រដ្ឋាភិបាល បើក​កិច្ច​ប្រជុំ​ទូលាយ ដើម្បី​ត្រួត​ពិនិត្យ​នយោបាយ​កំណែ​ទម្រង់​របស់​ខ្លួន​



ដោយ ប៉ែន បូណា
ដូច​ការគ្រោងទុក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​កិច្ចប្រជុំ​បើកទូលាយ​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ដើម្បី​ត្រួត​ពិនិត្យមើល​ឡើងវិញ​នូវ​គោលនយោបាយ​កំណែទម្រង់​របស់ខ្លួន។ កិច្ចប្រជុំ​បើកទូលាយ​នេះ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​ទីស្តីការគណៈរដ្ឋមន្ត្រី​ដោយមាន​ការចូលរួម​យ៉ាង​
ទូលំទូលាយ​ពី​ន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ។ រដ្ឋាភិបាល​ក៏​ទើបតែ​បាន​បង្កើត​ក្រុមការងារ​ចុះ​ពង្រឹង​ការកែទម្រង់​ដល់​មូលដ្ឋាន​ផងដែរ។បួន​ខែ​ក្រោយពី​បើកប្រជុំ​គណៈរដ្ឋមន្ត្រី​លើកដំបូង រដ្ឋាភិបាល​អាណត្តិ​ទី៥របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តើម​ពិនិត្យមើល​ឡើងវិញ​អំពី​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់ខ្លួន។ ការ​ពិនិត្យមើល​កំណែទម្រង់​នេះ​បាន​ធ្វើឡើង​តាមរយៈ​កិច្ចប្រជុំ​បើកទូលាយ​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ក្រោម​វត្តមាន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន។
 
កិច្ចប្រជុំ​ពិសេស​ថ្ងៃនេះ​ក៏មាន​ការចូលរួម​យ៉ាង​ទូលំទូលាយ​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន។ កិច្ចប្រជុំ​នេះ​ក៏​ដើម្បី​ផ្សព្វផ្សាយ​ពី​សេចក្តីសម្រេច​ថ្មី​របស់​រដ្ឋាភិបាល​ផងដែរ។ សេចក្តីសម្រេច​ដែល​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ចុះហត្ថលេខា​កាលពី​ថ្ងៃទី ២៧ មករា និយាយ​អំពី​ការបង្កើត​ក្រុមការងារ​ចម្រុះ​ចុះ​មូលដ្ឋាន​ដើម្បី​ត្រួតពិនិត្យ​កំណែទម្រង់​នានា​របស់​រដ្ឋាភិបាល។
 
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហើប​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថា កិច្ចប្រជុំ​បើកទូលាយ​ថ្ងៃនេះ​មាន​គោលដៅ​ពិនិត្យ​វាយតម្លៃ និង​ជំរុញ​ល្បឿន​នៃ​កម្មវិធី​កំណែទម្រង់​នានា​ដែល​រាជរដ្ឋាភិបាល​អាណត្តិ​ទី៥បានប្រកាស​ដាក់ចេញ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដំបូង​កាលពី​ថ្ងៃទី ២៥ កញ្ញា ឆ្នាំ ២០១៣ ។
 
គេ​នៅ​ចាំបាន​ថា ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដំបូង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានទទួល​ស្គាល់​ចំណុច​ខ្វះខាត​ជាច្រើន​របស់​មន្ត្រី​រដ្ឋាភិបាល​និង​អាជ្ញាធរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​គណបក្សកាន់អំណាច​ធ្លាក់ចុះ​ប្រជាប្រិយភាព​យ៉ាងគំហុគ​ក្នុងការ​បោះឆ្នោត​សភា​អាណត្តិ​ទី។ លោកនាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​មន្ត្រី​របស់ខ្លួន​ឲ្យ​ឆ្លុះកញ្ចក់​ដុះក្អែល​ឲ្យ​បាន​ស្អាត​ដោយ​ខ្លួនឯង ប្រសិនបើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​នឹង​ចាប់​ដុះក្អែល​ឲ្យ​ដោយ​បង្ខំ។
 
ក្នុងចំណោម​កំណែទម្រង់​ដែល​ត្រូវបាន​ប្រកាសឡើង ការ​បង្ខិត​មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​អាជ្ញាធរ​ឲ្យ​ទៅ​កៀក​នឹង​ប្រជាពលរដ្ឋ​គឺជា​ចំណុច​គន្លឹះ​មួយ។ ការរៀបចំ​វេទិកាសាធារណៈ​ត្រូវបាន​រដ្ឋាភិបាល​ជ្រើសរើស​ជា​មធ្យោបាយ​ដើម្បី​សម្រេច​គោលដៅ​នេះ។ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏​នឹងត្រូវ​ធ្វើ​បទ​បង្ហាញ​អំពី​បញ្ហា​ជាច្រើន​ជូន​អង្គប្រជុំ​ផងដែរ។ នេះ​បើ​យោងតាម​ការប្រកាស​ឲ្យ​ដឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors