Pages

Monday, January 27, 2014

អាមេរិក​ចង់​ក្តោបក្តាប់​ទីផ្សារ​អាហ្វ្រិក​

ស្ថានីយ​បូមប្រេង​ Kaduna នៅប្រទេស​ Nigeria​
ដោយ ព្រំ សឿន សូលីណា
ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា បានអញ្ជើញ​មេដឹកនាំ​​​ប្រទេស​អាហ្វ្រិ​កចំនួន​៤៧ អោយចូលរួម​ក្នុង​ជំនួប​កំពូលសហរដ្ឋ​​អាមេរិក-អាហ្វ្រិក​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ថ្ងៃ​ទី៥និងទី៦ សីហា ឆ្នាំ២០១៤ខាងមុខ​នេះ។ អាមេរិក​​​បាន​បង្កើត​អោយ​មាន​កិច្ចជំនួប​កំពូលរវាង​មេដឹកនាំ​ខ្លួន​​​ជាមួយអាហ្វ្រិក​ អោយ​បាន​ដូចជា​​បណ្តាប្រទេស​ធំៗ​ដទៃទៀតដែរ បែបយ៉ាង ចិន ជប៉ុន រឺក៏​បារាំង​ ដែលតែងតែ​ជួប និង​ចែចង់​បណ្តាប្រទេស​អាហ្វ្រិក ដើម្បីទាញ​យក​ផល​​ប្រយោជន៍​សេដ្ឋកិច្ច។
នៅក្រុងវ៉ាស៊ីនតោន ក្នុង​ខែ​សីហា​ខាងមុខ​នេះ សហរដ្ឋអាមេរិកនឹង​រៀបចំ​​ជំនួប​កំពូល​​ផ្ទាល់​រវាង​មេដឹកនាំ​​ខ្លួន​ ជាមួយ​មេដឹកនាំ​បណ្តាប្រទេស​អាហ្វ្រិក​នានា។ កន្លងមក​ ​​ប្រទេស​ធំៗ​ដទៃទៀត​ បែបយ៉ាង​បារាំង តួកគី ចិន ជប៉ុន​ រឺក៏​ឥណ្ឌា ធ្លាប់​មាន​ជំនួប​កំពូលទៀងទាត់ ​ជាមួយ​បណ្តាប្រទេស​អាហ្វ្រិករួចមកហើយ។ ដូច្នេះ ​អាមេរិក​មិនអាច​ប្រហែស​ខ្លួន អោយប្រទេស​ទាំងនេះ​​ ចែចង់​ដណ្តើម​យក​ទីផ្សារ​​អាហ្វ្រិក​​បានស្រួល​ទៀតឡើយ។ ក្រុង​វ៉ាស៊ីនតោន​ កំពុង​រកមធ្យោបាយ​​​ធ្វើយ៉ាងណា អាច​ក្តោបក្តាប់​ទីផ្សារនៅ​ទ្វីប​អាហ្វ្រិក បន្ត​ប្រជែងជាមួយ​​ប្រទេស​ទាំងអស់នេះ។
ក្រុងវ៉ាស៊ីនតោន​ដឹងច្បាស់​ថា អាហ្វ្រិក​ជា​ទីកន្លែង​ ជាព្រំដែន​ចុងក្រោយគេ​ ក្នុង​​ដំណើរការ​អភិវឌ្ឍន៍​ពិភពលោក។ ក្នុង​ចំណោម​ប្រទេស​៩ ដែលជួបកំណើន​ក្នុង​ពិភពលោក ប្រទេស​ចំនួន៥ ជា​ប្រទេស​អាហ្វ្រិក។ មហាអំណាច​អាស៊ី ដូចជា​ចិន ជប៉ុន រឺក៏ឥណ្ឌា រឺក៏​មហាអំណាច​​ អឺរ៉ុបបែបយ៉ាង​ប្រទេស​បារាំង​ កំពុង​តែ​ស្វែងរក​ផលចំណេញ​នៅអាហ្វ្រិក គួរអោយកត់​សម្គាល់។ បារាំង​មានអាទិភាព​នៅអាហ្វ្រិក ដោយសារ​តែ​ជាប់​ប្រវត្តិ​ទំនាក់ទំនង​​យូរលង់​ជាមួយ​អាហ្វ្រិក ប៉ុន្តែ ចិន​បានចូល​មក​ប្រជែង​​​​វាយលុក​ទីផ្សារ​អាហ្វ្រិក។ តែ​ជាង១០ឆ្នាំ​ប៉ុណ្ណោះ ចិន​បាន​ធ្វើអោយ​បារាំង​​បាត់បង់​ចំណែក​ទីផ្សារ​​​ខ្លួន​ដល់ទៅ​ពាក់កណ្តាល។ ទំនាក់ទំនង​ពាណិជ្ជកម្ម ​ទ្វេភាគី ចិន-អាហ្វ្រិក បានកើន​សន្ធឹកសន្ធាប់ ​ពី​១០ពាន់លានដុល្លារ ក្នុង​ឆ្នាំ២០០០ ដល់​ជាង១៦០ពាន់លានដុល្លារ ក្នុង​ឆ្នាំ២០១១។ ចិន​បាន​វ៉ាដាច់​​អាមេរិក ក្នុង​ផ្នែកពាណិជ្ជកម្ម​នៅអាហ្វ្រិក​ តាំងតែ​ពីឆ្នាំ​២០០៩​ម្ល៉េះ។​

ដូច្នេះ ចិន​​ជាគូប្រជែង​គ្រប់ផ្នែក​សម្រាប់អាមេរិក​នោះ រឹតតែ​ធ្វើអោយ​អាមេរិក​បារម្ភខ្លាំង។ អាមេរិក​មិនអាចប្រហែស​​បានឡើយ។ ចិន​​ដណ្តើម​ទីផ្សារ​នៅ​អាហ្វ្រិក​បានស្រួល​​ជាង​អាមេរិក ត្រង់ថា ចិន​មិនរវល់​នឹងរឿងរ៉ាវ​នយោបាយ​ផ្ទៃក្នុង​អាហ្វ្រិក​នោះទេ។

រដ្ឋាភិបាល​ចិន​ធ្លាប់​ប្រកាស​មិនលូកលាន់​កិច្ចការ​ផ្ទៃក្នុង​អាហ្វ្រិក ខុស​ពី​​រដ្ឋាភិបាល​អាមេរិក​ដែល​​តែងទាមទារ​អោយ​មេដឹកនាំ​អាហ្វ្រិក​បង្ហាញ​តម្លាភាព​ក្នុង​ការគ្រប់គ្រង​ប្រទេស បែបយ៉ាង​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ ការ​ប្រយុទ្ធ​អំពើពុករលួយជាដើម។ ដូច្នេះ ប្រាកដណាស់ថា ទំនាក់ទំនង​រវាង​អាមេរិក​និង​អាហ្វ្រិក​ ជួបនឹងភាព​តានតឹង​ចៀសមិនរួច ខុសពី​ចិន​ដែល​ប្រើ​ក្បួន ក្តៅស៊ីរាក់ ត្រជាក់​ស៊ីជ្រៅ។ ដោយឡែក ចំពោះ​ផ្នែក​នយោបាយ ចិន​មានភាព​ឆ្លាតវៃ​​។ ចិន​ធ្លាប់​​បញ្ជូន​ទ័ពខ្លួន​ទៅជួយ​ម៉ាលី ក្នុង​​ក្របខណ្ឌ​បេសកកម្ម​អង្គការ​សហប្រជាជាតិ​ ពង្រឹង​ស្ថិរភាព​សន្តិសុខ​ទីនោះ។ ដូច្នេះ ចិន​បានពង្រឹង​ឥទ្ធិពល​នយោបាយ​ខ្លួន នៅ​អាហ្វ្រិ​កផងដែរ ក្នុង​នាម​ជាអ្នកជួយ​ការពារ​សន្តិសុខ​អាហ្វ្រិក។ ​រីឯ​​អាមេរិក​​ធ្លាប់​បាន​បង្ហាញ​ពី​បំណងល្អ ចង់​អោយ​អាហ្វ្រិក​ជួបកំណើន តាមរយៈ​ទំនាក់ទំនង​វិនិយោគ ពាណិជ្ជកម្ម​រវាង​ខ្លួន ជាមួយ​​អាហ្វ្រិក។ ប៉ុន្តែ ​អាមេរិក​ហាក់​នៅញញើតញញើម​ក្នុង​ការ​​សន្យា​ជួយ​ការពារ​សន្តិសុខ​អាហ្វ្រិក ប្រឈម​នឹងការគំរាម​ពីសំណាក់​​ក្រុមឧទ្ទាម​អាល់កៃដា​។ ក្រុងវ៉ាស៊ីនតោន​ធ្លាប់​លើកឡើងថា មានតែ​រដ្ឋាភិបាល​និង​ប្រជាជន​អាហ្វ្រិក​ផ្ទាល់​ប៉ុណ្ណោះ ដែល​អាច​ដោះស្រាយ​រឿង​​សុវត្ថិភាព​សន្តិសុខ​នេះបាន។

នៅពេលនេះ​ ចិន​និង​ប្រទេស​ធំៗ​ជាច្រើន​ទៀត ដូចជា​បារាំង តួកគី ឥណ្ឌា ជប៉ុន កំពុង​​​ឈានមុខ​​ក្នុង​ទីផ្សារ​នៅអាហ្វ្រិក។ ដូច្នេះ អាមេរិក​មិនអាច​បន្ត​​នយោបាយ​តានតឹង​ជាមួយ​អាហ្វ្រិក​​ទៀតបាន​ឡើយ។ ​ដើម្បី​សំរួល​ភាពតានតឹង​នេះ​  លោកអូបាម៉ា​​ធ្លាប់​បានប្រកាស​ កន្លងមក​ថា គ្មានសង្គ្រាម​ត្រជាក់​កំពុង​កើតឡើង នៅអាហ្វ្រិក​នោះទេ។ ​ តាមរយៈ​ការរៀបចំ​អោយ​មានកិច្ចជំនួបកំពូល​ជាមួយ​​អាហ្វ្រិក ​នៅខែសីហា​ខាងមុខ​​ អាមេរិក​បានបន្ទន់​ជំហរ​ខ្លួន និង​បង្ហាញ​ការ​ខិតខំ​ជំរុញ​​​ទំនាក់ទំនង​​​ អោយ​បាន​ស្អិតរមួត​ជាមួយ​​បណ្តាប្រទេស​អាហ្វ្រិក។ ហើយជំនួប​កំពូល​​នេះ ក៏​ជា​ឱកាស​អោយអាមេរិក​​សន្យា​ការពារ​សន្តិសុខ​​ជួយអាហ្វ្រិក​អោយ​បាន​​ទូលំទូលាយ ច្បាស់លាស់​​ជាងមុន​ផងដែរ។

ដោយឡែក មេ​ដឹកនាំ​អាហ្វ្រិក​​មិនបាន​​ឆោតល្ងង់​ ​​​ចាញ់ពាក្យសំដី​ផ្អែមល្ហែម​របស់​អាមេរិក​នោះទេ។​ បណ្តា​ប្រទេស​​​អាហ្វ្រិក​ដឹងច្បាស់​ណាស់ថា អាមេរិក​ ក៏ដូច​ជា​អ្នកចែចង់​ខ្លួន​ផ្សេងៗ​​ដែរ គឺសុទ្ធតែ​ចង់បាន​ប្រយោជន៍​ទាំងអស់ ព្រោះថា អាហ្វ្រិក​សំបូរ​​​វត្ថុធាតុដើម ដូចជា​ប្រេង រ៉ែ ឧស្ម័នធម្មជាតិ មាស រឺក៏​ត្បូងថ្ម​មានតម្លៃ​ផ្សេងៗ។

ពេលនេះ អាហ្វ្រិក​ចង់អោយ​​ការវិនិយោគ​របស់​អាមេរិក ក៏ដូច​ជា​ការវិនិយោគ​របស់​ប្រទេស​ដទៃទៀត​​​ ត្រូវ​ធ្វើយ៉ាងណា​​​ផ្តល់​ផលប្រយោជន៍​​ផ្ទាល់​ដល់​ប្រជាជន​អាហ្វ្រិក តាមរយៈ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៏​ ដែល​ចេញមក​ពី​គំនិត​​​​​អាហ្វ្រិកផ្ទាល់​តែម្តង។ អាហ្វ្រិក​ចង់អោយ​អាមេរិក​ជួយខ្លួន​ក្នុង​ផ្នែកកសិកម្ម ព្រោះ​អាមេរិក​មានបទពិសោធន៍​ផ្នែកនេះ ហើយ​អាហ្វ្រិក​ក៏​នៅ​មាន​​ដី​ខ្លះ ​នៅ​មានជីជាតិ​ សម្រាប់ធ្វើ​​កសិកម្មដែរ​។ ​លើសពីនេះ អាហ្វ្រិក​ចង់​នាំចេញផលិតផល​ច្រើន​ផ្សេងទៀត ទៅសហរដ្ឋ​​អាមេរិក​។ ដូច្នេះ អាហ្វ្រិក​ចង់អោយ​យុទ្ធសាស្ត្រ​ចែចង់​​របស់​អាមេរិក​ក្នុង​ទិសដៅ​វិនិយោគ​ ពាណិជ្ជកម្ម​នោះ ​ផ្តល់​ផលចំណេញ​​ដូច​គ្នាដល់​សេដ្ឋកិច្ច​អាហ្វ្រិក៕