ពលរដ្ឋ​បាត់​ម៉ូតូ​ក្នុង​ថ្ងៃ​ធ្វើ​បាតុកម្ម​ស្វែង​រក​កិច្ច​អន្តរាគមន៍



ម្ចាស់​ម៉ូតូ​និង​រ៉ឺម៉ក​ទេសចរណ៍​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នៃ​ការ​ធ្វើ​បាតុកម្ម មាន​អ្នក​រត់​ម៉ូតូ​ឌុប​ អ្នក​ឈរ​មើល​ហេតុការណ៍ និង​អ្នក​ចូល​រួម​ដោយ​ផ្ទាល់ កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ឲ្យ​ជួយ​រក​ដំណោះស្រាយ​ដល់​ពួក​គេ ខណៈ​ម៉ូតូ និង​រ៉ឺម៉ក​ទេសចរណ៍​មួយ​ចំនួន​ត្រូវ​ម្ចាស់​រក​ឃើញ​នៅ​ក្នុង​សាលា​រាជធានី​ភ្នំពេញ។ការ​បាត់​នេះ ក្នុង​ពេល​ដែល​មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នក​តវ៉ា​ដែល​ដឹកនាំ​ប្រធាន​វិទ្យុ​សំបុកឃ្មុំ ជា​មួយ​នឹង​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​នៅ​មុខ​ក្រសួង​ព័ត៌មាន។
ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ផ្នែក​ផ្លូវ​ច្បាប់​នេះ នៅ​ក្រោយ​ពេល​ដែល​ម៉ូតូ និង​រ៉ឺម៉ក​ទេសចរណ៍​របស់​ពួក​គេ​បាន​បាត់​ភ្លាមៗ ក្រោយ​ពី​មាន​ផ្ទុះ​អំពើ​ហិង្សា​នៅ​មុខ​ក្រសួង​ព័ត៌មាន ខណៈ​មាន​ការ​បាញ់​ផ្សែង​ពុល​ពី​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​ប្រឆាំង​ក្រុម​អ្នក​តវ៉ា ដែល​ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន ផ្ដល់​ហ្វ្រេកង់ស៍​វិទ្យុ​ផ្សាយ​បន្ត​តាម​ខេត្ត និង​ទូរទស្សន៍ ម៉ម សុណង់ដូ។

រស់​នៅ​រាជធានី​ភ្នំពេញ និង​មាន​មុខរបរ​ជា​គ្រូ​បង្រៀន​នៅ​អនុវិទ្យាល័យ​មួយ​ផង ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល លោក សយ សុខា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ មករា ថា នៅ​គ្រា​លោក​កំពុង​រត់​ម៉ូតូ​ឌុប​ជិត​ទីតាំង​កើត​ហេតុ ដែល​ជា​ពេលវេលា​សល់​ពី​ម៉ោង​ការងារ​ជា​គ្រូ​បង្រៀន លោក​បាន​មើល​ការ​ធ្វើ​បាតុកម្ម ហើយ​ចត​ម៉ូតូ​ក្បែរ​នោះ។ លោក​បន្ត​ថា ភ្លាមៗ​ដោយ​ការ​បាញ់​ផ្សែង​ពុល និង​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ប្រឆាំង​ក្រុម​អ្នក​តវ៉ា ដោយ​ការ​ភ័យ​ខ្លាច លោក​បាន​រត់​ចោល​ម៉ូតូ។

លោក សយ សុខា ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​លោក​ត្រឡប់​មក​វិញ ម៉ូតូ​ក៏​បាត់​តែ​ម្ដង។ ក្រោយ​ពី​បាត់ លោក​បាន​រក​ឃើញ​ម៉ូតូ​របស់​លោក ត្រូវ​បាន​គេ​រក្សា​ទុក​នៅ​ក្នុង​សាលា​រាជធានី​ភ្នំពេញ។ ហេតុ​នេះ​លោក​សូម​អំពាវនាវ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ផ្ដល់​ម៉ូតូ​ឲ្យ​លោក​វិញ ដើម្បី​អាច​មាន​លទ្ធភាព​ប្រកប​របរ​ចិញ្ចឹម​ជីវិត។

ចំណែក​លោក គង់ សុវណ្ណធី អតីត​អ្នក​បុរីកីឡា និង​ជា​សមាជិក​របស់​សមាគម​អ្នក​ប្រជាធិបតេយ្យ​ដែល​ម៉ូតូ​បាន​បាត់​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ ថ្លែង​ថា គិត​មក​ដល់​ពេល​នេះ ម៉ូតូ​របស់​លោក​ប្រភេទ​ឆាលី ដែល​បាន​បាត់​ក្នុង​ហេតុការណ៍​បង្ក្រាប​នៅ​មុខ​ក្រសួង​ព័ត៌មាន នៅ​មិន​ទាន់​រក​​ឃើញ​នៅ​ឡើយ​ទេ ទាំង​នៅ​ស្នងការ និង​សាលា​រាជធានី​ភ្នំពេញ។ លោក​បន្ត​ថា ហេតុ​នេះ​លោក​អំពាវនាវ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ផ្ដល់​មធ្យោបាយ​ណា​មួយ​ដើម្បី​អាច​ឲ្យ​លោក​មាន​លទ្ធភាព​ប្រកប​ការងារ​ដូច​មុន។

ឆ្លើយ​តប​បញ្ហា​នេះ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា មាន​ម៉ូតូ ព្រម​ទាំង​រ៉ឺម៉ក​ទេសចរណ៍​មួយ​ចំនួន​ផង កំពុង​រក្សា​ទុក​នៅ​សាលា​រាជធានី​ភ្នំពេញ។ លោក​បន្ត​ថា ហេតុ​នេះ បើ​ម្ចាស់​ម៉ូតូ និង​រ៉ឺម៉ក​ទេសចរណ៍​ចង់​បាន គប្បី​ដាក់​លិខិត​ពាក់ព័ន្ធ​ដើម្បី​ផ្ទៀងផ្ទាត់ នោះ​នឹង​អាច​ដក​ហូត​យក​ទៅ​វិញ​បាន។

លោក អំ សំអាត មន្ត្រី​បច្ចេកទេស​ស៊ើប​អង្កេត​អង្គការ​លីកាដូ មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​ទើប​ទទួល​បាន​លិខិត​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​ម្ចាស់​ម៉ូតូ​មួយ​ចំនួន​នៅ​ឡើយ​នៅ​ពេល​នេះ។ លោក​បន្ត​ថា ក្រោយ​ពី​ពិនិត្យ​សំណើ​នៃ​កិច្ច​អន្តរាគមន៍​របស់​ម្ចាស់​ម៉ូតូ​រួច​ហើយ នឹង​ពិចារណា​​ជា​មុន​សិន​អំពី​លទ្ធភាព​ក្នុង​ការ​ជួយ ព្រោះ​ថា​សំណើ​សុំ​នេះ​ដាក់​មក​មាន​រយៈពេល​ខ្លី ដែល​ពិបាក​ក្នុង​ការ​ឆ្លើយ​តប​ភ្លាមៗ។ ទោះ​ជា​បែប​ណា​លោក​ចាត់​ទុក​ថា ផ្អែក​តាម​ក្របខ័ណ្ឌ​ច្បាប់ ម្ចាស់​កម្មសិទ្ធិ​ត្រូវ​ទទួល​បាន​មក​វិញ ព្រោះ​ថា ទ្រព្យ​សម្បត្តិ​ទាំង​នេះ​ពុំ​មែន​ជា​របស់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នោះ​ទេ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់​ថា មាន​ម៉ូតូ​និង​រ៉ឺម៉ក​ទេសចរណ៍​ប្រមាណ​ជាង ១០​គ្រឿង កំពុង​រក្សា​ទុក​នៅ​ក្នុង​សាលា​រាជធានី​ភ្នំពេញ ក្រោយ​ពី​ប្រមូល​បាន​ក្នុង​ហេតុការណ៍​ផ្ទុះ​ការ​បង្ក្រាប​ដោយ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​២៧ មករា នៅ​មុខ​ក្រសួង​ព័ត៌មាន៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors