ចុះស៊ើបអង្កេត និងជួយកែលំអពីភាពមិនប្រក្រតីកំពុងកើតមានក្នុងពន្ធនាគារខេត្តតាកែវ។
មន្ត្រីពន្ធនាគារខេត្តតាកែវ ស្នើមិនបញ្ចេញឈ្មោះ និងសំឡេង បានចោទ លោក គង់ ស៊ីថា ប្រធានពន្ធនាគារខេត្តតាកែវ ថាបានប្រព្រឹត្តអំពើពុករលួយកិបកេងថវិកាសម្រាប់ចំណាយទៅលើអាហារហូបចុកប្រចាំថ្ងៃរបស់អ្នកទោស និងយកសាច់ញាតិ ឬប្រពន្ធខ្លួនមកចាត់ចែងការងារខ្លះក្នុងស្ថាប័ននេះ។ ជាងនេះ ប្រភពក៏បានចោទ លោក គង់ ស៊ីថា ថាបានគាបសង្កត់ទៅលើមន្ត្រីក្រោមឱវាទ និងមានបក្ខពួកនិយមធ្ងន់ធ្ងរ នាំឲ្យមន្ត្រីមានឋានៈតូចទាប មិនពេញចិត្តចំពោះទង្វើរបស់លោកទេ។
ឆ្លើយតបបញ្ហានេះ លោក គង់ ស៊ីថា ប្រធានពន្ធនាគារខេត្តតាកែវ បានបដិសេធថា មិនបានប្រព្រឹត្តអំពើពុករលួយ ឬមានបក្ខពួកនិយមដូចមន្ត្រីក្រោមឱវាទខ្លួនចោទទេ។ លោកចាត់ទុកការចោទប្រកាន់មកលើរូបលោក ថាជាការមួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះ៖ «ខ្ញុំអត់ដែលធ្វើអ៊ីចឹងទេ បានរឿងហ្នឹងពីណាមក។ និយាយខុសពីការពិត ខ្ញុំមិនដែលកិបកេងអីទេ។ និយាយបំផ្លើសការពិតសុទ្ធសាធ»។
ទោះជាបែបណា មន្ត្រីអង្គការការពារសិទ្ធិមនុស្ស និងគ្រួសារអ្នកទោសមួយចំនួន បានអះអាងថា លោក គង់ ស៊ីថា ពិតជាបានបង្កើតឲ្យមានគ្រួសារនិយម និងប្រព្រឹត្តអំពើពុករលួយមួយចំនួននៅក្នុងពន្ធនាគារខេត្តតាកែវ ដូចមន្ត្រីក្រោមឱវាទចោទពិតមែន។
ទាក់ទិនបញ្ហានេះ លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតអង្គការលីកាដូ (Licadho) មានប្រសាសន៍ថា បានទទួលស្គាល់ថា ពន្ធនាគារមួយចំនួនក្នុងប្រទេសកម្ពុជា ពិតជាកើតមានករណីប្រព្រឹត្តិអំពើពុករលួយគាបយកលុយពីគ្រួសារអ្នកទោសមួយចំនួនពិតមែន៖ «កាលណាបើមានព័ត៌មានអ៊ីចឹង ស្ថាប័នពាក់ព័ន្ធ ឬអង្គភាពប្រឆាំងអំពើពុករលួយ គួរតែបើកការស៊ើបអង្កេត ដើម្បីបង្ហាញពីតម្លាភាព និងផ្តល់យុត្តិធម៌។ ហើយបើយើងរកទៅឃើញថា វាមានពាក់ព័ន្ធមែន អាហ្នឹងយើងចាត់វិធានការតាមផ្លូវច្បាប់ទៅ។ ហើយបើរកមិនឃើញទេ យើងត្រូវប្រកាសថា មិនមានភាពមិនប្រក្រតីទាំងនោះទេ។ ខ្ញុំនៅតែជឿថា វាអាចមានបុគ្គលខ្លះដែលអាចប្រព្រឹត្តអំពើពុករលួយនៅក្នុងពន្ធនាគារមួយចំនួន។ រឿងនេះ បើសិនជាយើងមិនបានធ្វើទេ វាចេះតែរីករាលដាលច្រើនទៅៗ»។
យ៉ាងណាក៏ដោយ បុគ្គលិកពន្ធនាគារខេត្តតាកែវ ជាច្រើនរូបបានទទូចដល់ថ្នាក់នាំក្រសួងមហាផ្ទៃ ឬស្ថាប័នពាក់ព័ន្ធ ជួយមានវិធានការកែលំអពីភាពមិនប្រក្រតីរបស់ លោក គង់ ស៊ីថា ប្រធានពន្ធនាគារខេត្តតាកែវ ជាបន្ទាន់។
មន្ត្រីបម្រើការនៅក្នុងពន្ធនាគារខេត្តតាកែវ សរុបមានចំនួន ៧៥នាក់ ហើយអ្នកទោសដែលកំពុងជាប់ក្នុងពន្ធនាគារនេះមានជិត ៣០០នាក់៕
ប្រភព៖RFA Labels: ព័ត៌មានជាតិ