បងប្រុសឈ្មោះ សុវណ្ណ ជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានអះអាងថា តាមការពិនិត្យជាក់ស្តែងចំពោះខ្សែភ្លើងនៅតាមដងផ្លូវសាធារណៈក្នុងក្រុងសៀមរាប មានភាពរញ៉េរញ៉ៃខ្លាំងណាស់ ទាំងនៅតាមបណ្តោយផ្លូវ និង ទាំងឆ្លងកាត់ផ្លូវ ដែលបញ្ហានេះ បណ្តាលមកពីការធ្វេសប្រហែសរបស់អង្គភាពអគ្គិសនីខេត្ត ដែលមិនបានយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យឲ្យបានដិតដល់។
(សំឡេង បងប្រុស សុវណ្ណ)
បងប្រុសបានបញ្ជាក់ទៀតថា បញ្ហានេះបានកើតឡើងជាយូរឆ្នាំណាស់មកហើយ ហើយប្រជាពលរដ្ឋ ដែលរស់នៅតាមចំណុចទាំងអស់នោះ បានសម្តែងនូវការព្រួយបារម្ភជាខ្លាំងអំពីសុវត្ថិភាពផ្ទាល់ខ្លួន រួមទាំងលំនៅដ្ឋាន និងទ្រព្យសម្បត្តិ ក្នុងខណៈពេល ដែលមានការទុស្សេខ្សែភ្លើង ជាយថាហេតុណាមួយ។
(សំឡេង បងប្រុស សុវណ្ណ)
បងប្រុសម្នាក់ទៀតឈ្មោះ ម៉ាប់ ជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបដែរនោះ បានឲ្យដឹងថា ចំពោះស្ថានភាពខ្សែភ្លើងនៅតាមដងផ្លូវសាធារណៈក្នុងក្រុង ពិតជាគ្មានការរៀបចំឲ្យមានសណ្តាប់ធ្នាប់ប្រាកដមែន ហើយក្រៅពីការព្រួយបារម្ភលើការទុស្សេ វាក៏បានធ្វើឲ្យប៉ះពាល់ដល់សោភណភាពរបស់ក្រុងទៀតផង ដូច្នេះអាជ្ញាធរគួរតែយកចិត្តទុកដាក់លើបញ្ហានេះ។
(សំឡេង បងប្រុស ម៉ាប់)
ពាក់ព័ន្ធនឹងបញ្ហានេះ Radio Australia មិនអាចធ្វើការទំនាក់ទំនងសុំការបញ្ជាក់បកស្រាយពីអង្គភាពអគ្គិសនីខេត្តសៀមរាបបានទេតាមទូរស័ព្ទកាលពីព្រឹកមិញនេះ។
ជាមួយនឹងបញ្ហានេះដែរ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំមួយកាលពីពេលថ្មីៗកន្លងទៅនេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានទទួលស្គាល់ថា ខ្សែភ្លើងនៅតាមដងផ្លូវសាធារណៈក្នុងក្រុង ពិតជាគ្មានសណ្តាប់ធ្នាប់ប្រាកដមែន។
(សំឡេង លោក ឃឹម ប៊ុនសុង)
លោកក៏បានសន្យាថា នឹងក្រើនរំលឹកណែនាំដល់អង្គភាពអគ្គិសនី និង ក្រុមហ៊ុនខ្សែកាប្លិ៍ទាំងអស់ ឲ្យធ្វើការរៀបចំឲ្យមានសណ្តាប់ធ្នាប់ឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ៕