នៅថ្ងៃអង្គារនេះ សភាអ៊ុយក្រែនបានសម្រេចលុបចោលច្បាប់ប្រឆាំងបាតុកម្ម ជាច្បាប់ដាក់ពង្រឹងទោសរបស់សកម្មជនដែលធ្វើបាតុកម្មក្នុងប្រទេស។ ទន្ទឹមនេះដែរ ដើម្បីបន្ថយភាពតានតឹង ប្រឈមនឹងបាតុកម្មប្រឆាំងរដ្ឋាភិបាល នាពេលបច្ចុប្បន្ននេះ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក មីកូឡា អាហ្សារ៉ូវ បានសរសេរលិខិតសុំលាលែងចេញពីតំណែង។ ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី អាចអោយសមាជិករដ្ឋាភិបាលទាំងមូលចុះពីអំណាចផងដែរ។
នៅអ៊ុយក្រែនថ្ងៃអង្គារនេះ ប្រធានាធិបតីវ៉ិចទ័រ យ៉ានូកូវិច បានយល់ព្រមអោយនាយករដ្ឋមន្ត្រី មីកូឡា អាហ្សារ៉ូវ លាលែងពីតំណែង តាមសំណូមពរ។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនបានសម្រេចចិត្តលាលែងពីតំណែង ដើម្បីបន្ថយភាពតានតឹងក្នុងប្រទេស ប្រឈមនឹងបាតុករដែលមិនពេញចិត្តនឹងការដែលរដ្ឋាភិបាល បានផ្អាកការចុះហត្ថលេខាបង្កើតដៃគូយុទ្ធសាស្ត្រជាមួយសហភាពអឺរ៉ុប និងការដែលសភាបានអនុម័តច្បាប់ប្រឆាំងបាតុកម្ម កាលពីថ្ងៃ១៦មករា។
លោក អាហ្សារ៉ូវ អាយុ៦៦ឆ្នាំ បានត្រូវតែងតាំងជានាយករដ្ឋមន្ត្រី ក្រោយពេលលោក យ៉ានូកូវិច ទទួលជោគជ័យក្នុងការបោះឆ្នោតប្រធានាធិបតី ក្នុងខែកុម្ភៈ ឆ្នាំ២០១០។ សម្រាប់លោក អាហ្សារ៉ូវ ការលាលែងពីតំណែងរបស់លោក គឺជម្រើសផ្ទាល់ខ្លួនរបស់លោក។ លោកគិតថា បាតុកម្មប្រឆាំងរដ្ឋាភិបាលដែលកំពុងបន្តរ៉ាំរ៉ៃក្នុងប្រទេស នៅពេលនេះ គឺជាការគំរាមដល់សេដ្ឋកិច្ចអ៊ុយក្រែន។ ក្នុងការដឹកនាំរដ្ឋាភិបាល លោកអាហ្សារ៉ូវ ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ព្យាយាមអោយរូបិយបណ្ណអ៊ុយក្រែន អាចប្រណាំងប្រជែងជាមួយដុល្លារអាមេរិកបាន។
បន្ទាប់ពីលោកអាហ្សារ៉ូវបានលាលែងពីតំណែង សភាបានបើកអង្គប្រជុំ លុបចោលច្បាប់ប្រឆាំងបាតុកម្មផងដែរ។ គួររំលឹកថា ច្បាប់ប្រឆាំងបាតុកម្មអ៊ុយក្រែន មានទិសដៅពង្រឹងទណ្ឌកម្មបន្ថែមដល់ក្រុមបាតុករ។ ច្បាប់នេះអាចអោយបាតុករដែលបានបង្កការរាំងស្ទះអគាររដ្ឋនានា អាចជាប់គុករហូត៥ឆ្នាំ។ ហើយក៏ដាក់ពិន័យដល់បាតុករដែលរុំមុខ រឺក៏ពាក់មួកសុវត្ថិភាព ដូចជាក្រុមបាតុករដែលកំពុងតែចុះតាមដងផ្លូវនៅក្រុងខៀវ បច្ចុប្បន្ននេះដែរ។
ក្រុមបាតុករបានស្វាគមន៍ការលុបចោលច្បាប់ប្រឆាំងបាតុកម្មនេះ។ ទោះយ៉ាងនេះក្តី មេដឹកនាំក្រុមប្រឆាំងជាច្រើនរូប នៅតែប្រកាសថា នឹងបន្តការតស៊ូតទៅទៀត។
កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីយ៉ានូកូវិច បានស្នើផ្តល់តំណែងខ្ពស់អោយមេដឹកនាំបក្សប្រឆាំងពីររូប អោយបានចូលរួមធ្វើការជាមួយបក្សកាន់អំណាចក្នុងរដ្ឋាភិបាល។ ប៉ុន្តែ បក្សប្រឆាំងបានបដិសេធ ព្រោះគិតថា នេះជាអន្ទាក់របស់ប្រធានាធិបតីអ៊ុយក្រែន ដើម្បីបំបែកបំបាក់សមាជិកគណបក្សប្រឆាំង៕
Labels:
ព័ត៌មានអន្តរជាតិ