ពលរដ្ឋ​ខេត្ត​សៀម​រាប​រិះ​គន់​អង្គ​ភាព​អគ្គិសនីចំពោះ​ខ្សែ​បណ្តាញ​តាម​ដង​ផ្លូវ



Siem reap_LivSan
ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​សៀម​រាប បាន​ធ្វើ​ការ​រិះ​គន់​ដល់​អង្គភាព​អគ្គិសនី​ខេត្ត អំពី​ការ​ធ្វេស​ប្រ​ហែស និង​មិន​បាន​យកចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀប​ចំ​ខ្សែ​ភ្លើង​នៅ​តាម​ដង​ផ្លូវ​​សាធារណៈ ឲ្យ​មាន​សណ្តាប់​ធ្នាប់ និង មាន​របៀប​រៀប​រយ ហើយ​ព្រួយ​បារម្ភ​លើ​ការ​ទុស្សេ​ ដែល​អាច​នឹង​ប៉ះ​ពាល់​​ដល់​លំនៅ​ដ្ឋាន និង ទ្រព្យ​សម្បត្តិ​ពួក​គាត់។
បង​ប្រុស​​​ឈ្មោះ សុវណ្ណ ជា​ប្រ​ជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ក្រុង​សៀម​រាប បាន​អះ​អាង​ថា តាម​ការ​ពិនិត្យ​​ជាក់​ស្តែង​​ចំពោះ​ខ្សែ​ភ្លើង​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​ក្នុង​ក្រុងសៀម​រាប មាន​ភាព​រញ៉េរញ៉ៃ​​ខ្លាំង​ណាស់ ទាំង​នៅ​តាម​បណ្តោយ​ផ្លូវ និង ទាំង​ឆ្លង​កាត់​ផ្លូវ ដែល​បញ្ហា​នេះ បណ្តាល​មកពី​ការ​ធ្វេស​ប្រហែស​របស់​អង្គភាព​អគ្គិសនី​ខេត្ត ដែល​មិន​បាន​យកចិត្ត​ទុក​ដាក់​ក្នុង​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់។

(សំ​ឡេង បង​ប្រុស​ សុវណ្ណ)

បង​ប្រុស​បាន​បញ្ជាក់​ទៀត​ថា បញ្ហា​នេះ​បាន​កើត​ឡើង​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ ហើយ​ប្រជាពល​រដ្ឋ​ ដែល​រស់​នៅ​តាម​ចំណុច​ទាំង​អស់​នោះ បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន រួម​ទាំង​លំនៅ​ដ្ឋាន​ និង​ទ្រព្យ​សម្បត្តិ ក្នុង​ខណៈ​ពេល ​ដែល​មាន​ការ​ទុស្សេ​ខ្សែ​ភ្លើង ជា​យថាហេតុ​ណា​មួយ។

(សំ​ឡេង បង​ប្រុស​ សុវណ្ណ)

បងប្រុស​ម្នាក់​ទៀត​ឈ្មោះ ម៉ាប់ ជា​ប្រ​ជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ក្រុង​សៀម​រាបដែរ​នោះ បាន​ឲ្យ​ដឹង​ថា ចំពោះ​ស្ថាន​ភាព​ខ្សែ​ភ្លើង​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង ពិត​ជាគ្មាន​ការ​រៀប​ចំ​ឲ្យ​មាន​សណ្តាប់​​ធ្នាប់​ប្រាកដ​មែន​ ហើយ​ក្រៅ​ពី​ការ​ព្រួយ​បារម្ភ​លើ​ការ​​ទុស្សេ វា​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សោភណ​ភាព​របស់​ក្រុង​ទៀត​ផង ដូច្នេះ​អាជ្ញាធរ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ។

(សំ​ឡេង បងប្រុស​ ម៉ាប់)

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ Radio Australia ​មិន​អាច​ធ្វើ​ការ​ទំនាក់​ទំនង​សុំ​ការ​បញ្ជាក់​បក​ស្រាយពី​អង្គភាព​​អគ្គិសនី​​ខេត្ត​សៀម​រាប​បាន​ទេ​​តាម​ទូរស័ព្ទ​កាល​ពី​ព្រឹក​​មិញ​នេះ។

ជា​មួយ​នឹង​បញ្ហា​នេះ​ដែរ មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ពេលថ្មី​ៗ​កន្លង​ទៅ​នេះ លោក ឃឹម ប៊ុនសុង អភិបាល​ខេត្ត​សៀម​រាប បាន​ទទួល​ស្គាល់ថា ខ្សែ​ភ្លើង​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង ពិត​ជាគ្មាន​សណ្តាប់​ធ្នាប់​ប្រាកដ​មែន។

(សំឡេង លោក ឃឹម ប៊ុនសុង)

លោក​ក៏​បាន​សន្យាថា នឹងក្រើន​រំលឹកណែនាំដល់​អង្គភាព​អគ្គិសនី និង ក្រុមហ៊ុន​ខ្សែ​កាប្លិ៍ទាំង​អស់​ ឲ្យ​ធ្វើ​ការ​​រៀប​ចំ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ឡើង​វិញ ក្នុង​ពេលឆាប់ៗ​ខាង​មុខ​នេះ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors