
សារនយោបាយដ៏សំខាន់របស់ប្រជារាស្ត្រខ្មែរទូទៅ គឺបានទាមទារឲ្យកោះហៅជនដៃដល់និងអ្នកបញ្ជាឲ្យមានការបាញ់រះទៅលើប្រជាពលរដ្ឋស្លូតត្រង់ក្នុងហេតុការណ៍បង្ក្រាបដោយហិង្សា នៅតាមផ្លូវវេងស្រេង កាលពីថ្ងៃទី០៣ ខែមករា កន្លងទៅនេះព្រោះមានឯកសារភស្តុតាងជាច្រើនបង្ហាញអំពីសកម្មភាពធ្វើ
ទារុណកម្មទៅលើប្រជារាស្ត្រស្លូតត្រង់ សូម្បីតែនៅលើដំបូលផ្ទះក៏មានកម្លាំងប្រដាប់អាវុធបាញ់ស៊ីបមកលើប្រជារាស្ត្រស្លូតត្រង់ និងចាប់ប្រជាពលរដ្ឋពីក្នុងលំនៅដ្ឋានមកធ្វើទារុណកម្មវាយទាត់ធាក់ យកដុំថ្មគប់ក្បាលមើលទៅសាហាវព្រៃផ្សៃ និងអមនុស្សធម៌ខ្លាំងណាស់។ ប៉ុន្តែមកដល់ម៉ោងនេះ ស្ថាប័នតុលាការនៅក្នុងប្រទេសកម្ពុជា មិនបានកោះហៅជនដៃដល់ និងអ្នកបញ្ជាពីក្រោយខ្នងទាក់ទងនឹងការបាញ់សម្លាប់ប្រជាពលរដ្ឋចំនួន៦នាក់ និងរងរបួសធ្ងន់ស្រាលជាង៤០នាក់នោះទេ បើទោះបីជាចរន្តថ្កោលទោសនៅក្រៅប្រទេសកាន់តែផុសផុលខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងណាក៏ដោយ។
សមាជិកគ្រួសារជនរងគ្រោះដែលត្រូវបានសម្លាប់និងមួយចំនួនទៀតត្រូវបានបាត់ខ្លួន បាននាំគ្នាដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរនិងអង្គការសិទ្ធិមនុស្សដើម្បីទាមទាររកយុត្តិធម៌និងទាមទារឲ្យកោះហៅជនដៃដល់និងអ្នកបញ្ជាពីក្រោយខ្នងទៅកាត់ទោសតាមច្បាប់។ ក្រុមគ្រួសារជនរងគ្រោះមួយចំនួនទៀត ក៏បានរំលឹកឡើងវិញពីហេតុការណ៍ហិង្សា ដែលកម្លាំងប្រដាប់អាវុធចម្រុះប្រដាប់ដោយខែល កាំភ្លើងអាកា បានចេញប្រតិបត្តិការបោសសម្អាតលើផ្លូវវេងស្រេង ក្រោមលេសបង្ក្រាបជនអនាធិបតេយ្យ ហើយនៅក្នុងចំណោមកម្លាំងប្រដាប់អាវុធទាំងនោះបានធ្វើការបាញ់រះ បាញ់ស៊ីបទៅលើជនស្លូតត្រង់យ៉ាងសាហាវយង់ឃ្នងបំផុត គ្មានក្រែងញញើតច្បាប់ទម្លាប់អ្វីឡើយហើយព្រមជាមួយគ្នានោះក៏មានឧទ្ធម្ភាកចក្រ ហោះហើរល្បាតមើលទៅគួរឲ្យញាក់សាច់ ប្រៀបដូចជាសមរភូមិប្រយុទ្ធជាមួយខ្មាំងសត្រូវឈ្លានពាន ចំណែកកម្មករ កម្មការិនី មានតែបាតដៃទទេ។
គេនៅចាំបានថា ប្រជាពលរដ្ឋនៅក្នុងបន្ទប់ផ្ទះជួលក៏ត្រូវកម្លាំងប្រដាប់អាវុធធាក់ទម្លាយទ្វារចូលចាប់ធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅ បើទោះបីជាជនរងគ្រោះទាំងនោះ មិនបានស្ថិតនៅក្នុងហេតុការណ៍ក៏ដោយ ដែលសូម្បីតែនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏បានរិះគន់ទៅលើសកម្មភាពរបស់សមត្ថកិច្ចប្រដាប់អាវុធទាំងនោះដោយចំអកថា នៅទូទាំងពិភពលោកយើងនេះ មិនដែលមានប្រទេសណាមួយគេបញ្ជូនកម្លាំងប្រដាប់អាវុធឲ្យឡើងលើដំបូលផ្ទះចាំបង្ក្រាបបាតុករ ដូចហេតុការណ៍នៅលើផ្លូវវេងស្រេងនោះទេ។ មន្ត្រីជាន់ខ្ពស់ឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ក៏បានថ្កោលទោសចំពោះវិធានការបង្ក្រាបប្រជាពលរដ្ឋស្លូតត្រង់ដោយការប្រើគ្រាប់កាំភ្លើងពិតបាញ់រះផងដែរ ជាមួយនឹងពាក្យក្រើនរំលឹកថា ប្រតិបត្តិការបង្ក្រាបត្រូវតែអនុលោមទៅតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ មិនត្រូវបំពារបំពានលើសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទេ។
