Pages

Thursday, January 30, 2014

កិច្ចប្រជុំ​ក្រុងហ្សឺណែវ៖​ក្រុមប្រឆាំង​និង​រដ្ឋាភិបាល​ស៊ីរី​ព្រមព្រៀង​ពិភាក្សាគ្នា​ ពី​នយោបាយ​អន្តរកាល​

លោក Faisal Mekdad អនុរដ្ឋមន្ត្រី​ការបរទេស​ស៊ីរី ក្នុង​ឱកាស​កិច្ចប្រជុំ​​ក្រុងហ្សឺណែវលើកទី២ ថ្ងៃ២៤មករា ឆ្នាំ២០១៤។
ដោយ ព្រំ សឿន សូលីណា
នៅ​ក្រុងហ្សឺណៃវ ប្រទេស​ស្វ៊ីស ​កិច្ចចរចា​ស្វែង​រកដំណោះស្រាយ​សន្តិភាព​​អោយ​​ស៊ីរី រវាង​រដ្ឋាភិបាល​ស៊ីរី​និង​ក្រុមប្រឆាំង​ បាន​បន្តធ្វើ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោម​វត្តមាន​របស់​លោក ឡាក់ដា ប្រាហ៊ីមី ជា​បេសកជន​អង្គការ​សហប្រជាជាតិ។កិច្ចព្រមព្រៀង​មាន​ការ​លូតលាស់​ទៅមុខ​បន្តិច។ ក្រុម​ប្រឆាំង​ស៊ីរី និង​រដ្ឋាភិបាល​លោក​អាសាដ បាន​​ព្រមព្រៀង​គ្នា ពិភាក្សា​គ្នា​ស្តីពី​​​នយោបាយ​អន្តរកាល​នៅ​ស៊ីរី។
គួររំលឹក​ថា ក្នុង​កិច្ចប្រជុំស្វែង​រក​ដំណោះស្រាយ​វិបត្តិ​ស៊ីរី នៅ​ទី​ក្រុងហ្សឺណែវ​លើកទី២​ពេលនេះ​ នយោបាយ​អន្តរកាល​ស៊ីរី ដែល​រដ្ឋាភិបាល​​លោកអាសាដ យល់ព្រម​លើកយក​​​មក​​ពិភាក្សា​ជាមួយ​ក្រុមប្រឆាំង​ស៊ីរីនោះ​​​ គឺស្របតាម​សេចក្តី​ប្រកាស ​​ក្នុង​កិច្ចប្រជុំ​​ក្រុងហ្សឺណែវ​លើកទី១ ​កាលពី​ខែ​មិថុនា ឆ្នាំ២០១២។ គឺ​ជា​សេចក្តីប្រកាស​​​តាក់តែង​ឡើង​ដោយ​ប្រទេស​មហាអំណាច​ជាច្រើន។ កាលពីថ្ងៃ​ចន្ទ​ បេសកជន​​អង្គកា​រ​សហប្រជាជាតិ​ លោក​ឡាក់ដា​ ប្រាហ៊ីមី បាន​សំណូមពរ​អោយ​ភាគី​ទាំង២​នៃ​កិច្ចចរចា​​ បង្ហាញ​ពី​ការ​យល់ឃើញ​របស់ខ្លួន លើ​កិច្ចប្រជុំ​​ក្រុងហ្សឺណែវ​ លើកទី១​នោះ។

គួរបញ្ជាក់ថា នេះជា​លើកទី១ហើយ​​ ដែល​រដ្ឋាភិបាល​ស៊ីរី​និង​ក្រុមប្រឆាំង​បាន​ជួបចរចា​គ្នា គិតចាប់​ពី​ស៊ីរីធ្លាក់​ក្នុង​សង្គ្រាម​រ៉ាំរ៉ៃ ជិត​៣ឆ្នាំមកនេះ។ សង្គ្រាម​ស៊ីរី​បានសម្លាប់​មនុស្ស​ជាង​១សែន៣ម៉ឺននាក់​មកហើយ។

ក្នុង​កិច្ចពិភាក្សា​ រដ្ឋាភិបាល​ក្រុងដាម៉ាស និង​ក្រុមប្រឆាំង ​នៅ​​មិនទាន់​​ចុះសម្រុង​គ្នា​ស្រួលបួល​នោះទេ។ ក្រុមប្រឆាំង​ស៊ីរីចង់​អោយ​ផ្តោត​ការ​ចរចា​លើ​ការបង្កើត​រដ្ឋាភិបាល​អន្តរកាល​ជាមុន​សិន ដើម្បីអោយ​ការចរចា​​ស្របតាម​សេចក្តីសម្រេច​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ លេខ​២១១៨។ ប៉ុន្តែ ​​រដ្ឋអំណាច​ស៊ីរី​​ថ្វី​បើ​បាន​​យល់ព្រម​​ចរចា​​ពីនយោបាយ​អន្តរកាល​ក្តី ក៏បាន​លើកទៅវិញ​ថា​ ​កិច្ចចរចា​ចំណុច​ដំបូង ​ស្របតាម​សេចក្តី​ប្រកាស​ក្នុង​កិច្ចប្រជុំ​ក្រុងហ្សឺណែវ​លើកទី១ គឺ​ត្រូវ​​ផ្តល់អាទិភាព​លើ​​​ការបញ្ចប់​អំពើហិង្សា​នៅ​ស៊ីរី និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើភេរវកម្ម។ រដ្ឋាភិបាល​លោក​អាសាដ តែង​ចោទ​ថា ក្រុមឧទ្ទាម​មាន​ពាក់ព័ន្ធ​ជាមួយ​ក្រុមភេរវជន ហើយ​ត្រូវបាន​ប្រទេស​លោក​ខាងលិច​ជួយឧបត្ថម្ភ​ទៀតផង។

ទោះ​ជា​កិច្ចពិភាក្សា​រវាង​​ក្រុមប្រឆាំង​ស៊ីរី និង​រដ្ឋាភិបាល​លោក​អាសាដ​ ​ហាក់បាន​ចម្រើន​ទៅមុខ​បន្តិច​ក្តី បេសកជន​​​អង្គការ​សហប្រជាជាតិ​ប្រាហ៊ីមី ​​ គិតថា នឹង​គ្មាន​ការ​សម្រេច​អ្វីពិសេស​ កើតឡើង ពេល​​កិច្ចពិភាក្សា​ជុំទី១​ ត្រូវ​បញ្ចប់ នៅថ្ងៃ​សុក្រ​ស្អែកនេះទេ។ ប៉ុន្តែ លោក​សង្ឃឹម​ថា ការពិភាក្សា​អាច​ផ្តល់​ផ្លែផ្កា នៅជុំទី២។ កិច្ច​ពិភាក្សា​ជុំទី២ អាច​ចាប់​បន្តធ្វើ​​នៅ​សប្តាហ៍​ក្រោយ។

ដោយឡែក ​ទាក់ទង​នឹង​​ការកំចាត់​អាវុធគីមី​វិញ រហូត​​ដល់ពេលនេះ ស៊ីរី​ដឹក​អាវុធគីមី​​គ្រោះថ្នាក់​បំផុត​ចេញពីទឹកដី​ខ្លួន​​ បាន​តិច​ជាង​៥ភាគរយ​ប៉ុណ្ណោះ។ នេះបើយោង​តាម​​ប្រភព​ជិតដិត​នឹង​អង្គការ​ហាមឃាត់អាវុធ​គីមី នៅថ្ងៃ​ពុធ​ម្សិលមិញ៕