នៅថ្ងៃចន្ទម្សិលមិញនេះ ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ បានទាមទារអោយបញ្ឈប់សកម្មភាពបង់ប្រាក់ថ្នូរដល់ក្រុមភេរវជននានា ដើម្បីដោះដូរចំណាប់ខ្មាំង ដូចដែលប្រទេសមួយចំនួនធ្លាប់បានធ្វើ ក្នុងពេលកន្លងមកនោះ។ ក្នុងការដោះដូរចំណាប់ខ្មាំងនេះ ក្រុមជ្រុលនិយមដែលចាប់មនុស្សមកធ្វើជាចំណាប់ខ្មាំង ប្រមូលបានប្រាក់ចំណូលជាងមួយរយលានដុល្លារ មកហើយ។
សម្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ការបង់ប្រាក់ថ្នូរដើម្បីដោះដូរចំណាប់ខ្មាំង គឺជាសកម្មភាពផ្តល់ប្រាក់កាសអោយដល់ក្រុមភេរវជន។ វាការលើកទឹកចិត្តដល់ក្រុមជ្រុលនិយមនានា អោយបន្តសកម្មភាពចាប់មនុស្សធ្វើជាចំណាប់ខ្មាំង បន្តទៅទៀត។
នៅថ្ងៃចន្ទម្សិលមិញ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសអង់គ្លេសបានលើកបង្ហាញគំរោង ស្តីពីការបញ្ឈប់សកម្មភាពបង់ប្រាក់ដល់ក្រុមភេរវជន រឺក្រុមជ្រុលនិយមផ្សេងៗ ដើម្បីជាថ្នូរដោះលែងចំណាប់ខ្មាំងមកវិញនេះ។ យោងតាមអង់គ្លេស ជាង៣ឆ្នាំកន្លះ មកនេះ ក្រុមជ្រុលនិយមជាច្រើន រឺក៏ក្រុមភេរវជននានាដែលជាប់ពាក់ព័ន្ធនឹងក្រុមអាល់កៃដា បានទទួលចំណូលផ្ទាល់ខ្លួន ប្រមាណ១០៥លានដុល្លារមកហើយ។ រីឯអាមេរិកបានវាយតំលៃថា ក្នុងរវាង១០ឆ្នាំមកនេះ ក្រុមជ្រុលនិយមបានទទួលប្រាក់ចំណូលប្រមាណ១២០លានដុល្លាររួចមកហើយ។
កន្លងមក ស្របតាមសេចក្តីសំរេចអនុម័តក្នុងឆ្នាំ២០០១ ប្រទេសជាច្រើនបានសម្រេចថា លែងផ្តល់ប្រាក់ថ្នូរនឹងចំណាប់ខ្មាំង ដល់ក្រុមភេរវជន ទៀតហើយ។ សេចក្តីសំរេចរបស់អង្គការសហប្រជាជាតិគ្រោងអោយប្រទេសសមាជិកខ្លួនទាំងអស់ ធ្វើយ៉ាងណាហាមឃាត់ក្រុមភេវរជនមិនអោយទទួលបានប្រាក់ថ្នូរ ទោះដោយផ្ទាល់ រឺក៏ដោយប្រយោលក្តី។ សេចក្តីសម្រេចនេះ ក៏ហាមមិនអោយរដ្ឋាភិបាលប្រទេសនានា ព្រមចុះចាញ់ដោយផ្តល់ប្រយោជន៍នយោបាយណាមួយ ដល់ក្រុមភេរវជនផងដែរ។
បារាំងធ្លាប់បានសន្យាថាលែងផ្តល់ប្រាក់ថ្នូរដោះដូរចំណាប់ខ្មាំង ដល់ក្រុមជ្រុលនិយមទៀតហើយ។ ប៉ុន្តែ ឆ្នាំមុន បារាំងបានបដិសេធការចោទប្រកាន់របស់អ្នកការទូតអាមេរិកមួយរូប ដែលបានអះអាងថា រដ្ឋាភិបាលក្រុងប៉ារីសបានផ្តល់ប្រាក់១៧លានដុល្លារ ដើម្បីសម្រួលការដោះលែងចំណាប់ខ្មាំងបារាំង៣រូប នៅនីហ្សេ។
សារព័ត៌មានរ៉យតឺ បានស្រង់របាយការណ៍រដ្ឋាភិបាលនីហ្សេដែលបានលើកឡើងថា ក្រុមឧទ្ទាមអ៊ីស្លាមបូកូអារ៉ាំ បានទទួលប្រយោជន៍ប្រមាណ៣លាន១សែន៥ពាន់ដុល្លារ ពីអាជ្ញាធរបារាំង និងអាជ្ញាធរកាំម៉ឺរូន កាលពីខែមេសា ឆ្នាំ២០១៣ ហើយក្រុមនេះបានដោះលែងចំណាប់ខ្មាំងបារាំង៧រូប៕