
លោកប្រធាន សម រង្ស៊ី បានបំពេញបេសកកម្មដ៏មានតម្លៃទៅកាន់ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដើម្បីបញ្ជាក់ពីគោលជំហរដ៏ច្បាស់លាស់របស់គណបក្សសង្គ្រោះជាតិ ជូនជនរួមឈាមខ្មែរទូទៅ ហើយនៅតាមដងផ្លូវប្រជាពលរដ្ឋបានចេញមកទទួលអបអរស្វាគមន៍លោកប្រធាន សម រង្ស៊ី យ៉ាង
គគ្រឹកគគ្រេងសូម្បីតែមន្ត្រីរាជការមួយចំនួនក៏បាននាំឈរកាន់បដាទាមទារប្រាក់ខែ១លានរៀល ដើម្បីមានជីវភាពរស់នៅថ្លៃថ្នូរនិងសមរម្យផងដែរ។ សម្រាប់ការជួបជុំសកម្មជន និងប្រជាពលរដ្ឋនៅខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣ ក៏មានភាពគគ្រឹកគគ្រេងផុសផុល បើទោះបីជាមានការពង្រាយកម្លាំងប្រដាប់អាវុធរាប់រយនាក់ ធ្វើសកម្មភាពបិទផ្លូវបំភិតបំភ័យមិនឲ្យប្រជាពលរដ្ឋមកជួបសំណេះសំណាលជាមួយលោកប្រធាន សម រង្ស៊ី ក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែនាំគ្នាធ្វើដំណើរមកចូលរួមក្នុងពិធីជួបជុំសំណេះសំណាលនេះដូចទឹកបាក់ទំនប់គ្មានអ្វីអាចទប់ស្កាត់ឬរារាំងបានឡើយ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១២ ខែមករា លោកប្រធាន សម រង្ស៊ី ក៏បានអំពាវនាវសុំឲ្យសមត្ថកិច្ចប្រដាប់អាវុធគ្រប់ប្រភេទឈប់បាញ់សម្លាប់ខ្មែរតទៅទៀត ព្រោះយើងមានឈាមតែមួយត្រូវចេះស្រឡាញ់រួបរួមសាមគ្គីគ្នា គឺខុសធ្ងន់ណាស់ សូមបងប្អូនរក្សាភាពថ្លៃថ្នូរចេះស្រឡាញ់ខ្មែរ ចេះអាណិតឈាមខ្មែរ ស្រឡាញ់ជាតិរបស់យើង ដោយចូលរួមបេសកកម្មសង្គ្រោះជាតិទាំងអស់គ្នា។ ពេលដែលខ្មែរយើងរួមគ្នាសង្គ្រោះជាតិយើង យើងនឹងសម្រេចបាននូវគោលដៅដែលយើងខំព្យាយាមតស៊ូតាំងពីយូរយារណាស់មកហើយ អ្វីៗនឹងក្លាយជាការពិតក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះជាមិនខាន”។
លោកប្រធាន សម រង្ស៊ី បានមានប្រសាសន៍ទៀតថា គោលដៅរបស់យើងនៅចំពោះមុខ ហើយយុទ្ធសាស្ត្រ របស់គណបក្សសង្គ្រោះជាតិគឺច្បាស់លាស់ណាស់ យើងត្រូវតែដើរឲ្យដល់គោលដៅរបស់យើង ដោយអហិង្សាគឺយើងបំផុសបំផុលកម្លាំងប្រជាពលរដ្ឋតែអត់មានបំពាក់អាវុធអត់មាននាំទៅធ្វើសង្គ្រាមបង្ហូរឈាមតទល់គ្នានោះទេ ហើយជាយុទ្ធសាស្ត្រក្នុងការសម្រេចគោលដៅអ្វីមួយ មានវិធីច្រើនបែបយ៉ាង តែមេទ័ពដែលពូកែតាមបទពិសោធន៍ក្នុងប្រវត្តិសាស្ត្រ គឺជាមេទ័ពដែលចេះដឹកនាំកម្លាំងរបស់ខ្លួនដណ្តើមយកជ័យជំនះដោយមិនចាំបាច់ធ្វើសង្គ្រាម ដោយគ្មានការបង្ហូរឈាម។ លោកប្រធាន សម រង្ស៊ី បានបញ្ជាក់ទៀតថា ជោគជ័យបែបនេះ គេហៅថាជាជោគជ័យដ៏ត្រចះត្រចង់ ព្រោះបើយើងបង្ហូរឈាមគ្នា សម្លាប់គ្នា ជ័យជំនះរបស់យើងមិនបានយូរអង្វែងទេ មានការប្រទាញប្រទង់គ្នាទៅវិញទៅមកឧទាហរណ៍ថ្ងៃនេះយើងឈ្នះដោយការសម្លាប់គេ ថ្ងៃណាមួយគេមកវិញសម្លាប់យើងក៏មានដែរ គឺអត់ចប់ទេ ដូច្នេះជ័យជំនះដែលពិតប្រាកដ ជ័យជំនះដ៏ថ្លៃថ្នូរ ជ័យជំនះជាស្ថាពរ គឺជ័យជំនះដែលយើងបានមកដោយសន្តិវិធី។
Labels:
ព័ត៌មានជាតិ
Previous Article
