​សង​ខាង ទាំង​កម្លាំង​បង្ក្រាប ទាំង​កម្លាំង​ទាមទារ យើង​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​ប្រទេស​យើង​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ»។

ទោះ​ជា​បែប​នេះ​ក្តី លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា នៅ​តែ​ចាត់​ទុក​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បច្ចុប្បន្ន រដ្ឋាភិបាល​បាន​បើក​ឲ្យ​មាន​សកម្មភាព​បាន​ទូលំទូលាយ និង​មាន​លក្ខណៈ​ប្រសើរ​គួរ​ឲ្យ​កត់​សម្គាល់៖ «ជាពិសេស​នៅ​លើ​បណ្ដាញ​សង្គម គឺ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ហ្នឹង គឺ​បាន​ប្រសើរ​ជាង​មុន»។

ការ​ប្រើ​អំពើ​ហិង្សា​របស់​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​ទៅ​លើ លោក តាំង ឈិនសុធី ភ្នាក់ងារ​សារព័ត៌មាន​បារាំង អា.អែហ្វ.ប៉េ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មករា នៅ​មុខ​ក្រសួង​ព័ត៌មាន គឺ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ពី​ក្រសួង​ព័ត៌មាន ឬ​ស្ថាប័ន​ពាក់ព័ន្ធ​រដ្ឋ​ណា​មួយ​ជួយ​ឈឺ​ឆ្អាល​ទេ។ ប៉ុន្តែ សម្រាប់​មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​ចាត់​ទុក​សកម្មភាព​ប្រើ​ហិង្សា​របស់​សមត្ថកិច្ច​មក​លើ​អ្នក​កាសែត សកម្មជន​សិទ្ធិ​មនុស្ស និង​ប្រជាពលរដ្ឋ​កន្លង​មក គឺ​ជា​ទង្វើ​ខុស​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ត្រូវ​បញ្ឈប់​ជា​បន្ទាន់៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors